- ថ្ងៃសៅរ៍ ទី២៦ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៧:៥៩ នាទី ល្ងាច

ភ្នំពេញ៖ រយៈពេល៣ឆ្នាំ មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មីតេជោ (Techo Startup Center) បានផ្តល់ការបណ្ដុះបណ្តាលចំណេះដឹងផ្នែកឌីជីថល ដល់ម្ចាស់សហគ្រាស និងធនធានមនុស្ស ក្នុងសហគ្រាស ធុនតូច-មធ្យម និងមីក្រូ (MSMEs) ចំនួន ៦៣ ០០០នាក់ តាមរយៈកម្មវិធី បដិវត្តកម្មឌីជីថលសហគ្រាស Enterprises Go Digital (EGD)។ កម្មវិធីនេះ បង្កើតឡើងក្នុងគោលបំណង ពង្រឹងសមត្ថភាពការចាប់យកឌីជីថល របស់សហគ្រាសគ្រប់កម្រិត ក្នុងជំនាន់សេដ្ឋកិច្ច និងធុរកិច្ចឌីជីថល និងបង្កើនការរួមចំណែករបស់វិស័យឯកជន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល ប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន។ មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មីតេជោ ទទួលបន្ទុកអនុវត្តកម្មវិធីនេះ ដោយមានការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF)។
មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មីតេជោ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពី នីតិវិធីរួមនៃការគ្រប់គ្រងកម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាស ក្រោមប្រធានបទ «តស់! ចាប់យកឌីជីថល» ដែលមានអ្នកចូលរួមពីបណ្ដាសហគ្រាស និងអាជីវកម្មគ្រប់ធុនប្រមាណ១៧០នាក់។ សិក្ខាសាលានេះ ស្ថិតក្នុងកម្មវិធីបដិវត្តកម្មឌីជីថលសហគ្រាស ដែលទទួលបានការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) រៀបចំឡើងនៅសណ្ឋាគារសុខាភ្នំពេញ។
ក្នុងសិក្ខាសាលា លោក គី សុខគីម នាយកប្រតិបត្តិ នៃមូលនិធិអភិវឌ្ឍន៍ជំនាញ លើកឡើងថា កន្លងមកមូលនិធិអភិវឌ្ឍន៍ជំនាញ បានរួមចំណែកគាំទ្រដល់ការបណ្ដុះបណ្ដាលជំនាញលើគ្រប់វិស័យសម្រាប់សហគ្រាសធុនតូច-មធ្យម និងមីក្រូ សរុបចំនួន ៣៥ ០០០នាក់។ ក្នុងនោះវិស័យឌីជីថលមានចំនួន ៩ ២០០នាក់ ស្មើនឹង២០ភាគរយ។
លោក គី សុខគីម បញ្ជាក់ថា តាមរយៈកិច្ចសហការគាំទ្ររវាងមូលនិធិអភិវឌ្ឍន៍ជំនាញ និងមជ្ឈមណ្ឌលបណ្ដុះធុរៈកិច្ចថ្មីតេជោ សម្រាប់កម្មវិធីបដិវត្តកម្មឌីជីថលសហគ្រាស បានបណ្ដុះបណ្ដាលសហគ្រិនចំនួន ៦៣ ០០០នាក់ លើជំនាញឌីជីថល ដែលមានទាំងបុគ្គលិក ថ្នាក់ដឹកនាំ និងម្ចាស់សហគ្រាស។ លោក សុខគីម អះអាងថា EGD ជាកញ្ចប់កម្មវិធី ដែលមានទាំងការបណ្ដុះបណ្ដាលសមត្ថភាព ពង្រីកចំណេះដឹងបច្ចេកវិទ្យា ដើម្បីផ្សាភ្ជាប់ទៅខ្សែច្រវ៉ាក់ផលិតកម្មក្នុងស្រុក និងក្នុងតំបន់ អនុវត្តបានរយៈពេល៣ឆ្នាំហើយ។
លោក សុខគីម លើកឡើងថា៖ «ទាក់ទងនឹងវិស័យឌីជីថល ក្នុងចំណោម ៣៥ ០០០នាក់ គឺយើងជួយបាន ៩ ២០០នាក់ ស្មើនឹង ២០ភាគរយ។ ទាក់ទងនឹងមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មីតេជោ បានជួយដល់ ៦ ៣០០នាក់ អនុវត្តបានរយៈពេល៣ឆ្នាំ ជាកញ្ចប់កម្មវិធី ដែលមានទាំងការបណ្ដុះបណ្ដាលសមត្ថភាព ពង្រីកចំណេះដឹងបច្ចេកវិទ្យា ដើម្បីផ្សាភ្ជាប់ទៅខ្សែច្រវ៉ាក់ផលិតកម្មក្នុងស្រុក និងក្នុងតំបន់»។
ក្រៅពីមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មីតេជោ មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ក៏បានសហការជាមួយរោងចក្រសហគ្រាសចំនួន ៤៥០ សមាគមធុរកិច្ចចំនួន២២ និងគ្រឹះស្ថានបណ្ដុះបណ្ដាលចំនួន៦២ ដើម្បីគាំទ្រដល់ការបណ្ដុះបណ្ដាលជំនាញដល់បុគ្គលិក ថ្នាក់ដឹកនាំ និងម្ចាស់សហគ្រាស លើផ្នែកបច្ចេកទេស ទាំងជំនាញរឹង និងជំនាញទន់ មានដូចជាការគ្រប់គ្រង ទំនាក់ទំនង ដំណោះស្រាយបញ្ហា និងប្រើប្រាស់បច្ចេកវិទ្យាជាដើម។
លោក តាំង ងួនលី នាយកប្រតិបត្តិមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មីតេជោ លើកឡើងថា កម្មវិធីបដិវត្តកម្មឌីជីថលសហគ្រាស Enterprises Go Digital (EGD) បង្កើតឡើងក្នុងបំណងពង្រឹងសមត្ថភាពការចាប់យកឌីជីថលរបស់សហគ្រាស តាមរយៈការធ្វើបដិវត្តកម្មឌីជីថលរបស់សហគ្រាស ដើម្បីជំរុញឱ្យសហគ្រាសគ្រប់កម្រិតអាចក្លាយជាភ្នាក់ងារដ៏សកម្ម ក្នុងជំនាន់សេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល និងបង្កើនការរួមចំណែករបស់វិស័យឯកជនក្នុងការអភិវឌ្ឍ សេដ្ឋកិច្ច និងធុរកិច្ចឌីជីថល។
«កម្មវិធីបដិវត្តកម្មឌីជីថលសហគ្រាស Enterprises Go Digital (EGD) នឹងក្លាយជាផ្នែកមួយជួយជំរុញការចាប់យកឌីជីថលរបស់សហគ្រាសគ្រប់កម្រិត និងគ្រប់វិស័យ ដើម្បីពង្រឹងប្រសិទ្ធភាព ប្រតិបត្តិការធុរកិច្ច ធានាបាននូវចីរភាពនៃអាជីវកម្ម បង្កើនផលិតភាព ពង្រីកទីផ្សារ ភ្ជាប់នឹងខ្សែច្រវាក់ផលិតកម្ម និងបង្កើនប្រសិទ្ធិភាពសេដ្ឋកិច្ច»។ នេះជាការលើកឡើងរបស់លោក តាំង ងួនលី។
កម្មវិធីបដិវត្តកម្មឌីជីថលសហគ្រាស EGD បែងចែកការបណ្ដុះបណ្ដាលលើកម្មវិធីចម្បងចំនួន៦ មានការស្វែងយល់ពីបដិវត្តកម្មឌីជីថល,ការចាប់ផ្ដើមដំណើរបដិវត្តកម្មឌីជីថលសហគ្រាស, ការធ្វើសមាហរណកម្មក្នុងខ្សែច្រវាក់តម្លៃ, ការពង្រឹងសមត្ថភាពប្រកួតប្រជែង, តស់ចាប់យកឌីជីថល និងបដិវត្តកម្មឌីជីថលសម្រាប់សេដ្ឋកិច្ចឌីជីថល។
លោក តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ដែលជាដៃគូបណ្ដុះបណ្ដាលជំនាញ ក្នុងកម្មវិធីបដិវត្តកម្មឌីជីថល សហគ្រាស EGD លើកឡើងថា សហគ្រាសតូច-មធ្យមកម្ពុជា បច្ចុប្បន្ននៅមានកម្រិត ពិសេសក្នុងវិស័យឌីជីថល។
លោក តែ តាំងប៉ យល់ថា ការបណ្ដុះបណ្ដាលជំនាញលើផ្នែកបច្ចេកវិទ្យាឌីជីថល ដល់សហគ្រិនតូច មធ្យម និងមីក្រូសហគ្រាស គឺជាកត្តាចម្បង និងសំខាន់ក្នុងការជំរុញល្បឿននៃសេដ្ឋកិច្ច និងការធ្វើទីផ្សារអាជីវកម្មល្អប្រសើរស្របតាមបរិបទឌីជីថលបច្ចុប្បន្ន។ អ្នកជំនាញរូបនេះ យល់ថា សហគ្រាសតូច និងមធ្យម រួមទាំងមីក្រូសហគ្រាស ចាំបាច់បំផុតត្រូវ មានចំណេះដឹងផ្នែកឌីជីថល ដើម្បីផ្សារភ្ជាប់អាជីវកម្មខ្លួនក្នុងបរិបទឌីជីថល។
«បើយើងមិនជំរុញគាត់ (សហគ្រិន) ទេ SMEs យើងមិនអាចភ្ជាប់ក្នុងសម័យទំនើបទេ។ បញ្ហាប្រឈមដូចសព្វថ្ងៃ ធនធានយើងនៅមានកម្រិតទាប មិនដូចបណ្ដាប្រទេសគេទេ ។ គេចេញពីសាលាមក គេចេះប្រើទាំងអស់ ក្នុងប្រទេសជឿនលឿន តែយើងអត់ទេ។ SMEs យើងនៅមានកម្រិតទាប។ ឥឡូវមិនត្រឹម SMEs ទេ ឈានដល់ MSMEs អាជីវកម្មក្រៅ ប្រព័ន្ធ ដែលមានជាង ៧០ម៉ឺនសហគ្រាស ក្នុងឆ្នាំ២០២៤»។ នេះជាការលើកឡើងរបស់ លោក តែ តាំងប៉ ដែលបានបន្តលើកទឹកចិត្ត ម្ចាស់អាជីវកម្មក្រៅប្រព័ន្ធ និងសហគ្រាស ធុនតូច-មធ្យមទាំងអស់ ឱ្យស្វែងយល់ និងសិក្សាពីបច្ចេកវិទ្យានានា ដើម្បីអភិវឌ្ឍន៍អាជីវកម្មខ្លួនឱ្យកាន់តែប្រសើរ និងបង្កើនសេដ្ឋកិច្ច៕
អ្នកសរសេរអត្ថបទ
ដាណេ បានចូលបម្រើការងារនៅសារព័ត៌មានឌីជីថលថ្មីៗ និងថ្មីៗ២៥ នៅខែតុលា ឆ្នាំ២០១៩ ចាប់ផ្ដើមពីអ្នកហាត់ការ។ បច្ចុប្បន្ន ដាណេ ជាអ្នកសារព័ត៌មានផ្នែកវីដេអូ នៅថ្មីៗ២៥ ដែលផ្ដោតលើព័ត៌មានសង្គម ទេសចរណ៍ និងផលិតវីដេអូព័ត៌មានតាមទូរសព្ទដៃ។
