ទីភ្នាក់ងារថាមពលអន្តរជាតិព្រមានថា តម្លៃប្រេងនឹងបន្តធ្លាក់ចុះ
  • ថ្ងៃសៅរ៍ ទី២៦ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៨:២៩ នាទី យប់
ទីភ្នាក់ងារថាមពលអន្តរជាតិព្រមានថា តម្លៃប្រេងនឹងបន្តធ្លាក់ចុះ
ស្ថានីយខួងប្រេងមួយកន្លែងនៅកាលីហ្វ័រញ៉ា អាម៉េរិក ។ រូបភាព ៖ AFP

នាយកប្រតិបត្តិនៃទីភ្នាក់ងារថាមពលអន្តរជាតិ (IAE) លោក Fatih Birol បានព្រមានថា ការកើនឡើងសម្ពាធភូមិសាស្ត្រនយោបាយ គឺជាបញ្ហាប្រឈមចំពោះសន្តិសុខថាមពល។ លោកបានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីធានាសន្តិសុខថាមពល ក្នុងបរិបទដែលពិភពលោកកំពុងប្រឈមមុខបញ្ហាចម្បងក្នុងការផ្គត់ផ្គង់ប្រេង ឧស្ម័ន និងសារធាតុរ៉ែសំខាន់ៗ។

TTN-Free-Banner-In-Article-PC

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានជាតិរបស់អេមីរ៉ាតអារ៉ាប់រួម នៅថ្ងៃទី២៥ ខែមេសា លោក Fatih Birol បានសង្កត់ធ្ងន់លើតម្រូវការក្នុងការស្វែងរកចំណុចរួមមួយ រវាងប្រទេសនានានៅពេលមានការបែងចែកភូមិសាស្ត្រនយោបាយកំពុងកើនឡើង។ 

លោក Birol បានព្រមានថា គ្មានប្រទេសណាអាចដោះស្រាយបញ្ហាថាមពលតែម្នាក់ឯងបានទេ។ ខណៈពេលលោក Birol មិនបានបញ្ចេញឈ្មោះប្រទេសជាក់លាក់ណាមួយដែលទទួលខុសត្រូវចំពោះការបែកបាក់នោះ គោលនយោបាយរបស់រដ្ឋបាលអាម៉េរិក និងការគំរាមកំហែងនៃសង្គ្រាមពាណិជ្ជកម្មកំពុងប៉ះពាល់ដល់តម្លៃប្រេងទូទាំងពិភពលោក។

នាយកប្រតិបត្តិរបស់ IEA បានដឹកនាំកិច្ចប្រជុំកំពូលអនាគតនៃសន្តិសុខថាមពលនៅអង់គ្លេស។ ព្រឹត្តិការណ៍នេះបានធ្វើឡើងក្នុងរយៈពេលជាង ២ថ្ងៃ ហើយបានបញ្ចប់នៅរសៀលថ្ងៃទី២៥ ខែមេសា។ 

លោក Birol បាននិយាយថា សន្និសីទនេះគឺជាជោគជ័យមួយដោយមានតំណាងមកពី ៦០ប្រទេសមកពីទ្វីបចំនួន៥ ក៏ដូចជាក្រុមហ៊ុនប្រេងធំៗ រួមមាន ExxonMobil, Adnoc និង Shell ។ អ្នកនាំចេញប្រេងប្រហែល ១៥នាក់ អ្នកផលិតថាមពលកកើតឡើងវិញសំខាន់ៗ និងម្ចាស់នៃប្រាក់បញ្ញើរ៉ែសំខាន់ៗដូចជា ទង់ដែង លីចូម និងស័ង្កសី ក៏បានចូលរួមសន្និសីទនេះ។

វិស័យថាមពលរបស់ពិភពលោកបាន និងកំពុងផ្លាស់ប្តូរកាន់តែច្រើនឆ្ពោះទៅរកឥន្ធនៈហ្វូស៊ីល ចាប់តាំងពីលោក ដូណាល់ ត្រាំ បានជាប់ឆ្នោតជាប្រធានាធិបតីអាម៉េរិកម្តងទៀត។ ទន្ទឹម​នេះ គោលនយោបាយ​ពន្ធគយ​ថ្មី​របស់​អាម៉េរិក​ក៏​នាំ​ឲ្យ​មាន​ភាព​មិន​ប្រាកដប្រជា​សម្រាប់​សេដ្ឋកិច្ច​ពិភពលោក។ 

ចំពេលតម្លៃប្រេងប្រែប្រួល លោក Birol បានព្យាករថា «តម្លៃប្រេងនឹងបន្តធ្លាក់ចុះ»។ តម្លៃប្រេងអាចស្ថិតនៅក្រោមសម្ពាធធ្លាក់ចុះបន្ថែមទៀត ដោយសារតែភាពមិនច្បាស់លាស់នៃសង្រ្គាមពាណិជ្ជកម្ម។ ប្រសិនបើដំណើរបច្ចុប្បន្ននៅតែបន្ត តម្រូវការប្រេងពិភពលោកនឹងរងផលប៉ះពាល់អវិជ្ជមាន។ លោក Birol បាននិយាយថា ភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក និងសង្រ្គាមពាណិជ្ជកម្ម កំពុងធ្វើឱ្យទស្សនវិស័យសេដ្ឋកិច្ចកាន់តែមានភាពមិនច្បាស់លាស់ និងចុះខ្សោយ។

ស្របពេលមានការអះអាងថា ប្រេង និងឧស្ម័ននឹងនៅតែជាប្រភពថាមពលដ៏សំខាន់សម្រាប់ច្រើនឆ្នាំខាងមុខ លោក Birol ក៏បានចង្អុលបង្ហាញពីហានិភ័យភ្លាមៗចំពោះការផ្គត់ផ្គង់ថាមពល រួមទាំងបញ្ហាក្នុងការដឹកជញ្ជូនប្រេងតាមរយៈសមុទ្រក្រហម ដោយសារតែការគំរាមកំហែងនៃការវាយប្រហារពីកងកម្លាំង Houthi ក្នុងប្រទេសយេម៉ែន។ លោក Birol បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ដំណោះស្រាយច្បាស់លាស់ និងរៀបចំដើម្បីដោះស្រាយការគំរាមកំហែងទាំងនោះ អាចជាដំណោះស្រាយយោធា។

នៅថ្ងៃទី២៥ ខែមេសា ប្រេងឆៅ Brent មានតម្លៃ ៦៦,៨៧ដុល្លារក្នុងមួយបារ៉ែល ខណៈប្រេងឆៅរបស់អាម៉េរិក WTIមានតម្លៃ ៦៣,០២ដុល្លារក្នុងមួយបារ៉ែល។ នេះបើតាមសារព័ត៌មាន Reuters៕


អ្នកសរសេរអត្ថបទ

ធន់ សេងហុង (THUN Senghong) បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០២២។ បច្ចុប្បន្ននេះ សេងហុងកំពុងសិក្សាផ្នែកសេដ្ឋកិច្ចនយោបាយ នៅសកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ ប្រទេសវៀតណាម។ សេងហុង ជាអ្នកតាមដានព័ត៌មានជាតិ និងអន្តរជាតិ ផ្តោតសំខាន់លើផ្នែកសេដ្ឋកិច្ច ។   Thun Senghong is a freelancer national and international news reporter at Thmey Thmey. He is currently studying at UEH University in Vietnam. He aims to cover current issues in economy. 

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ធន់ សេងហុង