- ថ្ងៃសៅរ៍ ទី២៦ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៦:២៩ នាទី ល្ងាច

ក្រសួងការបរទេសអាម៉េរិក បានប្រកាសរំលាយការិយាល័យការទូតអាកាសធាតុរបស់ខ្លួន ដែលជាវិធានការមួយនៃផែនការរៀបចំរចនាសម្ព័ន្ធឡើងវិញសម្រាប់ទីភ្នាក់ងារនេះ។
ក្រសួងការបរទេសអាម៉េរិកបានបញ្ជាក់កាលពីថ្ងៃទី២៥ ខែមេសា ថា ការិយាល័យការប្រែប្រួលអាកាសធាតុសកល (OGC) ដែលជាតំណាងរបស់ទីក្រុងវ៉ាស៊ីនតោន ទទួលបន្ទុកការទូតអាកាសធាតុនៅអង្គការសហប្រជាជាតិត្រូវបានបិទ។
«យើងនឹងមិនចូលរួមក្នុងកិច្ចព្រមព្រៀងអន្តរជាតិ និងគំនិតផ្តួចផ្តើមដែលមិនឆ្លុះបញ្ចាំងពីតម្លៃរបស់អាម៉េរិកឡើយ។ មិនចាំបាច់រក្សាការិយាល័យដែលគាំទ្រកិច្ចខិតខំប្រឹងប្រែងដោយរដ្ឋបាលមុន ដើម្បីលើកកម្ពស់ការចូលរួមរបស់អាម៉េរិកនៅក្នុងអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) និងកិច្ចព្រមព្រៀងផ្សេងទៀតដើម្បីកំណត់ ឬទប់ស្កាត់ការប្រែប្រួលអាកាសធាតុនោះទេ»។ អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិកបានថ្លែងបែបនេះ។
ក្រុមអ្នកសង្កេតការណ៍មើលឃើញថា ចំណាត់ការនេះមិនគួរឱ្យភ្ញាក់ផ្អើលនោះទេ ដោយសារតែប្រធានាធិបតី ដូណាល់ ត្រាំ មិនខ្វល់ច្រើនអំពីការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ហើយបានដកអាម៉េរិកចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុជាលើកទី២ បន្ទាប់ពីវិលត្រឡប់ទៅកាន់សេតវិមានវិញ។
ការប្រកាសរំលាយ OGC កើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីរដ្ឋមន្រ្តីការបរទេស Marco Rubio បានប្រកាសពីផែនការរៀបចំរចនាសម្ព័ន្ធឡើងវិញនៃក្រសួងការបរទេស។ ការផ្លាស់ប្តូរដ៏ធំបំផុតមួយ គឺការបញ្ចប់បេសកជនពិសេសសម្រាប់អាកាសធាតុ ដែលជាតំណែងជាន់ខ្ពស់ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី ចូ បៃឌិន។
ចំណាត់ការរបស់អាម៉េរិកបានបង្កើនការសង្ស័យថា ទីក្រុងវ៉ាស៊ីនតោននឹងមិនចូលរួមកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុ COP30 នៅប្រទេសប្រេស៊ីល ក្នុងខែវិច្ឆិកា។ អវត្ដមាននៃសេដ្ឋកិច្ចដ៏ធំបំផុតរបស់ពិភពលោកនឹងកត់សម្គាល់ការផ្លាស់ប្តូរដ៏សំខាន់មួយនៅក្នុងទំនាក់ទំនងការទូតអាកាសធាតុពិភពលោក។
អតីតប្រធានាធិបតី ចូ បៃឌិន បានជំរុញកិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ដោយតែងតាំងអតីតរដ្ឋមន្ត្រីការបរទេសលោក John Kerry ធ្វើជាបេសកជនពិសេសសម្រាប់អាកាសធាតុ។ លោក Kerry បានសហការយ៉ាងខ្លាំងជាមួយប្រទេសចិន ដែលជាប្រទេសបញ្ចេញឧស្ម័នដ៏ធំបំផុតរបស់ពិភពលោកនៅក្នុងសន្និសីទ COP28 នៅទីក្រុងឌូបៃក្នុងឆ្នាំ ២០២៣។ បន្ទាប់មកទីក្រុងប៉េកាំងបានអំពាវនាវឱ្យពិភពលោកបោះបង់ចោលឥន្ធនៈហ្វូស៊ីល ដែលជាមូលហេតុចម្បងមួយនៃការឡើងកំដៅផែនដី។
Copernicus ដែលជាកម្មវិធីត្រួតពិនិត្យអាកាសធាតុរបស់សហភាពអឺរ៉ុប (EU) បាននិយាយថា ផែនដីបានឡើងកំដៅយ៉ាងតិច ១,៣៦អង្សា បើប្រៀបធៀបទៅនឹងសម័យមុនឧស្សាហកម្ម។ អ្នកវិទ្យាសាស្ត្រព្រមានថា ប្រសិនបើចំនួននេះឡើងដល់ ១,៦អង្សា ផែនដីនឹងទទួលរងការខូចខាតយ៉ាងច្រើនពីនិន្នាការកើនឡើងនៃគ្រោះធម្មជាតិ និងការបាត់ខ្លួននៃថ្មប៉ប្រះទឹកផ្កាថ្មភាគច្រើន៕
អ្នកសរសេរអត្ថបទ
ធន់ សេងហុង (THUN Senghong) បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០២២។ បច្ចុប្បន្ននេះ សេងហុងកំពុងសិក្សាផ្នែកសេដ្ឋកិច្ចនយោបាយ នៅសកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ ប្រទេសវៀតណាម។ សេងហុង ជាអ្នកតាមដានព័ត៌មានជាតិ និងអន្តរជាតិ ផ្តោតសំខាន់លើផ្នែកសេដ្ឋកិច្ច ។ Thun Senghong is a freelancer national and international news reporter at Thmey Thmey. He is currently studying at UEH University in Vietnam. He aims to cover current issues in economy.
