- ថ្ងៃសៅរ៍ ទី២៦ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៤:៣៩ នាទី រសៀល

ភ្នំពេញ៖ អ្នកតាមដានសង្គម បានសាទរ ចំពោះបំណងរបស់រាជរដ្ឋាភិបាល ក្នុងការបញ្ចប់មិនឱ្យមានការដាក់ក្រវិលកំប៉ុងស្រាបៀរ ឬគម្របភេសជ្ជៈ ក្នុងពេលឆាប់ៗ។ អ្នកតាមដានសង្គម ជឿថា នៅពេលក្រវិលកំប៉ុងស្រាបៀរគ្មានរង្វាន់ នឹងចូលរួមកាត់បន្ថយការប្រើគ្រឿងស្រវឹង នឹងមិនត្រឹមចូលរួមកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងចូលរួមធានានូវសុខភាពសាធារណៈ ពីជំងឺមិនឆ្លងនានាជាដើម។ ក្រៅពីនេះ អ្នកតាមដានបញ្ហាសង្គម ក៏ជំរុញឱ្យរាជរដ្ឋាភិបាល ពន្លឿនការរៀបចំ សេចក្ដីព្រាងច្បាប់គ្រប់គ្រងការប្រើប្រាស់គ្រឿងស្រវឹងផងដែរ។
លោក ប៉ា ច័ន្ទរឿន អ្នកតាមដានសង្គម យល់ថា ហាមឃាត់ការផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ឬគម្របនៃផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈ ជាការបង្ហាញពីឆន្ទៈយកចិត្តទុកដាក់ របស់រដ្ឋាភិបាលអាណត្តិថ្មី ក្នុងការកាត់បន្ថយបញ្ហាសង្គម ដែលបង្កពីឥទ្ធិពលនៃគ្រឿងស្រវឹង។
សម្រាប់ លោក ប៉ា ច័ន្ទរឿន លើសពីគ្រឿងស្រវឹង ប៉ុន្តែរដ្ឋក៏គួររឹតបន្តឹងការផ្សព្វផ្សាយ និងហាមឃាត់ការផ្ដល់រង្វាន់លើភេសជ្ជៈផ្អែម មានជាតិស្ករខ្ពស់ ដែលកំពុងរីកដូចផ្សិតនៅលើទីផ្សារ ពិសេសការផ្សព្វផ្សាយប្រកួតប្រជែងរង្វាន់ដ៏ច្រើនសន្ធឹកដូចគ្នា។ ទាំងគ្រឿងស្រវឹង និងភេសជ្ជៈផ្អែម ហាក់កំពុងប្រជែងរង្វាន់ និងពេញនិយមខ្លាំង ពិសេសក្នុងចង្កោមយុវជន ដែលបង្កជាក្ដីបារម្ភពីការប្រឈមបញ្ហាគ្រោះថ្នាក់ និងសុខុមាលភាពសង្គម។ លោក ប៉ា ច័ន្ទរឿន លើកឡើងដូច្នេះថា៖ «ប្រទេសកម្ពុជាយើងកន្លងមកនេះ កំពុងលង់ជាមួយគ្រឿងស្រវឹង ភេសជ្ជៈផ្អែម ដោយសារតែរឿងផឹកបានរង្វាន់ គាស់ក្រវិលកំប៉ុងបានរង្វាន់ហ្នឹងឯង។ មិនមែនតែអ្នកធ្វើការងារសង្គមស៊ីវិលអ្នកបង្ហាញពីការបារម្ភទេ សូម្បីតែក្រសួងសុខាភិបាល សឹងតែប្រកាសអាសន្ន ពីផលវិបាកនៃការកើនឡើងស្រវឹងក្នុងសង្គម ជាពិសេសការកើនឡើងនៃចំនួនពលរដ្ឋមានជំងឺមិនឆ្លង ដូចជាជំងឺទឹកនោមផ្អែម ជំងឺមហារីក»។
លោក ប៉ា ច័ន្ទរឿន នាយកប្រតិបត្តិវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា។ រូបភាពពីទំព័រហ្វេសប៊ុក លោក ប៉ា ច័ន្ទរឿន
លោកបន្តថា យ៉ាងណាបញ្ហាសុខភាពបង្កពីការប្រើប្រាស់គ្រឿងស្រវឹង និងភេសជ្ជៈផ្អែម នឹងក្លាយជាបន្ទុករបស់រដ្ឋនាពេលអនាគត ដែលរដ្ឋនឹងត្រូវបង្កើនការចំណាយលើការចូលរួមចំណែកថែទាំសុខភាព និងព្យាបាលជំងឺ ដែលអាចការពារបាននេះ។
«ខ្ញុំសង្ឃឹមថាពីឆន្ទៈនយោបាយ នឹងក្លាយជាការអនុវត្តជាក់ស្ដែង ដើម្បីបញ្ឈប់កុំឱ្យមានការផ្សព្វផ្សាយពាណិជ្ជកម្មផ្ដល់រង្វាន់បន្តទៀត ពីព្រោះវាប៉ះពាល់ធ្ងន់ធ្ងរ ដល់ទាំងសុខុមាលភាពសង្គម សុខភាពពលរដ្ឋ និងប៉ះពាល់ដល់ការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់សុខុមាលភាព និងសុខភាពរបស់ពលរដ្ឋក្នុងសង្គមទូទៅផងដែរ»។ នេះជាការលើកឡើងរបស់លោក ប៉ា ច័ន្ទរឿន។
មិនខុសពីលោក ប៉ា ច័ន្ទរឿន អ្នកតាមដានសង្គមម្នាក់ទៀត លោក ឈត ប៊ុនថង ក៏យល់ស្របលើឆន្ទៈរបស់រដ្ឋាភិបាល លើការហាមឃាត់ការផ្ដល់រង្វាន់លើក្រវិលកំប៉ុងគ្រឿងស្រវឹង និងភេសជ្ជៈផងដែរ។ លោកយល់ថា សកម្មភាពធ្វើទីផ្សារ របស់ក្រុមហ៊ុនផលិតគ្រឿងស្រវឹង ដែលផ្ដល់រង្វាន់ចំពោះអតិថិជន មិនខុសពីការលើកទឹកចិត្ត និងជំរុញឱ្យយុវជននាំគ្នាសេពគ្រឿងស្រវឹងឡើយ។
«ការអនុញ្ញាតឱ្យមានរង្វាន់ ទាំងនៅលើក្រវិលកំប៉ុង វាជាការជំរុញឱ្យមនុស្សកាន់តែសេពគ្រឿងស្រវឹងកាន់តែច្រើន។ បើសិនជាគាស់បានៗ ជារង្វាន់ស្រាបៀរ ជាលុយ ឬជាអ្វីផ្សេងក៏ដោយ ក៏វាជាកម្លាំងជំរុញខ្លាំងដែរ»។ នេះជាការលើកឡើងរបស់លោក ឈត ប៊ុនថង ប្រាប់សារព័ត៌មានឌីជីថលថ្មីៗ ដែលបន្តថា ជាក់ស្ដែងបញ្ហាពីឥទ្ធិពលនៃគ្រឿងកើតឡើងច្រើនក្នុងសង្គម មានគ្រោះថ្នាក់ចរាចរណ៍ អំពើហិង្សាក្នុងគ្រួសារ និងតាមទីសាធារណៈ រំលោភបំពាន និងបញ្ហាសុខភាពជាដើម។
លោក ឈត ប៊ុនថង ប្រធានផ្នែកទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតសភាកម្ពុជា។ រូបភាពពី ហ្វេសប៊ុកលោក ឈត ប៊ុន ថង។
សម្រាប់ លោក ប៊ុនថង យល់ថា ការហាមឃាត់ការផ្ដល់រង្វាន់លើក្រវិលកំប៉ុងគ្រឿងស្រវឹង និងភេសជ្ជៈរបស់រដ្ឋាភិបាល ជាមធ្យោបាយមួយក្នុងការកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង ក្នុងចំណោមមធ្យោបាយ ឬយន្តការជាច្រើនផ្សេងទៀត។ យ៉ាងណា លោកក៏រំពឹងថា ការប្រើប្រាស់គ្រឿងស្រវឹង នឹងអាចកាត់បន្ថយ ពិសេសក្នុងចង្កោមយុវជន។
ទន្ទឹមនឹងការអនុវត្តការហាមឃាត់ការផ្ដល់រង្វាន់លើក្រវិលកំប៉ុងគ្រឿងស្រវឹង និងភេសជ្ជៈ ដើម្បីកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង លោក ឈត ប៊ុនថង ចង់ឱ្យរដ្ឋពន្លឿន ការ រៀបចំសេចក្ដីព្រាងច្បាប់គ្រប់គ្រងការប្រើប្រាស់ និងផ្សព្វផ្សាយគ្រឿងស្រវឹងផងដែរ។ «សម្រាប់ខ្ញុំ ខ្ញុំគិតថាច្បាប់ទោះបីមានច្រើនក៏ដោយ តែច្បាប់គ្រប់គ្រង រហូតដល់ផ្សព្វផ្សាយគ្រឿងស្រវឹងនេះជាអាទិភាពមួយដែរ ដែលរដ្ឋាភិបាលគួរពិចារណា។ ខ្ញុំចង់ឱ្យអនុម័តច្បាប់នេះឱ្យបានឆាប់ ហើយត្រូវចាត់ទុកថាច្បាប់គ្រប់គ្រងគ្រឿងស្រវឹង គឺជាច្បាប់អាទិភាពបន្ទាន់មួយដែរ។ សួរថាហេតុអ្វី? ដោយតែយើងឃើញថាសព្វថ្ងៃពលរដ្ឋយើងដែលប៉ះពាល់ដោយសារគ្រឿងស្រវឹងក៏ច្រើន»។ នេះជាការលើកឡើងរបស់លោក ឈត ប៊ុនថង។
យោងតាមលិខិតមួយចុះហត្ថលេខាដោយ លោក ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការប្រចាំការទីស្តីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី២៤ ខែមេសា សម្តេច ហ៊ុន ម៉ាណែត នឹងបិទមិនឱ្យមានការផ្តល់រង្វាន់ តាមរយៈក្រវិលកំប៉ុងស្រាបៀរ និងគម្របភេសជ្ជៈ។ យោងតាមលិខិតដដែលនេះ សម្តេចនាយករដ្ឋមន្ត្រី បានឯកភាពថា ក្នុងករណីមានការហាមឃាត់ចំពោះការផ្តល់រង្វាន់ តាមរយៈក្រវិលកំប៉ុង ឬគម្របនៃផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈនោះ ត្រូវទុកពេលសមរម្ប ដូចជា៦ខែឬ១ឆ្នាំ ដើម្បីឱ្យក្រុមហ៊ុនទាំងនោះអាចត្រៀមខ្លួន។ ប្រមុខរាជរដ្ឋាភិបាល
ក៏នឹងធ្វើជាអធិបតីភាពនៃកិច្ចប្រជុំរវាងម្ចាស់ក្រុមហ៊ុនផលិតស្រាបៀរនិងភេសជ្ជៈ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីបញ្ចប់ការផ្តល់រង្វាន់លើផលិតគ្រឿងស្រវឹងនិងភេសជ្ជៈ ក្នុងពេលវេលាសមស្រប។
កន្លងមក មុនពេលរដ្ឋាភិបាលឯកភាព ហាមឃាត់ការផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ឬគម្រប នៃផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈ រដ្ឋបាលខេត្តមួយចំនួន ក៏បានបញ្ជាឱ្យ ទម្លាក់ផ្ទាំង ប៉ាណូ និងបដាផ្សព្វផ្សាយគ្រឿងស្រវឹងតាមភូមិសាស្រ្តខេត្តរៀងៗខ្លួនផងដែរ។ ជាក់ស្ដែង ដូចជាខេត្តកំពង់ស្ពឺ កែប សៀមរាប និងទីតាំងមួយចំនួនផ្សេងទៀតផងដែរ។
យ៉ាងណា ផ្ទាំងប៉ាណូ និងបដាផ្សព្វផ្សាយគ្រឿងស្រវឹងនៅតែច្រើនតាមដងផ្លូវ ទីសាធារណៈ ពិសេសបណ្ដាសង្គម ក្រសួងព័ត៌មានក៏បានណែនាំអង្គភាពប្រព័ន្ធផ្សព្វផ្សាយ ក្រុមហ៊ុនផលិត ចែកចាយ នាំចូល និងក្រុមហ៊ុនផ្តល់សេវាផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងទាំងអស់ ឱ្យយកចិត្តទុកដាក់អនុវត្តតាមលិខិតជូនដំណឹង និងគោលការណ៍ ក្រមប្រតិបត្តិ ស្តីពីការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង។
ជុំវិញការដាក់គោលការណ៍ក្រមប្រតិបត្តិស្តីពីការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ធ្លាប់បានរំលឹកថា ៖«ហាមផ្សាយពាណិជ្ជកម្ម ផ្តល់រង្វាន់ ដោយប្រើសកម្មភាពជំរុញ លើកទឹកចិត្ត ឬ អូសទាញប្រជាពលរដ្ឋឱ្យឈ្លក់វង្វេង ផ្សង សំណាងយករង្វាន់ និងពាក្យស្លោកដែលមានចរិតលើកទឹកចិត្តហួសហេតុពេក, ហាមយកស្ត្រី និងអនីតិជនក្រោមអាយុ១៨ឆ្នាំ ផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ដែលធ្វើឱ្យប៉ះពាល់ ដល់សិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរ»។
ជាមួយគ្នានេះ ទាក់ទងនឹងបញ្ហាសុខភាព ក្រសួងសុខាភិបាល ក៏បានចេញសេចក្ដីប្រកាស ព័ត៌មានស្ដីពីផលប៉ះពាល់សុខភាពដោយសារការប្រើប្រាស់គ្រឿងស្រវឹងផងដែរ។ ជាតិ អាល់កុលក្នុងផលិតផលគ្រឿងស្រវឹងប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ភ្លាមៗ និងរយៈពេលយូរ។ ក្រសួងសុខាភិបាល បញ្ជាក់ដូច្នេះ ដោយបន្ថែមថា ក្នុងរយៈពេលតែ២ទៅ ៣នាទីតែប៉ុណ្ណោះ ជាតិអាល់កុលអាចជ្រៀបចូលដល់ខួរក្បាល ហើយអាចបង្ករោគសញ្ញា ទៅតាមកំហាប់ជាតិអាល់កុល ការចាប់ផ្តើមនិយាយច្រើន ចលនាអន់ថយ គំហើញថយចុះ ក្អួតចង្អោរ ឬបាត់បង់ស្មារតី ហើយការទទួលគ្រឿងស្រវឹងច្រើនពេក អាចបង្កឱ្យសន្លប់ ប្រឈមនឹងជំងឺឆ្លងដូចជាជំងឺអេដស៍ និងជំងឺផ្សេងៗទៀត។
គ្រឿងស្រវឹងបង្ករផលប៉ះពាល់រយៈពេលវែង ដូចជា ជំងឺក្រិនថ្លើម ខូចថ្លើម, ជំងឺមហារីកមាត់ បំពង់ក បំពង់អាហារ ថ្លើម ពោះវៀនធំ សុដន់។ល។, ជំងឺមហារីកឈាម, ប្រព័ន្ធភាពស៊ាំចុះខ្សោយ ងាយធ្លាក់ខ្លួនឈឺដោយសារការបង្ករោគ, បញ្ហាសុខភាពផ្លូវចិត្ត៖ ជំងឺថប់បារម្ភ (Anxiety) ជំងឺធ្លាក់ទឹកចិត្ត (Depression) មានជំងឺវង្វេងពេលឈានចូលវ័យចំណាស់ (Dementia)៕
អ្នកសរសេរអត្ថបទ
ដាណេ បានចូលបម្រើការងារនៅសារព័ត៌មានឌីជីថលថ្មីៗ និងថ្មីៗ២៥ នៅខែតុលា ឆ្នាំ២០១៩ ចាប់ផ្ដើមពីអ្នកហាត់ការ។ បច្ចុប្បន្ន ដាណេ ជាអ្នកសារព័ត៌មានផ្នែកវីដេអូ នៅថ្មីៗ២៥ ដែលផ្ដោតលើព័ត៌មានសង្គម ទេសចរណ៍ និងផលិតវីដេអូព័ត៌មានតាមទូរសព្ទដៃ។
