សហគ្រាសចំនួន៩៥ បានប្រយោជន៍ពីការចៀសវាងយកពន្ធត្រួតគ្នារវាងកម្ពុជា ជាមួយ១១ប្រទេស-តំបន់
  • ថ្ងៃអាទិត្យ ទី២៧ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៧:៥៩ នាទី ព្រឹក
សហគ្រាសចំនួន៩៥ បានប្រយោជន៍ពីការចៀសវាងយកពន្ធត្រួតគ្នារវាងកម្ពុជា ជាមួយ១១ប្រទេស-តំបន់
លោក គង់ វិបុល អគ្គនាយកដ្ឋាននៃអគ្គនាយកពន្ធដារ​។ រូបថត៖ GDT

ភ្នំពេញ៖ សហគ្រាសក្នុងស្រុកចំនួន៩៥ ទទួលបានអត្ថប្រយោជន៍ ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា (DTA) រវាងកម្ពុជា ជាមួយបណ្តាប្រទេស-តំបន់ចំនួន១១។  ក្នុងនោះ មានរដ្ឋបាលសារពើពន្ធប្រទេសថៃ សិង្ហបុរី ព្រុយណេ ចិន វៀតណាម តំបន់រដ្ឋបាលពិសេសហុងកុង ម៉ាឡេស៊ី ឥណ្ឌូនេស៊ី កូរ៉េខាងត្បូង តំបន់រដ្ឋបាលពិសេសម៉ាកាវ និងតួកគី។ នេះបើយោងតាមព្រឹត្តិបត្រព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី២៤ ខែមេសា។

TTN-Free-Banner-In-Article-PC

បើតាមព្រឹត្តិបត្រព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី២៤ ខែមេសា កិច្ចព្រមព្រៀង ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា (DTA) បានដើរតួនាទីដ៏សំខាន់ ក្នុងការផ្តល់ទំនុកចិត្ត និងភាពប្រាកដប្រជាដល់វិនិយោគិនបរទេស។ អគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ថា ៖ « កិច្ចព្រមព្រៀងនេះ ត្រូវបានធ្វើឡើងតាមរយៈការផ្តល់វិធានការច្បាស់លាស់ ក្នុងការកំណត់សិទ្ធិយកពន្ធរវាងរដ្ឋភាគី នៃកិច្ចព្រមព្រៀង បន្ធូរបន្ថយលើការអនុវត្ត ចំពោះប្រភេទពន្ធមួយចំនួន និងអត្ថប្រយោជន៍ផ្ទាល់ ដល់សហគ្រាសពីប្រទេស ដែលមានកិច្ចព្រមព្រៀង DTA ជាមួយកម្ពុជា»។

ក្នុងខែមីនា ឆ្នាំ២០២៥ អគ្គនាយកដ្ឋានពន្ធដារ សម្រេចផ្តល់អត្ថប្រយោជន៍ ក្រោមកិច្ចព្រមព្រៀង DTA ដល់សហគ្រាសដែលបានស្នើសុំចំនួន៥៥សហគ្រាស។ សរុបក្នុងរយៈពេល៣ខែ ដើមឆ្នាំ២០២៤ ចំនួនសហគ្រាសដែលទទួលបានអត្ថប្រយោជន៍ក្រោមកិច្ចព្រមព្រៀង DTA  គឺមាន៩៥សហគ្រាស។

ដោយឡែក គិតត្រឹមខែមីនា ឆ្នាំ២០២៥ កម្ពុជាកំពុងអនុវត្តកិច្ចព្រមព្រៀងស្តីពី ការចៀសវាងការយកពន្ធត្រួតគ្នា ជាមួយរដ្ឋបាលសារពើពន្ធចំនួន១១។ ក្នុងនោះ មានរដ្ឋបាលសារពើពន្ធ ថៃ សិង្ហបុរី ព្រុយណេ ចិន វៀតណាម តំបន់រដ្ឋបាលពិសេសហុងកុង ម៉ាឡេស៊ី ឥណ្ឌូនេស៊ី កូរ៉េខាងត្បូង តំបន់រដ្ឋបាលពិសេសម៉ាកាវ និងតួកគី។

កិច្ចព្រមព្រៀង ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នាចំនួន២ ក៏ត្រូវបានចុះហត្ថលេខារួចរាល់ ដោយកំពុងបន្តរៀបចំនីតិវិធី ក្នុងការដាក់កិច្ចព្រមព្រៀងចូលជាធរមាន។ រួមមាន DTA កម្ពុជា-ឡាវ និង DTA កម្ពុជា-ហ្វីលីពីន។ បន្ថែមពីលើនេះ DTA កម្ពុជា-មីយ៉ាន់ម៉ា ត្រូវបានបញ្ចប់កិច្ចចរចាកម្រិតបច្ចេកទេស និងរដ្ឋបាលសារពើពន្ធចំនួន ៦ ផ្សេងទៀត កំពុងស្ថិតក្នុងដំណាក់កាលនៃការចរចា រួមមាន អេមីរ៉ាតអារ៉ាប់រួម ជប៉ុន ម៉ារ៉ុក បារាំង កាតា និង អាស៊ែបៃហ្សង់៕


អ្នកសរសេរអត្ថបទ

កញ្ញា អ៊ូ សុខមាន (OU Sokmean) បានចូលធ្វើការងារនៅស្ថាប័នសារព័ត៌មានឌីជីថលថ្មីៗ នៅឆ្នាំ២០១៨។ កញ្ញាមានជំនាញ​ផ្នែក​ព័ត៌មាន​សេដ្ឋកិច្ច កសិកម្ម និង​ផលិត​វីដេអូតាមទូរសព្ទដៃ (MOJO)។ បច្ចុប្បន្ន សុខមាន មានតួនាទីជានិពន្ធនាយិការង៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

អ៊ូ សុខមាន