- ថ្ងៃអាទិត្យ ទី២៧ ខែមេសា ឆ្នាំ២០២៥ ម៉ោង ១១:១២ នាទី ព្រឹក

សម្តេច ហ៊ុន ម៉ាណែត បានប្រាប់ឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គិតគូរ បង្កើតស្តង់ដារ វាយតម្លៃ និងចេញវិញ្ញាបនបត្រ ដល់បុគ្គល និងអ្នកធ្វើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ មួយចំនួនដែលទេពកោសល្យខ្ពស់ ប៉ុន្តែពួកគេពុំធ្លាប់បានឆ្លងកាត់ការបណ្តុះបណ្តាលនៅសាលាជំនាញ។ ការជំរុញបែបនេះរបស់នាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៩ ទិវាពលកម្មអន្តរជាតិ ១ ឧសភា នៅថ្ងៃទី២៧ ខែមេសា។
សម្តេច ហ៊ុន ម៉ាណែត បានលើកឧទាហរណ៍ពីជាងចម្លាក់ដ៏ចំណានម្នាក់ ដែលមានស្នាដៃ និងទេពកោសល្យខ្ពស់ ក្នុងការងារចម្លាក់ និងស្មូនរបស់ខ្លួន ប៉ុន្តែគាត់មិនបានចូលរៀននៅសាលវិចិត្រសិល្បៈ ឬសាលាជំនាញណាទេ។ គាត់រៀនតែតាមយូធូបប៉ុណ្ណោះ។
សម្តេចនាយករដ្ឋមន្ត្រី រៀបរាប់បន្ថែមថា៖ «គាត់ចេះឆ្លាក់! ថ្ងៃមុនឆ្លាក់សម្តេច ជួន ណាត ដូចអើយដូច! ខ្ញុំសួរគាត់ដល់ដែលរៀន។ គាត់មានដុងធម្មជាតិ ហើយទើបតែរៀន បង្រៀនខ្លួនឯង ប្រហែល១០ឆ្នាំប៉ុណ្ណោះ។ តែគាត់អត់មានវិញ្ញាបនបត្រចេញពីសាលា។ ឥឡូវបើគាត់មានជំនាញបែបនេះ យើងបង្កើតស្តង់ដារមួយសម្រាប់វាយតម្លៃគាត់ បើគាត់មានទេពកោសល្យចឹង យើងចេញវិញ្ញាបនបត្រមួយវាយតម្លៃគាត់ ថ្ងៃក្រោយគាត់អាចទៅធ្វើនៅក្រុមហ៊ុនណា ដែលគេធានា ព្រោះក្រុមហ៊ុនខ្លះគេចង់បានអ្នកដែលមានវិញ្ញាបនបត្រ។ ដើម្បីគាត់មានឱកាស! ចុងភៅខ្លះ គាត់អត់មានបានចូលសាលារបស់ក្រសួងការងារ ដែលគាត់មានបង្រៀនចុងភៅទេ តែគាត់មានដុង។ អ៊ីចឹង អាចទៅធ្វើការនៅអូតែលផ្កាយប្រាំ ក្រសួងអាចវាយតម្លៃគាត់!»។
បើតាមប្រមុខរាជរដ្ឋាភិបាល ការផ្តល់វិញ្ញាបត្រដល់បុគ្គលទាំងនោះ គឺជាការផ្តល់ឱកាសបន្ថែមដល់អ្នកដែលមានទេពកោសល្យទាំងនោះ និងអ្នកនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធដទៃទៀត ដែលមានជំនាញ ដ្បិតថាក្នុងពេលអនាគត សហគ្រាស និងក្រុមហ៊ុន នឹងអាចទទួល ឬផ្តល់អាទិភាពការងារដល់អ្នកដែលមានវិញ្ញាបនបត្រ ឬឯកសារបញ្ជាក់ពីគុណវុឌ្ឍិ និងជំនាញ។
សូមរំឭកថា រាជរដ្ឋាភិបាល បានដាក់ចេញនូវ កម្មវិធីបណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥លាននាក់ ដោយមិនបង់ថ្លៃ និងផ្តល់ប្រាក់ឧបត្ថម្ភចំនួន ២៨ម៉ឺនរៀល ក្នុងមួយខែ។ តាមរយៈកម្មវិធីរដ្ឋ មានគោលបំណង ផ្តល់ឱកាសឱ្យយុវជនកម្ពុជា មានជំនាញ និងបំណិនសម្រាប់ជីវិត ដែលអាចចាប់យកការងារ ដែលមានបៀរវត្សប្រសើរ ក្នុងពេលអនាគត។
បើតាមសម្តេច នាយករដ្ឋមន្ត្រិ គិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ មានអ្នកចុះឈ្មោះចូលរៀនក្នុងកម្មវិធីនេះ ចំនួន១១,៣ម៉ឺននាក់ ក្នុងនោះសិស្សដែលបានបញ្ចប់ការសិក្សា មានចំនួន ៧,២ម៉ឺននាក់ ដោយមានប្រមាណ ១,៦ម៉ឺននាក់ ទទួលបានការងារធ្វើ បន្ទាប់ពីបញ្ចប់ការសិក្សា។
នៅក្នុងឱកាសដដែលនេះ សម្តេច ហ៊ុន ម៉ាណែត បានជំរុញឱ្យអាជា្ញធររាជធានី-ខេត្ត និងតំណាងសហជីព ជួយផ្សព្វផ្សាយ ដល់ពលរដ្ឋ ពិសេសយុវជនមានឱកាសទទួលបានការបណ្តុះបណ្តាលជំនាញជាច្រើន។
ទន្ទឹមនឹងនេះ ប្រមុខរាជរដ្ឋាភិបាល ក៏ឱ្យវិស័យឯកជន ទទួលយកសិក្ខាកាម និងសិស្សហាត់ការ នៅកន្លែងការងារដើម្បីឱ្យពួកគេ អាចយកទ្រឹស្តី ទៅអនុវត្តជាក់ស្តែងនៅក្នុងការងារ និងទទួលបានបទពិសោធន៍ពីជំនាញដែលខ្លួនកំពុងសិក្សាបន្ថែម៕
អ្នកសរសេរអត្ថបទ
