- ថ្ងៃអាទិត្យ ទី២៧ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៤:៥៩ នាទី រសៀល

ភ្នំពេញ៖ អ្នកជំនាញស្រាវជ្រាវ ផ្នែករៀបចំសុលវែរពិនិត្យអក្ខរាវិរុទ្ធភាសាខ្មែរ ជួបបញ្ហាប្រឈប ពាក់ព័ន្ធនឹងការកំណត់ពាក្យ ការបែងចែកពាក្យ ខណៈពាក្យផ្សំខ្មែរងាយនឹងបង្កើត ហើយខ្លះមិនមានក្នុង វចនានុក្រម។
ក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា និងអ្នកជំនាញបង្កើតកម្មវិធីអក្ខរាវិរុទ្ធខ្មែរ បានរួមគ្នា បើកសិក្ខាសាលាស្តីពី «បទពិសោធនៃការរៀបចំសុសវែរពិនិត្យអក្ខរាវិរុទ្ធភាសាខ្មែរ» ក្នុងគោលបំណង ចែករំលែកបទពិសោធពីការរៀបចំសុសវែរភាសាខ្មែរ ដែលមានទាំងបញ្ហាប្រឈម ការស្វែងរកដំណោះស្រាយ ដើម្បីរក្សាអត្តសញ្ញាណជាតិ។ ការជួបជុំគ្នានេះ ធ្វើឡើង នៅ រាជបណ្ឌិត្យសភាកម្ពុជាកាលពីថ្ងៃទី២៤មេសា។
សិក្ខាសាលានេះ មានការចូលរួមពី លោក ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ, លោក ដាញ់ ហុង អ្នកបង្កើតកម្មវិធីអក្ខរាវិរុទ្ធខ្មែរនៃសមាគមអ្នកនិពន្ធខ្មែរ, លោក កែ ជាប៉ូ ប្រធានផ្នែកស្រាវជ្រាវនៃក្រុមហ៊ុន ខូតាហ្វឺ ឯ.ក, លោកបណ្ឌិត ប៊ួយ រីណា អ្នកស្រាវជ្រាវបញ្ញាសិប្បនិម្មិតនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី តេជោ, លោក សុខ មករា អ្នកជំនាញមកពីអង្គការភាសាវិទ្យាកម្ពុជា រួមទាំងសិស្សនិស្សិត អ្នកសារព័ត៌មាន ប្រមាណ៥០នាក់។
លោក កែ ជាប៉ូ ប្រធានផ្នែកស្រាវជ្រាវនៃក្រុមហ៊ុន ខូតាហ្វឺ ឯ.ក ឡើងធ្វើបង្ហាញ កាលពីថ្ងៃទី២៤មេសា ឆ្នាំ២០២៤។ រូបដោយ ឡាយ សុភាវតី
លោក ហ៊ាន សុខុម កត់សម្គាល់ឃើញ ភាសាជាតិនៅមានបញ្ហាច្រើនយ៉ាង ដែលដោះស្រាយមិនទាន់ចេញ ពិសេស គឺអក្ខរាវិរុទ្ធ។ ដូច្នេះ ទើបលោកចាត់ទុក សិក្ខាសាលា ចែករំលែកនេះ សំខាន់ ដោយលោកចាត់ទុកការអភិរក្ស និងការអភិវឌ្ឍភាសាជាតិ ជាការរក្សាអត្តសញ្ញាណជាតិ។
ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរបានសង្កត់ធ្ងន់បែបនេះ៖ «ការរៀបចំបង្កើតសុសវែរពិនិត្យអក្ខរាវិរុទ្ធភាសាខ្មែរ ដែលការគិតគូរ បង្កើតឧបករណ៍មួយ សម្រាប់ផ្តល់ភាពងាយស្រួលដល់សិស្ស និស្សិត មន្ត្រីរាជការ អ្នកប្រើប្រាស់ទូទៅ ក្នុងការស្វែងរកពាក្យ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវក្នុងការសរសេរពាក្យខ្មែរនីមួយ»។
បញ្ហានៃការរៀបចំផ្គុំពាក្យ។ រូបពីការផ្សាយផ្ទាល់របស់រាជបណ្ឌិត្យសភា
លោក ហ៊ាន សុខុម បង្ហាញពី គុណប្រយោជន៍មួយចំនួនបន្ថែមទៀត នៃការចងក្រង សុសវែរពិនិត្យអក្ខរាវិរុទ្ធភាសាខ្មែរ គឹសម្រាប់ការកែលម្អទំនាក់ទំនងជាមួយអ្នកដទៃ ដោយប្រើប្រាស់អក្ខរាវិរុទ្ធត្រឹមត្រូវ, ធ្វើឱ្យភាសាមានភាពច្បាស់លាស់និងវិជ្ជាជីវៈចៀសវាងការភាន់ច្រឡំ, សន្សំសំចៃពេលវេលា មិនចាំបាច់ផ្ទៀងផ្ទាត់អក្ខរាវិរុទ្ធដោយភ្នែកច្រើនដង, ជាជំនួយក្នុងការរៀនភាសា ដោយសុសវែរនេះ អាចបង្ហាញពាក្យដែលសរសេរខុស និងស្នើពាក្យដែលត្រូវជំនួសវិញ និងជួយកាត់បន្ថយកំហុសដោយអចេតនាក្នុងការសរសេរខុសអក្ខរាវិរុទ្ធ។
ចំណែក លោក ដាញ់ ហុង បានបង្ហាញពីកម្មវិធី NextSpell: A Machine Learning Model for Khmer Spellchecking។ ក្នុងនោះ អ្នកបង្កើតកម្មវិធីអក្ខរាវិរុទ្ធខ្មែរនៃសមាគមអ្នកនិពន្ធខ្មែររូបនេះ បានពន្យល់ពី អក្សរខ្មែរ មានការប្រកបច្រើនយ៉ាងណ ប្រកបតាមបែបខ្មែរ ទទួលឥទ្ធិពលភាសាបាលីសំស្ក្រឹត ហើយទទួលឥទ្ធិលភាសាធំៗដូចជា បារាំង អង់គ្លេស ចិន ជាដើម។ ហេតុនេះ លោក សន្មត់ថា ការសរសេរអក្សរខ្មែរ ងាយនឹងខុស។
រីឯ លោកបណ្ឌិត ប៊ួយ រីណា អ្នកស្រាវជ្រាវបញ្ញាសិប្បនិម្មិតនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី តេជោ សង្កេតឃើញ ក៏ការពិនិត្យអក្ខរាវិរុទ្ធសម្រាប់ភាសាខ្មែរ នៅតែជាបញ្ហាប្រឈម និងមិនទាន់ដោះស្រាយបាននៅឡើយ។ បញ្ហាប្រឈមដែលលោកសង្កេតឃើញ មានពិបាកកំណត់ពាក្យឮ, ទម្រង់សរសេរមានច្រើន, ពាក្យផ្សំខ្មែរងាយបង្កើតហើយខ្លះមិនមានក្នុងវេចនានុក្រម និងអសាធារណនាមមួយចំនួនមិនមាននៅក្នុងវេចនានុក្រមដើម។
បញ្ហាប្រឈមនៃការផ្គុំ ព្យាង្គនិងពាក្យ។
ចំពោះ ដំណោះស្រាយពិនិត្យ អក្ខរាវិរុទ្ធសម្រាប់ភាសាខ្មែរ អ្នកស្រាវជ្រាវបញ្ញាសិប្បនិម្មិតនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី តេជោ រូបនេះ ផ្អែកលើការស្វែងរកពាក្យ ដែលខ្វះខាត និងបន្តស្រាវជ្រាវ ប្រើប្រាស់ម៉ូដែលបំបែកពាក្យ ដើម្បីបំបែកពាក្យក្នុងប្រយោគបន្តទៀត។ សម្រាប់ពាក្យមិនមានក្នុងវចនានុក្រមឡើងវិញ(ពាក្យខុសអក្ខរាវិរុទ្ធ)។
អ្នកជំនាញខាងលើ សុទ្ធតែអះអាងថានឹងបន្តស្រាវជ្រាវបន្ថែមទៀត ពិសេស ពីការកំណត់ពាក្យ ការផ្គុំព្យាង្គទៅជាពាក្យ ការផ្ទៀងផ្ទាត់ពាក្យ ព្រោះពាក្យខ្លះត្រូវផ្សំគ្នាចុះឡើង មានភាពស្មុគស្មាញ។
ជាក់ស្ដែង លោក កែ ជាប៉ូ ប្រធានផ្នែកស្រាវជ្រាវនៃក្រុមហ៊ុន ខូតាហ្វឺ ឯ.ក បានពន្យល់លម្អិតពីបទពិសោធផ្ទាល់ ពាក់ព័ន្ធនឹងការបង្កើតកម្មវិធីផ្ទៀងផ្ទាត់អក្ខរាវិរុទ្ធ ដោយសារមានច្រើនជំហាន ពេលដាក់អត្ថបទចូលទៅក្នុងកម្មវិធីផ្ទៀងផ្ទាត់ ដែលមានការបំបែកអត្ថបទ ទៅជាកថាខណ្ឌ រួចទៅជាឃ្លា ឬល្បះ។ បន្ទាប់ត្រូវបំបែកទៅជាព្យាង្គតូចៗ។ នៅពេលបំបែកចេញជាព្យាង្គ ត្រូវយកទៅផ្គុំជាពាក្យឡើងវិញ ហើយទើបបញ្ជូនទៅផ្ទៀងផ្ទាត់ ជាមួយពាក្យត្រឹមត្រូវ ដើម្បីពិនិត្យឱ្យឃើញថា ពាក្យត្រឹមត្រូវឬខុស៕
អ្នកសរសេរអត្ថបទ
