- ថ្ងៃចន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥ ម៉ោង ១០:៤៣ នាទី ព្រឹក

ភ្នំពេញ៖ កេសរកូល«ព្រះទ្រហឹង» ដែលជាប្រភេទកេសរកូលធំជាងគេលើសកលលោក កំពុងរីកជាលើកទី៣ រហូតដល់៥ទង នៅសួនកេសរកូលព្រៃនៃមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូលសុខ អាន ភ្នំគូលែន នៃឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម «ភ្នំគូលែន» ខេត្តសៀមរាប។ កេសរកូលប្រភេទនេះ កម្រចេញផ្កាណាស់ ហើយផ្ការបស់វា អាចរីកបានរយៈពេលពី២ទៅ៣ខែ។
កេសរកូល«ព្រះទ្រហឹង»ត្រូវបានយកមកដំា និងអភិរក្ស ជាមួយនឹងប្រភេទកេសរកូលផ្សេងៗទៀត នៅក្នុងសួនកេសរកូលព្រៃ នៃមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូលសុខ អាន ភ្នំគូលែន កាលពីខែតុលា ឆ្នាំ២០១៨។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាន នាថ្ងៃទី២៦ ខែមេសា កាលលើកទី១ កេសរនេះចេញផ្កាតែមាន១ទងទេ នៅក្នុងខែមេសា និងឧសភា ឆ្នាំ២០១៨ និងលើកទី២នៅខែមេសា ឆ្នាំ២០២៤ ក៏ផ្កាបានតែ១ទងដែរ។
« បច្ចុប្បន្ន គឺក្នុងខែមេសា ឆ្នាំ២០២៥ នេះ កេសរកូលព្រះទ្រហឹង បាននិងកំពុងចេញផ្កាជាលើកទី៣ដែលមានចំនួនរហូតដល់ទៅ៥ទងផ្កា»។ នេះជាការបញ្ជាក់ឱ្យឃើញថា សួនកេសរកូលព្រៃនៃមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូលសុខ អាន ភ្នំគូលែន បានបង្កើតជាមជ្ឈដ្ឋានសមស្របសម្រាប់ការរស់នៅរបស់កេសរកូលព្រៃខ្មែរដែលធំជាងគេនៅលើសកលលោក។
កេសរកូលព្រៃនេះ កំពុងតែត្រូវបានក្រុមការងារស្រាវជ្រាវ នៃនាយកដ្ឋានជីវៈចម្រុះ របស់ក្រសួងបរិស្ថានធ្វើការស្រាវជ្រាវ និងអភិរក្ស នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អានភ្នំគូលែននេះ។
កេសរកូលព្រះទ្រហឹង មានឈ្មោះវិទ្យាសាស្ត្រ Grammatophyllum speciosum និងមានឈ្មោះជាភាសាអង់គ្លេស Giant Orchid, Tiger Orchid, The Sugar Cane Orchid ដែលជាប្រភេទកេសរកូលព្រៃដ៏កម្រមួយរបស់ខ្មែរ។ ប្រភេទកេសរកូលព្រៃដ៏កម្រមួយរបស់ខ្មែរ ធ្លាប់ប្រទះឃើញដុះនៅតំបន់ជួរភ្នំក្រវាញនៃខេត្តកោះកុង និងតំបន់ជួរភ្នំដងរែក នៃខេត្តព្រះវិហារ និងខេត្តសៀមរាប។
បានជាគេកំណត់ថាកេសរកូលព្រះទ្រហឹង ជាប្រភេទកេសរដែលធំជាងគេលើសកលលោក ក៏ព្រោះតាមការកត់ត្រា កេសរកូលប្រភេទនេះ អាចមានទម្ងន់រហូតដល់ទៅ២តោន ក្នុងមួយគុម្ព ហើយអាចមានកម្ពស់ចាប់ពី០,៥ ម៉ែត្រទៅ៣ម៉ែត្រ។ ជាមួយគ្នានេះទងផ្ការបស់វាអាចមានប្រវែង២ម៉ែត្រ និងចំនួនផ្ការហូតដល់ទៅ៧០០០ផ្កាក្នុងមួយគុម្ព ដោយក្នុងមួយទងផ្កាអាចមានផ្កាចំនួនចាប់ពី៨០ ទៅ១០០ផ្កា។ ក្រសួងបរិស្ថានបានបញ្ជាក់ថា ៖« កេសរកូលប្រភេទនេះ កម្រចេញផ្កាណាស់ ហើយផ្កាអាចរីកបានរយៈពេលពី២ទៅ៣ខែ»។
តាមការប៉ាន់ស្មានរបស់ក្រសួងបរិស្ថាន កម្ពុជាមានកេសរកូលព្រៃជាង៥០០ ប្រភេទ។ ក្នុងនោះ មានជាង២០០ប្រភេទ ត្រូវបានសិក្សា ដើម្បីចងក្រងជាឯកសារទុក សម្រាប់ការថែរក្សា និងការអភិរក្ស ជាពិសេសគឺសម្រាប់បង្កាត់ពូជ បង្កើតជាប្រភេទថ្មីៗបន្ថែមទៀត៕
អ្នកសរសេរអត្ថបទ
កញ្ញា អ៊ូ សុខមាន (OU Sokmean) បានចូលធ្វើការងារនៅស្ថាប័នសារព័ត៌មានឌីជីថលថ្មីៗ នៅឆ្នាំ២០១៨។ កញ្ញាមានជំនាញផ្នែកព័ត៌មានសេដ្ឋកិច្ច កសិកម្ម និងផលិតវីដេអូតាមទូរសព្ទដៃ (MOJO)។ បច្ចុប្បន្ន សុខមាន មានតួនាទីជានិពន្ធនាយិការង៕
