- ថ្ងៃចន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥ ម៉ោង ១:២៩ នាទី រសៀល

ភ្នំពេញ៖ ការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស ឆ្នាំ២០២៥ កំពុងប្រព្រឹត្តទៅនៅមណ្ឌលប្រឡងវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក ក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៧-២៨ មេសា។ ការប្រឡងសិស្សពូកែទូទាំងប្រទេសឆ្នាំនេះ មានបេក្ខជនចូលរួមចំនួន ២៤០នាក់ មកពី១៦២គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅសាធារណៈ និងឯកជន (ថ្នាក់ទី៩ និងថ្នាក់ទី១២)។
ការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស ឆ្នាំ២០២៥ ត្រូវបានរៀបចំតាមការគ្រោងទុក ក្រោយក្រសួងអប់រំ យុវជន និងកីឡា ប្រកាសរៀបចំឡើងវិញ។ ការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស ឆ្នាំ២០២៥ ត្រូវបានសម្រាំងយកបេក្ខជនឆ្នើមមកពីតាមបណ្ដារាជធានី-ខេត្តទាំង២៥។
ក្នុងពិធីបើកការប្រឡងសិស្សពូកែ លោក ហួ ឈុនគ្រី អគ្គាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ការប្រឡងនៅឆ្នាំនេះ មានបេក្ខជនចូលរួមចំនួន ២៤០នាក់ មកពី១៦២គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅសាធារណៈ និងឯកជន (ថ្នាក់ទី៩ និងថ្នាក់ទី១២)។ ដំណើរការប្រឡងសិស្សពូកែឆ្នាំ២០២៥ នេះ ប្រព្រឹត្តទៅរយៈពេល៥ថ្ងៃ ទាំងដំណើរការសំណេរ កំណែ ស្រង់ បូកពិន្ទុ និងកម្មវិធីបើក-បិទ។
លោក ហួ ឈុនគ្រី អគ្គាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា។ រូបភាពពីMoEYS
បន្ទាប់ពីកំណែ និងបូកពិន្ទុរួច ការប្រកាសលទ្ធផលប្រឡងសិស្សពូកែនឹងប្រព្រឹត្តទៅនាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ដោយជ្រើសរើសបេក្ខជនជាប់ជ័យលាភីត្រឹម ៣០នាក់ប៉ុណ្ណោះ។ ជ័យលាភីប្រឡងសិស្សពូកែទូទាំងប្រទេសនេះ មានបែងចែកតាមមុខវិជ្ជា គឺអក្សរសាស្រ្តខ្មែរ, គណិតវិទ្យា និងរូបវិទ្យា សម្រាប់សិស្សថ្នាក់ទី៩ និងទី១២ ដែលមានជ័យលាភីពីលេខ១ ដល់លេខ៥។
ជ័យលាភីសិស្សពូកែទូទាំងប្រទេស នឹងទទួលបានវិញ្ញាបនបត្របញ្ជាក់សិស្សពូកែ ខណៈលេខ១ដល់លេខ៣ ទទួលបានមេដាយម្នាក់មួយគ្រឿង។ ចំណែកថវិកាវិញ ជ័យលាភីលេខ១ នឹងទទួលបានថវិកាចំនួន ៣លាន៥សែនរៀល, លេខ ២ បានថវិកា ៣លាន២សែនរៀល, លេខ៣ ចំនួន ២លាន៩សែនរៀល, លេខ៤ ចំនួន ២លាន៦សែនរៀល និងលេខ៥ ចំនួន ២លាន៣សែនរៀល។ ទន្ទឹមនឹងនេះ បេក្ខជនជ័យលាភីសិស្សពូកែទូទាំងប្រទេស អាចមានប្រាក់រង្វាន់ ឬវត្ថុផ្សេងៗបន្ថែមទៀតពីសប្បុរសជនផងដែរ។
ក្រសួងអប់រំ យុវជន និងកីឡា អះអាងថា ការរៀបចំការប្រឡងសិស្សពូកែទូទាំងប្រទេសនេះ ដើម្បីពង្រឹងគុណភាពអប់រំ និងអភិវឌ្ឍធនធានមនុស្សប្រកបដោយសីលធម៌ និងចំណេះដឹងខ្ពស់ លើកទឹកចិត្តសិស្សានុសិស្សឱ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្រអាចបញ្ចេញអស់សមត្ថភាព បង្ហាញសក្ដានុពលរៀងខ្លួន។ នេះបើតាមក្រសួងអប់រំ យុវជន និងកីឡា៕
ពិធីបើកការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេសឆ្នាំ២០២៥។ រូបភាពពីMoEYS
អ្នកសរសេរអត្ថបទ
ញឹក ស្រីល័ក្ខ (Nhek Sreyleak) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០១៦ ដោយចាប់ការងារជាអ្នកហាត់ការ។ បច្ចុប្បន្ន ស្រីល័ក្ខ ជានិពន្ធនាយិការង ដែលទទួលបន្ទុកផ្នែកព័ត៌មានសង្គម។ ស្រីល័ក្ខ ស្រឡាញ់អាជីពអ្នកសារព័ត៌មានតាំងពីកុមារភាព។ ក្រោយប្រឡូកក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ស្រីល័ក្ខ ទទួលបានរហស្សនាមថា «នាងថ្មីៗ»។ ស្រីល័ក្ខ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មាន និងគមនាគមន៍នៅសាកលវិទ្យាល័យកម្ពុជា។ បច្ចុប្បន្ន ស្រីល័ក្ខ កំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច៕
