- ថ្ងៃចន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៤:៣៩ នាទី រសៀល

ភ្នំពេញ៖ ក្រសួងមុខងារសាធារណៈ និងក្រសួងធម្មការនិងសាសនា បានសហការរៀបចំសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធនៃក្រសួងធម្មការនិងសាសនា» នៅថ្ងៃទី២៨ មេសានេះ។ សិក្ខាសាលានេះ រៀបចំដើម្បីបង្ហាញវឌ្ឍនភាពការងារដែលក្រុមការងារបច្ចេកទេសអន្តរក្រសួងបានរួមចិត្ត រួមស្មារតី និងសហការការងារជាមួយគ្នា ពាក់ព័ន្ធនឹងការវិភាគមុខងារ និងរចនាសម្ព័ន្ធ។
ក្រសួងធម្មការនិងសាសនា ជាក្រសួងទី២៤ហើយ ដែលក្រសួងមុខងារសាធារណៈ សហការរៀបចំសិក្ខាសាលាស្ដីពី«ការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធនៃក្រសួងធម្មការនិងសាសនា»។ សិក្ខាសាលានៅព្រឹកនេះ មានការចូលរួមពីលោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងលោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា។
បើតាមក្រសួងមុខងារសាធារណៈ សិក្ខាសាលានេះ គោលបំណងបង្ហាញវឌ្ឍនភាពការងារដែលក្រុមការងារបច្ចេកទេសអន្តរក្រសួងបានរួមចិត្ត រួមស្មារតី និងសហការការងារជាមួយគ្នា ដើម្បីសិក្សាលើស្ថានភាពបឋមនៃការការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន។ លើសពីនេះ សិក្ខាសាលានេះ ក៏បង្កើនកិច្ចសហប្រតិបត្តិការការងារគ្នាកាន់តែជិតស្និទ្ធបន្ថែមទៀត តាមរយៈការជួយបំពេញគ្នា ការរៀបចំយន្តការដើម្បីប្រទាក់ក្រឡាគ្នា និងគាំទ្រគ្នាទៅវិញទៅមកផងដែរ។
ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ មិនមែនជារឿងថ្មីនោះទេ តែជាការបន្តអនុវត្តការងារក្នុងបរិបទការងារថ្មី ដែលក្រសួង ស្ថាប័ននីមួយៗ គឺជាម្ចាស់នៃការងារ សំដៅដល់ការសម្រេចគោលនយោបាយកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល។ ចំពោះកិច្ចការវិភាគមុខងារនេះ ក្រសួងមុខងារសាធារណៈ មានភារកិច្ចជាអ្នកជួយសម្របសម្រួល តាមដានការអនុវត្ត និងផ្តល់ការគាំទ្រទាំងក្របខណ្ឌបច្ចេកទេស ឬការបំពេញបន្ថែមនានាតាមការចាំបាច់របស់ក្រសួង ស្ថាប័ននីមួយៗ។
សូមបញ្ជាក់ថា ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនេះ ត្រូវបានចេញដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងទិសដៅលើកកម្ពស់ដំណើរការនៃក្រសួង ស្ថាប័នឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ក្នុងក្របខណ្ឌនៃការបំពេញមុខងារ និងបេសកកម្មរបស់ខ្លួន៕





អ្នកសរសេរអត្ថបទ
ញឹក ស្រីល័ក្ខ (Nhek Sreyleak) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០១៦ ដោយចាប់ការងារជាអ្នកហាត់ការ។ បច្ចុប្បន្ន ស្រីល័ក្ខ ជានិពន្ធនាយិការង ដែលទទួលបន្ទុកផ្នែកព័ត៌មានសង្គម។ ស្រីល័ក្ខ ស្រឡាញ់អាជីពអ្នកសារព័ត៌មានតាំងពីកុមារភាព។ ក្រោយប្រឡូកក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ស្រីល័ក្ខ ទទួលបានរហស្សនាមថា «នាងថ្មីៗ»។ ស្រីល័ក្ខ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មាន និងគមនាគមន៍នៅសាកលវិទ្យាល័យកម្ពុជា។ បច្ចុប្បន្ន ស្រីល័ក្ខ កំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច៕
