- ថ្ងៃចន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៧:៥៩ នាទី ល្ងាច

ភ្នំពេញ៖ ដើម្បីការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងសុខភាពសាធារណៈ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើឱ្យម្ចាស់ស្ថានីយវិទ្យុ ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ចូលរួមបញ្ឈប់ការផ្សាយពាណិជ្ជកម្ម លក់ឱសថគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល
លិខិតជម្រាបទៅម្ចាស់ស្ថានីយវិទ្យុ ទូរស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ចុះថ្ងៃទី១១មេសា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អះអាងថា បានសង្កេតឃើញ មានការផ្សព្វផ្សាយលក់ផលិតផលឱសថ CALCUTIL និងឱសថផ្សេងៗទៀត ដោយគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល។ លើសពីនេះ ការផ្សព្វផ្សាយ ប្រើប្រាស់ខ្លឹមសារផ្សព្វផ្សាយបំផ្លើសហួសពីការពិត ដែលនាំឱ្យប្រជាពលរដ្ឋ មានការភាន់ច្រឡំ និងអាចប៉ះពាល់ដល់សុខាភាពផងដែរ។
ដើម្បីចូលរួមការពារប្រយោជន៍ពលរដ្ឋ និងសុខភាពសាធារណៈ កាត់បន្ថយផលអវិជ្ជមាននៃការប្រើប្រាស់ឱសថ ដែលគ្មានប្រភពច្បាស់លាស់ រដ្ឋមន្ត្រីព័ត៌មាន បានស្នើឱ្យម្ចាស់ស្ថាននីយវិទ្យុ ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់បែបនេះ៖ «ស្នើសុំចូលរួមសហការទប់ស្កាត់ និងបញ្ឈប់នូវការផ្សព្វផ្សាយពាណិជ្ជកម្មឱសថបុរាណ និងឱសថគ្រប់ប្រភេទដែលគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល»។
ជាមួយគ្នាដែរ លោក នេត្រ ភក្ត្រា ក៏ណែនាំឱ្យបញ្ឈប់ការផ្សាយផលិតផល CALCUTIL និងលុបមាតិការដែលបានផ្សាយកន្លងមក ហើយរាល់ការផ្សាយផលិតផលឱសថ ត្រូវពិនិត្យឱ្យច្បាស់លាស់លើលេខបញ្ជិកា៕
អ្នកសរសេរអត្ថបទ
