ព្រះ​រាជ​ពិធី​ច្រត់​ព្រះ​នង្គ័លឆ្នាំនេះ នឹងប្រារព្ធ​នៅទីព្រះស្រែ ក្នុងកីឡដ្ឋានក្រុងកំពង់ឆ្នាំង
  • ថ្ងៃអង្គារ ទី២៩ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៧:៥៩ នាទី ព្រឹក
ព្រះ​រាជ​ពិធី​ច្រត់​ព្រះ​នង្គ័លឆ្នាំនេះ នឹងប្រារព្ធ​នៅទីព្រះស្រែ ក្នុងកីឡដ្ឋានក្រុងកំពង់ឆ្នាំង
រូបភាព​ពី​រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង

ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថនរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នឹងយាងចូលរួមជាព្រះរាជាធិបតីភាព ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល នៅថ្ងៃទី១៥ ខែឧសភា នាទីព្រះស្រែ ក្នុងកីឡដ្ឋានក្រុងកំពង់ឆ្នាំង ខេត្ត​កំពង់ឆ្នាំង។ នេះ​បើតាម​គណៈកម្មា​ធិការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ-អន្តរជាតិ​។

TTN-Free-Banner-In-Article-PC

ព្រះរាជពិធីច្រត់ព្រះនង្គ័ល ត្រូវបានប្រារព្ធធ្វើឡើងក្នុងខែពិសាខ ជារៀងរាល់ឆ្នាំ ជានិមិត្តរូប នៃការចាប់ផ្ដើមប្រកាសរដូវធ្វើស្រែចម្ការ និងដាំណាំផ្សេងៗរបស់ប្រជាកសិករ និងផ្សងមើលប្រផ្នូលស្រុក ទេស តាមរយៈគោឧសភរាជ។ ព្រះ​រាជពិធី​ច្រ​ត់​ព្រះ​នង្គ័ល​ក្នុង​ឆ្នាំនេះ នឹង​ប្រារព្ធ​នៅ​ក្រុង​កំពង់ឆ្នាំង ខេត្ត​កំពង់ឆ្នាំង រយៈពេល​៤ថ្ងៃ។

បើតាម​គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ថ្ងៃទី​១២-១៤ ឧសភា ជា​ថ្ងៃ​ប្រារព្ធ​ហោម​ពិធី​ និង​ពិធី​តាម​រោង​មណ្ឌល​ជា​កិច្ច​របស់​ក្រុម​បារគូ។ ដោយ​ឡែក​ថ្ងៃទី​១៥ ឧសភា ជា​ថ្ងៃ​ប្រារព្ធ​ព្រះ​រាជ​ពិធី​ច្រត់​ព្រះ​នង្គ័ល​ជា​ផ្លូវ​ការ។ 

ព្រះរាជពិធីច្រត់ព្រះនង្គ័លកាលឆ្នាំ២០២៤ នៅខេត្តកំពង់ស្ពឺ។ រូបភាពពី​រដ្ឋសភា។

ក្នុងព្រះរាជពិធីនេះ ព្រាហ្មណ៍ព្រះរាជគ្រូ សូធ្យពាក្យអធិដ្ឋានផ្សងគោឧសភរាជ ដែលទឹមច្រត់ព្រះ នង្គ័ល នោះ ឱ្យស៊ីផឹករបស់៧យ៉ាង ដែលរៀបដាក់តុប្រាក់ធំៗ ដែលរួមមាន គ្រាប់ស្រូវ១តុ គ្រាប់សណ្ដែក១តុ គ្រាប់ពោត១តុ គ្រាប់ល្ង១តុ ស្មៅស្រស់១តុ ទឹក១តុ និងស្រា១តុ។ 

សូធ្យចប់ព្រាហ្មណ៍ព្រះរាជគ្រូ យកទឹកមន្ដប្រោះក្បាលគោឧសភរាជ ហើយមន្ត្រី ដឹកគោឧសភរាជ ទៅជិតរបស់ទាំង៧យ៉ាងនោះ ឱ្យ​គោឧសភរាជ ស៊ីផឹកអ្វី ក៏ស៊ីផឹកទៅ ដោយមិនបង្ខំឡើយ។ កាលណា គោឧសភរាជ ស៊ីផឹកអ្វីមួយយ៉ាង ឬពីរយ៉ាង ព្រាហ្មណ៍ ក៏ទាយផលប្រផ្នូលទៅតាមនោះ៕

ព្រះរាជពិធីច្រត់ព្រះនង្គ័លកាលឆ្នាំ២០២៤ នៅខេត្តកំពង់ស្ពឺ។ រូបភាពពី​រដ្ឋសភា។


ព្រះរាជពិធីច្រត់ព្រះនង្គ័លកាលឆ្នាំ២០២៤ នៅខេត្តកំពង់ស្ពឺ។ រូបភាពពី​រដ្ឋសភា។


អ្នកសរសេរអត្ថបទ

ញឹក ស្រីល័ក្ខ  (Nhek Sreyleak) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០១៦ ដោយចាប់ការងារជាអ្នកហាត់ការ។ បច្ចុប្បន្ន ស្រីល័ក្ខ ជានិពន្ធនាយិការង ដែលទទួលបន្ទុកផ្នែកព័ត៌មានសង្គម។     ស្រីល័ក្ខ ស្រឡាញ់អាជីពអ្នកសារព័ត៌មានតាំងពីកុមារភាព។ ក្រោយប្រឡូកក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ស្រីល័ក្ខ ទទួលបានរហស្សនាមថា «នាងថ្មីៗ»។    ស្រីល័ក្ខ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មាន និងគមនាគមន៍នៅសាកលវិទ្យាល័យកម្ពុជា។ បច្ចុប្បន្ន ស្រីល័ក្ខ កំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ញឹក ស្រីល័ក្ខ