- ថ្ងៃចន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៥:៥៤ នាទី ល្ងាច

ភ្នំពេញ៖ នាវាចំបាំងកងទ័ពជើងទឹករុស្ស៊ី៣គ្រឿង និងនាវាកងទ័ពជើងទឹកប្រជាជនវៀតណាម១គ្រឿង បានចូលសំចត នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែរាម។ នេះបើតាមការចេញផ្សាយរបស់ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ហើយបង្ហាញពីចូលសំចតនាវានេះ ជាដំណើរទស្សកិច្ច។
នាវាចំបាំងកងទ័ពជើងទឹករុស្ស៊ីទាំង៣គ្រឿង ដឹកនាំដោយ លោក ALEKSEI ANTSIFEROV នាយសេនាធិការ នៃផ្នែកនាវានៅលើផ្ទៃទឹក កងនាវាប៉ាស៊ីហ្វិកនៃសហព័ន្ធរុស្ស៊ី។ នាវាបីនេះ មាននាវិកសរុបចំនួន២៦២នាក់។ ពួកគេ បានចូលចតកាលពីព្រឹកថ្ងៃទី២៨មេសា។ ដំណើរទស្សនកិច្ច មកកម្ពុជារបស់ពួកគេ មានរយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃទី២៨ ខែមេសា ដល់ថ្ងៃទី១ ខែឧសភា។
ក្នុងដំណើរទស្សកិច្ចនេះ មានលោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និង មេបញ្ជាការមូលដ្ឋានសមុទ្ររាម រួមជាមួយមេបញ្ជាការកងទ័ពជើងទឹក នៃកងយុទ្ធពលខេមរភូមិន្ទ បានជួបទទួលស្វាគមន៍ កងទ័ពជើងទឹករូស្ស៊ី។ ក្រៅពីនេះ ពួកគេ ក៏មានលេងកីឡាជាមិត្តភាព បាល់ទះ បាល់ទាត់ រវាងនាវិកកងទ័ពប្រទេសទាំងពីរ។
ពាក់ព័ន្ធនឹងការជជែកគ្នាលម្អិត និងគោលដៅចម្បងបន្ថែមទៀត ជុំវិញដំណើរទស្សកិច្ច ខាងលើ សារព័ត៌មានឌីជីថលថ្មីៗ ពុំអាចទាក់ទងលោក ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារបានឡើយ។
នាវាទាំងបីគ្រឿង គឺ REZKIY, HERO និង PECHENGA។
REZKIY លេខ ៣៤៣ មានទម្ងន់ផ្ទុក ២ ២៥០តោន។ REZKIY មានបណ្ដោយ១០៤.៥ម៉ែត្រ, ទទឹង១៣ម៉ែត្រ ហើយអាចជម្រៅទឹក៧.៩៥ម៉ែត្រ។ ក្នុង REZKIY មាននាវឹក១០០នាក់ ក្នុងនោះ មេបញ្ជាការនាវា គឺលោក Evgenii KOVA LEV។
នាវាកងទ័ពរុស្ស៊ី ចូលចតនៅខេត្តព្រះសីហនុ។ រូបពី ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ
ចំណែក HERO លេខ ៣៣៩ មានទម្ងន់ផ្ទុក ២ ២៥០តោន។ HERO មានបណ្ដោយ១០៤.៥ម៉ែត្រ, ទទឹង ១៣ ម៉ែត្រ ហើយអាចជម្រៅទឹក៧.៩៥ម៉ែត្រ។ HERO មាននាវឹកសរុបចំនួន១០០នាក់ ក្នុងនោះមេបញ្ជាការនាវា គឺលោក DMITRII GUNKO។
រីឯ នាវាទីបី PECHENGA មានទម្ងន់ផ្ទុក១២ ៨៩១តោន។ PECHENGA មានបណ្ដោយ១៣០ម៉ែត្រ, ទទឹង ២០ ម៉ែត្រ និងអាចជម្រៅទឹក៧,២ម៉ែត្រ។ PECHENGA មាននាវឹក៦២នាក់ ក្នុងមេបញ្ជាការនាវា គឺលោក GONCHAR Aleksandr។
កាលពីថ្ងៃទី ២៧ ខែមេសា ក៏មាននាវាកងទ័ពជើងទឹកប្រជាជនវៀតណាម១គ្រឿង បានចូលចតនៅកម្ពុជាដែរ នៅមូលដ្ឋានកងទ័ពជើងទឹករាម។ នាវានេះ មានលោក ម៉ាយ ដាំងហ្សាញ់ មេបញ្ជាការរង និងជានាយសេនាធិការ បញ្ជាការដ្ឋានតំបន់៥ កងទ័ពជើងទឹកប្រជាជនវៀតណាម ជាអ្នកដឹកនាំ។
ក្នុងដំណើរទស្សកិច្ចនេះ កងទ័ពជើងទឹកវៀវណាម បានចូលរួមកិច្ចប្រជុំដកបទពិសោធន៍ការងារល្បាតរួមលើកទី៣៥ នៅមូលដ្ឋានសមុទ្ររាម ជាមួយកងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទកម្ពុជា នៅទី២៨មេសា។ ដំណើរទស្សនកិច្ចរបស់កងទ័ពជើងទឹកមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩មេសា។
លោក ម៉ាយ ដាំងហ្សាញ់ បានជួបសម្តែងការគួរសម ជាមួយលោក ម៉ី ឌីណា មេបញ្ជាការ មូលដ្ឋានសមុទ្ររាម នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនពហុសាសន៍ មូលដ្ឋានសមុទ្ររាម ក្នុងគោលបំណងដើម្បីពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ពជើងទឹកទាំងពីរ កម្ពុជា-វៀតណាម។
នាវាវៀតណាម HQ ២៦១ មានបណ្ដោយ ៤៩.៥៦ម៉ែត្រ, ទទឹង ៩,២ម៉ែត្រ និងទម្ងន់ ផ្ទុក ៣៧៥តោន។ HQ ២៦១ មានជម្រៅទឹក២,៣ម៉ែត្រ។ ក្នុងនាវានេះ មាននាវិក៣៧នាក់ ក្នុងនោះ មេបញ្ជាការនាវា គឺលោក ង៉ូ ក្វាងគឿង។
សូមជម្រាបថា នាវារបស់វៀតណាមដែលចូលចតនេះ ជានាវាបរទេសទី២ហើយ ដែលត្រូវបានអនុញ្ញាតឱ្យចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម ក្រោយពីបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ផែរាម កាលពីថ្ងៃទី៥ ខែមេសា៕
អ្នកសរសេរអត្ថបទ
