- ថ្ងៃអង្គារ ទី២៩ ខែមេសា ឆ្នាំ២០២៥ ម៉ោង ១១:២៩ នាទី ព្រឹក

ភ្នំពេញ៖ ក្រសួងមុខងារសាធារណៈ បានធ្វើបច្ចុប្បន្នភាពអំពីវឌ្ឍនភាពស្ដីពី«ការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន» នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២៩ មេសានេះ។ លោក ហ៊ុន ម៉ានី លើកឡើងថា សិក្ខាសាលាថ្ងៃនេះ ជាឱកាសដ៏មានសារៈសំខាន់សម្រាប់ក្រសួងមុខងារ ផ្សព្វផ្សាយ និងជំរុញបន្ថែមទៀតនូវការអនុវត្តការងារដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍវិស័យមុខងារសាធារណៈ និងការកែទម្រង់រដ្ឋបាលសាធារណៈ។
ក្រសួងមុខងារសាធារណៈ បានបន្តផ្សព្វផ្សាយស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន» នៅវិមានរដ្ឋសភា។ សិក្ខាសាលានៅថ្ងៃនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពសម្តេច ឃួន សុដារី ប្រធានរដ្ឋសភា, លោកឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងមានការចូលរួមពីលោក ធន់ វឌ្ឍនា អនុប្រធានទី២ នៃព្រឹទ្ធសភាផងដែរ។
ថ្លែងក្នុងសិក្ខាសាលាខាងលើ លោក ហ៊ុន ម៉ានី បានលើកឡើងថា៖ «សិក្ខាសាលានាថ្ងៃនេះ ជាឱកាសដ៏មានសារៈសំខាន់សម្រាប់ក្រសួងមុខងារ ផ្សព្វផ្សាយ និងជំរុញបន្ថែមទៀតនូវការអនុវត្តការងារដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍវិស័យមុខងារសាធារណៈ និងការកែទម្រង់រដ្ឋបាលសាធារណៈ។ ជាពិសេសការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន ដែលក្រសួងមុខងារ បាន និងកំពុងសម្របសម្រួល និងគាំទ្រដើម្បីសម្រេចបានតាមការតម្រង់ទិសរបស់រាជរដ្ឋាភិបាល។»។
បើតាមលោក ហ៊ុន ម៉ានី ការវិភាគមុខងារនេះ គឺប្រៀបបានទៅនឹងដំណើរការនៃការពិនិត្យសុខភាព ដើម្បីពិនិត្យមើលកម្លាំង ថាមពល និងភាពធន់នៃរដ្ឋបាលសាធារណៈ ក្នុងការឈានទៅសម្រេចបានចក្ខុវិស័យឆ្នាំ២០៥០ កម្ពុជាជាប្រទេសអភិវឌ្ឍន៍។ «ការវិភាគមុខងារនេះ គឺជាឱកាសក្នុងការរៀបចំ និងកែលម្អរដ្ឋបាលសាធារណៈកម្ពុជា ឱ្យកាន់តែមានភាពធន់ និងច្បាស់លាស់បន្ថែម ប្រកបដោយគុណភាព ប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព។»។ លោកឧបនាយករដ្ឋមន្រ្តីបន្តដូច្នេះ។
នេះជាលើកទី២ ដែលលោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដឹកនាំប្រតិភូ ក្រសួងមុខងារសាធារណៈ មករដ្ឋសភា ដើម្បីធ្វើបច្ចុប្បន្នភាព អំពីវឌ្ឍនភាពការងាររបស់ក្រសួងមុខងារសាធារណៈ ដោយលើកដំបូង រៀបចំឡើងកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣។
ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ មិនមែនជារឿងថ្មីនោះទេ តែជាការបន្តអនុវត្តការងារក្នុងបរិបទការងារថ្មី ដែលក្រសួង ស្ថាប័ននីមួយៗ គឺជាម្ចាស់នៃការងារ សំដៅដល់ការសម្រេចគោលនយោបាយកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល។ ចំពោះកិច្ចការវិភាគមុខងារនេះ ក្រសួងមុខងារសាធារណៈ មានភារកិច្ចជាអ្នកជួយសម្របសម្រួល តាមដានការអនុវត្ត និងផ្តល់ការគាំទ្រទាំងក្របខណ្ឌបច្ចេកទេស ឬការបំពេញបន្ថែមនានាតាមការចាំបាច់របស់ក្រសួង ស្ថាប័ននីមួយៗ។
សូមបញ្ជាក់ថា ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនេះ ត្រូវបានចេញដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងទិសដៅលើកកម្ពស់ដំណើរការនៃក្រសួង ស្ថាប័នឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ក្នុងក្របខណ្ឌនៃការបំពេញមុខងារ និងបេសកកម្មរបស់ខ្លួន៕
អ្នកសរសេរអត្ថបទ
ញឹក ស្រីល័ក្ខ (Nhek Sreyleak) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០១៦ ដោយចាប់ការងារជាអ្នកហាត់ការ។ បច្ចុប្បន្ន ស្រីល័ក្ខ ជានិពន្ធនាយិការង ដែលទទួលបន្ទុកផ្នែកព័ត៌មានសង្គម។ ស្រីល័ក្ខ ស្រឡាញ់អាជីពអ្នកសារព័ត៌មានតាំងពីកុមារភាព។ ក្រោយប្រឡូកក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ស្រីល័ក្ខ ទទួលបានរហស្សនាមថា «នាងថ្មីៗ»។ ស្រីល័ក្ខ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មាន និងគមនាគមន៍នៅសាកលវិទ្យាល័យកម្ពុជា។ បច្ចុប្បន្ន ស្រីល័ក្ខ កំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច៕
