នាយករដ្ឋមន្ត្រី ឱ្យអភិបាលខេត្តនីមួយៗ ប្រកួតគ្នាអភិវឌ្ឍ​ន៍​ខេត្ត​រៀងខ្លួន
  • ថ្ងៃអង្គារ ទី២៩ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ២:៥៩ នាទី រសៀល
នាយករដ្ឋមន្ត្រី ឱ្យអភិបាលខេត្តនីមួយៗ ប្រកួតគ្នាអភិវឌ្ឍ​ន៍​ខេត្ត​រៀងខ្លួន
សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៤១ ប្រវែងសរុប ២០១,៣៨៥គីឡូម៉ែត្រ នៅតាកែវ នាថ្ងៃទី២៩មេសា។ រូបពី STPM

ភ្នំពេញ៖ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អំពាវនាវឱ្យវិស័យឯកជន និងអ្នកធុរកិច្ច ងាកមើលហើយចាប់យកឱកាសវិនិយោគ នៅតំបន់សក្តានុពលនាប៉ែកនិរតី ដើម្បីរួមគ្នា​អភិវឌ្ឍន៍ជាមួយរដ្ឋាភិបាល។ ប្រមុខរាជរដ្ឋាភិបាល ក៏ចង្អុលបង្ហាញឱ្យ អាជ្ញាធរថ្នាក់ក្រោមជាតិ ពិសេសអភិបាលខេត្ត ឱ្យប្រឹងប្រកួតប្រជែងគ្នា ពីការបម្រើសេវាឱ្យកាន់តែប្រសើរ ការបង្កើតគម្រោងទាក់ទាញការវិនិយោគ និងភ្ញៀវទេសចរ។

TTN-Free-Banner-In-Article-PC

នៅក្នុងពិធី​សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ និងផ្លូវ​ជាតិ​លេខ៤១ ប្រវែងសរុប ២០១,៣៨៥គីឡូម៉ែត្រ នៅខេត្តតាកែវ នាថ្ងៃទី២៩ ខែមេសា នាយករដ្ឋមន្ត្រី អំពាវនាវឱ្យវិស័យឯកជន និងធុរកិច្ច ងាកទៅចាប់អារម្មណ៍ទាញ​យកសក្តា​នុ​​ពលពីផ្លូវ ដែលទើបកសាងនេះឡើង។ ​ 

សម្ដេច ហ៊ុន ម៉ាណែត ចាត់ទុកតំបន់និរតី ជាខេត្តមានសក្តានុពល សម្រាប់វិនិយោគ និង​បង្កើន​​កំណើនសេដ្ឋកិច្ច សម្រាប់ក្នុងនិងក្រៅប្រទេស។ ជាមួយគ្នាដែរ នាយករដ្ឋមន្ត្រីអះ​អាងថា នឹងបន្តជំរុញការវិនិយោគនៅតំបន់នេះ ហើយស្នើឱ្យអាជ្ញាធរខិតខំប្រកួតគ្នា ទាក់​ទាញការវិនិយោគផងដែរ។ 

សម្ដេច ហ៊ុន​ ម៉ាណែត ចង្អុលបង្ហាញឱ្យមន្ត្រីថ្នាក់ក្រោមជាតិ ពិសេសអភិបាល​ខេត្ត​នីមួយៗ​ប្រកួតគ្នាបែបនេះ៖ «ប្រកួតប្រជែងគ្នា! ផ្លូវមកដល់ហើយ យើងទាញផ្លូវនេះ ដើម្បីទាញឆ្នាំង​បាយ​មកចូលផ្ទះយើង។ ប្រកួតគ្នាទៅ សេវាសាធារណៈ បូកជាមួយសក្តានុពលនៃរដ្ឋ។ ត្រូវ​គិតចេះ​! អ្វីដែលយើងឃើញហើយថា តើវាអាចទាញអ្វីឱ្យយើង(ប្រយោជន៍រួម) សុំកុំ​និ​យាយ​ ថាវាអាចទាញអ្វីឱ្យខ្ញុំ។ ដូរនិយមន័យ កុំឃើញគេមកថា​តើខ្ញុំបានអ្វីជា​ផ្ទាល់ខ្លួន ត្រូវ​ថា​តើខេត្តខ្ញុំ ប្រជាជនខ្ញុំ នៅភូមិនេះ បានអ្វីឱ្យច្រើន (ប្រយោជន៍រួមក្នុងភូមិ) ទើបយើងដាក់​ទិសដៅ បម្រើសេវាបានល្អ»។ 

ជាមួយគ្នាដែរ នាយករដ្ឋមន្ត្រី ពន្យល់បន្ថែម ពីកិច្ចខិតខំរបស់អាជ្ញាធរក្នុងខេត្ត ស្រុក ឃុំ ភូមិ មាន​ភាពរីកចម្រើន នឹងនាំឱ្យពលរដ្ឋមានសេដ្ឋកិច្ចប្រសើរ ហើយមន្ត្រីក្នុងខេត្តក៏មានមុខ​មាត់​​ដែរ។ សម្ដេច សង្កាត់ធ្ងន់បែបនេះ៖ «ខ្ញុំសុំបញ្ជាក់ ទោះបីជារដ្ឋាភិបាលទាញ គោល​នយោបាយវិនិយោគល្អយ៉ាងណាក៏ដោយ ចង់តម្រង់ទិសទៅខេត្ត តាមរយៈការធ្វើផ្លូវ ឬ​ធ្វើអ្វីក៏ដោយ ប៉ុន្តែបើគេទៅដល់សេវាពិបាក គេទៅខេត្តជិតហ្នឹង ដែលសេវាស្រួលហើយ! ជឿ​ចុះ»។ 

បើការទាកទាញការវិនិយោគនៅតាមខេត្តនីមួយៗ មានសេវាល្អ និងគម្រោង​ទាក់ទាញ​កាន់​សម្បូរបែប  សម្ដេច ធានាថាមន្ត្រីថ្នាក់ជាតិ នឹងកាន់តែស្រួលជជែក​ជាមួយអ្នក​វិនិយោគ៕  


អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ឡាយ សុភាវតី