សហគ្រាសខ្មែរចំនួន៣ កំពុងកែច្នៃត្រីនាំចេញទៅអូស្រ្តាលី ខណៈ៥ទៀតត្រៀមនាំទៅអឺរ៉ុប
  • ថ្ងៃអង្គារ ទី២៩ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៦:៥៩ នាទី ល្ងាច
សហគ្រាសខ្មែរចំនួន៣ កំពុងកែច្នៃត្រីនាំចេញទៅអូស្រ្តាលី ខណៈ៥ទៀតត្រៀមនាំទៅអឺរ៉ុប

ភ្នំពេញ៖​ សហគ្រាសចំនួន ៣របស់កម្ពុជា កំពុងកែច្នៃត្រីនាំចេញទៅអូស្រ្តាលី ខណៈសហគ្រាស ៥ទៀត ត្រៀមខ្លួនឆ្លើយតបនឹងលក្ខខណ្ឌតម្រូវនានា ដើម្បីឈានទៅរកការនាំចេញសម្រាប់ទីផ្សារអឺរ៉ុប។ នេះបើតាមការបញ្ជាក់របស់ លោក ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល ក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មានឌីជីថលថ្មីៗ នាកម្មវិធី«អបអរសាទរ​ទិវាភពផែនដី​​» នៅថ្ងៃទី២៩ ខែមេសា។

TTN-Free-Banner-In-Article-PC

លោក​ ពុំ សុថា បានលើកឡើងថា បច្ចុប្បន្នកម្ពុជាបានចេញជលផលកែច្នៃចំនួន ​២កុងតឺន័រ តាមរយៈសហគ្រាសក្នុងស្រុកចំនួន៣ ទៅកាន់តែទីផ្សារអូស្រ្តាលី។ ថ្វីបើបរិមាណនេះតិច ប៉ុន្តែ លោកសាទរ និង ចាត់ទុកថា វាគ្រាន់តែជំហានដំបូងប៉ុណ្ណោះ ខណៈសហគ្រាសចំនួន៥ទៀត បានត្រៀមខ្លួនរួចរាល់ក្នុងការឆ្លើយតបនឹងលក្ខខណ្ឌតម្រូវរបស់អគ្គនាយកដ្ឋានសុខភាព និងសុវត្ថិភាពអាហារនៃសហភាពអឺរ៉ុប (DG-SANTE) សម្រាប់ការធ្វើសវនកម្ម ដើម្បីនាំចេញទៅសហភាពអឺរ៉ុបនាពេលខាងមុខ។

លោក ថ្លែងបន្ថេមដូច្នេះថា៖«ការនាំចេញទៅអូស្រ្តាលីនេះ គឺយើងទើបតែនាំចេញបាន២កុងតឺន័រទេ។​ និយាយទៅនេះទើបតែចាប់ផ្ដើមទេ ដូច្នេះហើយបានយើងធ្វើការជាមួយសហភាពអឺរ៉ុប និងអ្នកជំនាញនានា ដើម្បីធ្វើយ៉ាងឱ្យផលិតផលជលផលរបស់យើងមានគុណភាព និងសុវត្ថិភាពម្ហូបអាហារជាមុនសិន ទើបអាចនាំចេញទៅអឺរ៉ុប»។ 

គ្រប់សហគ្រាសដែលនាំចេញជលផលកែច្នៃទៅអូស្រ្តាលី និងអឺរ៉ុប ត្រូវឆ្លងកាត់ការបណ្ដុះបណ្ដាលពីគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) ដែលសហការអនុវត្តដោយរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការ UNIDO មានគោលដៅគាំទ្រសមត្ថភាពបច្ចេកទេស លើកកម្ពស់ការប្រកួតប្រជែង និងអនុវត្តនូវប្រព័ន្ធស្តង់ដាម្ហូបអាហារគុណភាព(CQS)។ 

បច្ចុប្បន្ន មានសហគ្រាសចំនួន ១៩ហើយ ឱ្យទទួលបាន CQS។ ទន្ទឹមនេះ សហគ្រាស ១០បន្ថែមទៀត ក៏បានត្រៀមរួចរាល់ ដើម្បីទទួលបានCOS ផងដែរ។ ក្នុងដំណើរនាំចេញជលផលកែច្នៃទៅទីផ្សារអន្តរជាតិនេះ រដ្ឋបាលជលផល ក្រោមការគាំទ្ររបស់គម្រោង អភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) បានផ្ដល់ទុនវិនិយោគគាំទ្រសម្រាប់កែលម្អប្រព័ន្ធផលិតកម្ម ពង្រីកទីផ្សា និងអនុវត្តគោលការណ៍ សុវត្ថិភាពអាហារ ដល់សហគ្រាសកែច្នៃផលជលផល១៩ ដែលគិតជាទឹកប្រាក់មានចំនួន១,៤លានដុល្លារ៕ 

អត្ថបទទាក់ទង


អ្នកសរសេរអត្ថបទ

 ឈុំ ចន្ថា ជាអ្នកសារព័ត៌មានជំនាញកសិកម្ម និងបរិស្ថាន។ ចន្ថា បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសិល្បៈនិង ការសិក្សាពីព័ត៌មាន។  

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ឈុំ ចន្ថា