- ថ្ងៃអង្គារ ទី២៩ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៤:៥៩ នាទី រសៀល

ភ្នំពេញ៖ លោក ជា សុផារ៉ា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងទទួលបានគ្រឿងឥស្សរិយយស The Grand Cordon of the Order of the Rising Sun ពីរដ្ឋាភិបាលជប៉ុន។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា។
នៅថ្ងៃទី២៩ ខែមេសានេះ គណៈរដ្ឋមន្រ្តីនៃរដ្ឋាភិបាលជប៉ុន បានប្រកាសឈ្មោះអ្នកត្រូវទទួលគ្រឿងឥស្សរិយយសសម្រាប់សរទររដូវឆ្នាំ២០២៥ ដែលផ្តល់ជូនដល់បុគ្គលឆ្នើមចំនួន ១០៧រូប ដើម្បីទទួលស្គាល់នូវការចូលរួមចំណែក ក្នុងកិច្ចការសាធារណៈ ឬជាតិ។ ក្នុងចំណោមបុគ្គលឆ្នើមទាំង១០៧រូប ក៏មានជនជាតិខ្មែរមួយរូប គឺលោក ជា សុផារ៉ា។
លោក ជា សុផារ៉ា ក្លាយជាបុគ្គលម្នាក់ក្នុងចំណោមបុគ្គលឆ្នើម១០៧រូប ជាជនបរទេស ដែលត្រូវទទួលគ្រឿងឥស្សរិយយសសម្រាប់សរទររដូវឆ្នាំ២០២៥ The Grand Cordon of the Order of the Rising Sun ពីរដ្ឋាភិបាលជប៉ុន។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុន អតីតឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីរូបនេះ ត្រូវបានទទួលស្គាល់ចំពោះស្នាដៃ ចូលរួមចំណែកក្នុងការពង្រឹងទំនាក់ទំនង និងមិត្តភាពរវាងជប៉ុន និងកម្ពុជា។ បច្ចុប្បន្ន លោក ជា សុផារ៉ា ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលមានឋានៈស្មើឧបនាយករដ្ឋមន្ត្រី៕
អ្នកសរសេរអត្ថបទ
ញឹក ស្រីល័ក្ខ (Nhek Sreyleak) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០១៦ ដោយចាប់ការងារជាអ្នកហាត់ការ។ បច្ចុប្បន្ន ស្រីល័ក្ខ ជានិពន្ធនាយិការង ដែលទទួលបន្ទុកផ្នែកព័ត៌មានសង្គម។ ស្រីល័ក្ខ ស្រឡាញ់អាជីពអ្នកសារព័ត៌មានតាំងពីកុមារភាព។ ក្រោយប្រឡូកក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ស្រីល័ក្ខ ទទួលបានរហស្សនាមថា «នាងថ្មីៗ»។ ស្រីល័ក្ខ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មាន និងគមនាគមន៍នៅសាកលវិទ្យាល័យកម្ពុជា។ បច្ចុប្បន្ន ស្រីល័ក្ខ កំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច៕
