សម្តេច ហ៊ុន សែន៖ពីតាមរយៈកងទ័ព ពេលនេះ កម្ពុជា-វៀតណាម ជួយគ្នាពឹងគ្នាតាមរយៈសេដ្ឋកិច្ច
  • ថ្ងៃពុធ ទី៣០ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៨:១៩ នាទី ព្រឹក
សម្តេច ហ៊ុន សែន៖ពីតាមរយៈកងទ័ព ពេលនេះ កម្ពុជា-វៀតណាម ជួយគ្នាពឹងគ្នាតាមរយៈសេដ្ឋកិច្ច
សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយលោកនាយករដ្ឋមន្ត្រីវៀតណាម ផាម មិញជិញ កាលពីរសៀលថ្ងៃទី២៩ ខែមេសា នាក្រុងហូជីមិញ

សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា កាលពីរសៀលថ្ងៃទី២៩ ខែមេសា បានជួបពិភាក្សាការងារជាមួយលោកនាយករដ្ឋមន្ត្រីវៀតណាម ផាម មិញជិញ (Pham Minh Chinh) ខណៈដែលសម្តេចដឹកនាំប្រតិភូចូលរួម ពិធីអបអរសាទរខួប៥០ឆ្នាំនៃថ្ងៃរំដោះភាគខាងត្បូងនិង ការបង្រួបបង្រួមប្រទេសវៀតណាម នាក្រុងហូជីមិញ។ ក្នុងឱកាសនោះ ប្រធានគណបក្សប្រជាជនកម្ពុជា បានរំលឹកពីអតីតកាលដែលប្រទេសជិតខាងទាំងពីរ បានពឹងគ្នា ជួយគ្នាតាមរយៈកងទ័ព ហើយបច្ចុប្បន្ន មកជួយគ្នាពឹងគ្នាតាមរយៈការធ្វើពាណិជ្ជកម្មវិញ។
TTN-Free-Banner-In-Article-PC


«វៀតណាមពូកែកែច្នែ កម្ពុជាពូកែដាំ ដូចជាស្វាយចន្ទី កម្ពុជាជាប់លេខ១នៅលើពិភពលោក ក្នុងការផលិតគ្រាប់ស្វាយចន្ទី ឯវៀតណាមជាប់លេខ១ ខាងកែច្នៃនាំចេញស្វាយចន្ទីទៅលក់នៅលើពិភពលោក។ ដូច្នេះ វាមានទំនាក់ទំនងគ្នាទៅវិញទៅមកនៅក្នុងពាណិជ្ជកម្ម»។ នេះជាការលើកឡើងរបស់សម្តេច ហ៊ុន សែន ក្នុងជំនួបជាមួយលោកនាយករដ្ឋមន្ត្រីវៀតណាម។

បើតាមលោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា សម្តេច ហ៊ុន សែន បានសាទរវៀតណាមក្នុងឱកាសខួប៥០ឆ្នាំនៃការរំដោះភាគត្បូង និងបង្រួបបង្រួមជាតិវៀតណាម ហើយលោក ផាម មិញជិញ ក៏បានអរគុណកម្ពុជាផងដែរក្នុងការរួមចំណែកជួយវៀតណាមឱ្យបានសម្រេចជោគជ័យ។

ពីអតីតកាលដែលនិយាយពីកងទ័ព ពេលនេះ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ បានលើកឡើងពីការប្រឹងប្រែងរួមគ្នានៃការពង្រីកពាណិជ្ជកម្ម ក្នុងនាមជាប្រទេសជិតខាង ដោយមិនគួរសំឡឹងមើលទីផ្សារឆ្ងាយពេកនោះឡើយ។

កាលពីថ្ងៃទី២៨ ខែមេសា ក្រសួងពាណិជ្ជកម្មនៃប្រទេសទាំងពីរ មានកិច្ចប្រជុំរួមគ្នានៅក្រុងហាណូយ ដើម្បីចុះហត្ថលេខាលើកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីសម្រាប់ អនុវត្តឆ្នាំ២០២៥-២០២៦  ដោយឯកភាពបង្កើតគណៈកម្មាធិការពាណិជ្ជកម្មចម្រុះ  ដើម្បីបង្កើនទំហំពាណិជ្ជកម្មដល់គោលដៅ២០ពាន់លានដុល្លាអាមេរិក និង ដោះស្រាយបញ្ហាពាណិជ្ជកម្មនៅតាមបណ្តោយព្រំដែន។ 
សម្រាប់សម្តេច ហ៊ុន សែន គោលដៅ ២០ពាន់លានដុល្លារ ជាគោលដៅអាចធ្វើបាន មិនធំជ្រុលនោះឡើយ។ ចំណែកភាគីវៀតណាមវិញ លោក ផាម មិញជិញ សង្ឃឹមថា ប្រទេសទាំងពីរនឹងសម្រេចតាមការចង់បានរបស់ខ្លួន ដោយតាមរយៈកិច្ចព្រមព្រៀងនេះ វៀតណាមនឹងទិញអង្ករ ស្វាយចន្ទី និងគ្រឿងសមុទ្របន្ថែមទៀតពីកម្ពុជា។ 

ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រីវៀតណាម បានសន្យាបញ្ចុះពន្ធនៃការនាំស៊ីម៉ងដ៍មកកាន់កម្ពុជា និងផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា តាមតម្រូវការរបស់កម្ពុជា ជាពិសេសនៅក្នុងវិស័យបច្ចេកវិទ្យា ព្រមទាំងសន្យាផ្តល់ការផ្គត់ផ្គង់អគ្គិសនីដល់កម្ពុជាតាមតម្រូវការជាក់ស្តែង៕ 
 

អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

រួបរួម