ពិព័រណ៍«រាជសំរឹទ្ធខ្មែរ៖ សិល្បៈនៃអាទិទេព» នៅសារមន្ទីរហ្គីមេ បង្ហាញពីទេពកោសល្យដ៏អស្ចារ្យនៃការសិតលោហៈរបស់បុព្វបុរសខ្មែរ
- ថ្ងៃពុធ ទី៣០ ខែមេសា ឆ្នាំ២០២៥ ម៉ោង ១០:៤១ នាទី ព្រឹក

ពិព័រណ៍ស្តីពី «រាជសំរឹទ្ធខ្មែរ៖ សិល្បៈនៃអាទិទេព-Angkor Royal Bronzes: Art of the Divine» ត្រូវបានបើកសម្ពោធហើយ កាលពីថ្ងៃទី២៨ ខែមេសា នៅសារមន្ទីរហ្គីមេ (Guimet) ប្រទេសបារាំង។ ពិព័រណ៍មិនអចិន្ត្រៃយ៍នេះ ត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាងសារមន្ទីរសិល្បៈអាស៊ីហ្គីមេ(Guimet) សាលាបារាំងចុងបូព៌ាប្រទេស(EFEO) វិទ្យាស្ថានស្រាវជ្រាវ និងជួសជុលនៃសារមន្ទីរបារាំង (C2RMF) និងសារមន្ទីរជាតិកម្ពុជា។

បើតាមការផ្សាយរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ពិព័រណ៍មិនអចិន្ត្រៃយ៍នេះ នឹងត្រូវដាក់តាំងនៅសារមន្ទីរហ្គីមេ រយៈពេល៤ខែ គិតចាប់ពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥។
លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ ធ្លាប់បានបញ្ជាក់ថា ពិព័រណ៍មិនអចិន្ត្រៃយ៍ស្តីពី សំរឹទ្ធសម័យអង្គរ៖ សិល្បៈនៃអាទិទេព នៅសារមន្ទីរជាតិហ្គីមេនេះ គឺជាការបង្ហាញពីការវិវឌ្ឍបច្ចេកទេសនៃការសិតលោហៈ ក្នុងអារ្យធម៌ខ្មែរ រាប់ចាប់ពីសម័យបុរេ ប្រវត្តិសាស្ត្រដល់សម័យក្រោយអង្គរ។ លោកស្រី ភឿង សកុណា ចាត់ទុកការធ្វើដំណើររបស់ប្រតិមាព្រះនរាយណ៍ផ្ទុំដែលជាអាទិទេពព្រហ្មញ្ញសាសនារបស់ខ្មែរនាសម័យអង្គរ ប្រៀបដូចជាការនាំយកនូវទេពកោសល្យល្អឯក នៃបច្ចេកទេសសិតលោហៈដ៏អស្ចារ្យរបស់ជាតិខ្មែរ ចេញទៅផ្សព្វផ្សាយនៅលើឆាកអន្តរជាតិ ដើម្បីជាប្រយោជន៍ឲ្យសាធារណជនបានឈ្វេង យល់បន្ថែម ពីភាពឧត្តុងឧត្តមខ្ពង់ខ្ពស់ នៃអារ្យធម៌ខ្មែរនាសម័យបុរាណ។

បន្ទាប់ពីបញ្ចប់នៅបារាំង ពិព័រណ៍នេះទាំងស្រុង នឹងបន្តទៅដាក់តាំងផ្សព្វផ្សាយ នៅសារមន្ទីរ Minneapolis Institute of Art, ក្នុងរដ្ឋមីនីសូតា សហរដ្ឋអាម៉េរិក នាចុងឆ្នាំ២០២៥។ នៅពេលពិព័រណ៍នៅរដ្ឋមីនីសូតាបញ្ចប់ នាដើមឆ្នាំ២០២៦ រូបចម្លាក់ព្រះនារាយណ៍ផ្ទំធំចំនួន១ នឹងបន្តទៅដាក់តាំង នៅសារមន្ទីរ Smithsonian National Museum of Asian Art នារដ្ឋធានីវ៉ាស៊ីនតោន និងសារមន្ទីរ Asian Art Museum ក្នុងក្រុង San Francisco រហូតដល់ដើមឆ្នាំ២០២៧។
«កម្ពុជាមានមោទនភាពខ្ពស់បំផុតចំពោះស្នាដៃដូនតា ដែលទោះជាមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ ក៏នៅតែជាឯកអគ្គរាជទូតដ៏ធំធេងបំផុត នាំកម្ពុជាទៅលើឆាកអន្តរជាតិ។»។ ក្រសួងវប្បធម៌បញ្ជាក់ដូច្នេះ ដោយបន្ថែមថារាជរដ្ឋាភិបាលកម្ពុជា រមែងទុកវប្បធម៌ជាអាទិភាពក្នុងវិស័យការទូត ជាការពង្រឹងអត្តសញ្ញាណជាតិ រួមទាំងជំរុញសក្តានុពលទេសចរណ៍កម្ពុជា ក៏ដូចជាការត្រៀមរៀបចំ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នាឆ្នាំក្រោយនេះ។

ជាការកត់សម្គាល់ វត្ថុសិល្បៈដ៏លេចធ្លោបំផុត នៅក្នុងពិព័រណ៍មិនអចិន្ត្រៃយ៍នេះ គឺប្រតិមាព្រះនារាយណ៍ផ្ទំធ្វើពីសំរឹទ្ធ ពីប្រាសាទមេបុណ្យខាងលិច ក្នុងឧទ្យានបុរាណវិទ្យាអង្គរ។ ក្រៅពីនេះ គឺមានរូបចម្លាក់អំពីសំរឹទ្ធ ចំនួន១២៦ ផ្សេងទៀត ដែលខ្ចីបន្ថែមពីសារមន្ទីរជាតិកម្ពុជា ដំណាក់កាលទី២។
ប្រតិមាដ៏វិចិត្រនេះ ត្រូវបានបញ្ជូនទៅជួលជុល នៅមន្ទីរពិសោធន៍ Nantes Departmental Arc'Antique ក្នុងប្រទេសបារាំង តាំងពីខែឧសភា ឆ្នាំ២០២៤ ក្រោមគម្រោងសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ និងបច្ចេកទេសមួយ រវាងបារាំង និងកម្ពុជា។ គម្រោងជួសជុល និងផ្គុំ ប្រតិមាព្រះនារាយណ៍ផ្ទំធ្វើពីសំរឹទ្ធ ធ្វើឡើងក្នុងគោលបំណងឈ្វេងយល់បន្ថែម ពីបច្ចេកទេសដ៏ប៉ិនប្រសព្វ នៃការសិតលោហៈខ្នាតធំមហាសាល ក្នុងអារ្យធម៌ខ្មែរនាសម័យអង្គរ។ លទ្ធផលនៃការសិក្សាស្រាវជ្រាវនេះ នឹងបោះពុម្ពផ្សាយ យ៉ាងទូលំទូលាយដើម្បីចែករំលែក ពីបទពិសោធន៍ និងទេពកោសល្យ ក្នុងការសិតលោហៈ នៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ៕


អត្ថបទទាក់ទង
អ្នកសរសេរអត្ថបទ
កញ្ញា ខន ចំប៉ា ចូលរួមជាមួយសារព័ត៌មានឌីជីថលថ្មីៗ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៤។ កញ្ញាមានជំនាញសរសេរព័ត៌មានផ្នែកសង្គម និងគ្រប់គ្រងផ្នែកពាណិជ្ជកម្ម។ បច្ចុប្បន្ន ចំប៉ា មានតួនាទីជានិពន្ធនាយកា៕

© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានពេញនិយម
-
៣ ថ្ងៃ