លោក អ៊ុក វណ្ណដេ សង្ឃឹមថាការអាននៅសាធារណៈនៅតែមានរូបរាង ទោះទេសចរណ៍អំណានបញ្ចប់
  • ថ្ងៃព្រហស្បតិ៍ ទី១ ខែឧសភា ឆ្នាំ២០២៥ ​​ ម៉ោង ៤:៥៩ នាទី រសៀល
លោក អ៊ុក វណ្ណដេ សង្ឃឹមថាការអាននៅសាធារណៈនៅតែមានរូបរាង ទោះទេសចរណ៍អំណានបញ្ចប់
លោក អ៊ុក វណ្ណដេ និយាយពីកម្មវីធី​ទេសចរណ៍​អំណាន​ នៅថ្ងៃទី៣០មេសា ឆ្នាំ២០២៥ នៅក្រុងសៀមរាប។ រូបភាពពីហ្វេសប៊ុកលោក អ៊ុក វណ្ណដេ៕

សៀមរាប៖ បន្ទាប់ពីត្រាចចរអស់ជាច្រើនខេត្ត«ទេសចរណ៍អំណាន» មកដល់ខេត្តសៀមរាប។ បន្ទាប់ពីដើរបាន៩ខេត្តរួចមក លោក វណ្ណដេ ថាបើទោះបីទេសចរណ៍អំណានបញ្ចប់សកម្មភាព លោកសង្ឃឹមថាការអានជាសាធារណៈនៅបន្តមានជារូបភាព។ លោកក៏ជំរុញឱ្យខេត្តនីមួយៗ គួររៀបចំការអាននៅសាធារណៈរៀងរាល់ចុងសប្ដាហ៍ផងដែរ។

TTN-Free-Banner-In-Article-PC

ដើម្បីជ្រាបច្បាស់សូមលោកអ្នកនាងទស្សនាវីដេអូសម្ភាសដូចតទៅ៖ 

ចេញពីកំពូលភ្នំគិរីរម្យ ខេត្តកំពង់ស្ពឺ កាលពីដើមឆ្នាំ២០២៥ បច្ចុប្បន្នកូនឡានទឹកក្រូច «ទេសចរណ៍អំណាន» ក៏បានមកដល់ខេត្តសៀមរាប។ ទេសចរណ៍អំណាន បង្កើតឡើងដោយលោក អ៊ុក វណ្ណដេ ដើម្បីជំរុញការអាននៅទីសាធារណៈ តាមរយៈបណ្ណាល័យចល័ត និងមានបេសកកម្ម ធ្វើដំណើរទៅគ្រប់បណ្ដា២៥រាជធានី-ខេត្តទូទៅប្រទេស។ 

សប្ដាហ៍មុនកូនឡានទឹកក្រូច ដែលផ្ទុកដោយសៀវភៅប្រមាណ ២ ០០០ក្បាលនេះ បានមកដល់ខេត្តសៀមរាប។ សៀវភៅរាប់រយចំណងជើង ត្រូវបានតម្រៀបពេញតុលើសួនច្បារខ្លះ ក្នុងក្រុងសៀមរាប រាប់ចាប់ពី​សៀវភៅរឿងនិទាន, សៀវភៅលើកទឹកចិត្ត និងរឿងប្រលោមលោកជាដើម។ 

 ពលរដ្ឋក្នុងក្រុងសៀមរាប នាំគ្នាមកអានសៀវភៅ នៅសួនជិតទីសក្ការៈព្រះអង្គចេក ព្រះអង្គចម នៅថ្ងៃចុងសប្ដាហ៍។ 

សៀមរាបជាខេត្តទី១០ហើយ ដែលលោក វណ្ណដេ បានមកដល់។ មកដល់ខេត្តសៀមរាប លោកកត់សម្គាល់ឃើញថា ពលរដ្ឋនៅទីនេះជាអ្នកអានសៀវភៅនៅ ជាពលរដ្ឋមានសុជីវធម៌ក្នុងរស់នៅ ប្រជាជនចិត្តល្អ និងមានសណ្ដាប់ធ្នាប់។ 

បេសកកម្មរបស់ លោក វណ្ណដេ គឺបំផុសបំផុលឱ្យមានការអាននៅសាធារណៈ។ លោកលើកឡើងថា បច្ចុប្បន្នពលរដ្ឋស្ទើរបាត់បង់ទម្លាប់អាន ជាពិសេសការអាននៅទីសាធារណៈស្ទើរតែលែងមានទៅហើយ។លោក សង្កត់ធ្ងនដូច្នេះ៖«​ស្រុកខ្មែរយើង មានសៀវភៅតែគ្មានអ្នកអាន មានបណ្ណាល័យតែគ្មានអ្នកចូល មកពីពលរដ្ឋយើងខ្វះទម្លាប់អាន ហើយខ្ញុំកំពុងកសាងទម្លាប់»។ 

ផ្ទុយនឹងការសប្បាយចិត្តដែលឃើញរូបភាពពលរដ្ឋច្រើននាំគ្នាមកអានសៀវភៅ លោកក៏មានក្ដីបារម្ភដែរ។ លោកលើកឡើងពីកង្វល់ខ្លួនដូច្នេះ៖«ខ្ញុំរំពឹងថាវាអាចមានថ្ងៃនេះឡើង ប៉ុន្តែខ្ញុំក៏មានក្ដីបារម្ភដែរ គឺបារម្ភថាពេលខ្ញុំទៅបាត់រូបភាពបែបនេះនឹងស្លាប់ចោលខ្ញុំ»។ 

ជាមួយនឹងក្ដីបារម្ភនេះ លោកក៏សង្ឃឹមថាបណ្ដារាជធានី-ខេត្តទូទាំងប្រទេស ចាប់ផ្ដើមធ្វើសកម្មភាពលើកកម្ពស់ការអាននៅសាធារណៈ ដោយខេត្តរៀងៗខ្លួន បើទោះជាគ្មានវត្តមានទេសចរណ៍អំណាន ហើយលោកនៅបន្តជួយផ្នែកបច្ចេកទេស ឬផ្សព្វផ្សាយ ប្រសិនបើខេត្តទាំងនោះត្រូវការ។

គួររំឭកបន្តិចថា ទេសចរណ៍អំណាន នឹងបន្តដាក់សៀវភៅឱ្យសាធារណជនក្នុងខេត្តសៀមរាបអាន រហូតដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ មុនបន្តដំណើរទៅកាន់ខេត្តបាត់ដំបង។ បណ្ណាល័យចល័យបើកឱ្យសាធារណជនចូលអានដោយសេរី ចាប់ពីម៉ោង៣រសៀល​រហូតដល់ម៉ោង១០យប់ ជារៀងរាល់ថ្ងៃ។ បណ្ណាល័យចល័យនេះ នឹងបញ្ចប់បេសកកម្មរបស់ខ្លួន នៅដើមឆ្នាំ២០២៦៕



អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ស៊ុល រ៉វី