ប្រមុខរដ្ឋាភិបាលជំរុញអ្នកកាសែតដើរឱ្យទាន់បច្ចេកវិទ្យា និងប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈ
- ថ្ងៃសុក្រ ទី២ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ១២:៥៦ នាទី រសៀល

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នាសន្និបាតប្រចាំឆ្នាំរបស់ក្រសួងព័ត៌មានកាលពីខែមករា ឆ្នាំ២០២៤
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចេញសារលិខិតអបអរទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣២ ថ្ងៃទី៣ ឧសភា ដោយសម្តេចវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងរបស់អ្នកសារព័ត៌មានខ្មែរ និងបរទេស ក្នុងការបំពញការងាររាយការណ៍ព័តមានពិតត្រឹមត្រូវជូនសាធារណជន។

ក្រោមប្រធានបទ «ការរាយការណ៍ក្នុងពិភពលោកថ្មីដ៏ក្លាហាន៖ ផលប៉ះពាល់នៃបញ្ញាសិប្បនិម្មិតលើសេរីភាពសារព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ» សម្រាប់ឆ្នាំ២០២៥នេះ ប្រមុខរដ្ឋាភិបាល បានគូសបញ្ជាក់ពីការរីកចម្រើនផ្នែកបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិតដែលបណ្តាលឱ្យមានការប្រែប្រួលនៃប្រតិបត្តិការផ្នែកកិច្ចការព័ត៌មាន និងការផ្សព្វផ្សាយ។
«ត្រូវគោរពឱ្យបានខ្ជាប់ខ្ជួនល្អនូវក្រមសីលធម៌វិជ្ជាជីវៈ សារព័ត៌មាន និងសាធារណជនដែលជាអ្នកទទួល និងប្រើប្រាស់ព័ត៌មាន ត្រូវមានចំណេះដឹងផ្នែកអក្ខរកម្មព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយនិងអក្ខរកម្មឌីជីថល»។ នេះជាការក្រើនរំលឹករបស់សម្តេច ហ៊ុន ម៉ាណែត ទាំងទៅកាន់អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកា។
យោងតាមជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១៩ គ្រួសារពលរដ្ឋ ៩២ភាគរយ ទទួលបានព័ត៌មានតាមគ្រប់មធ្យោបាយនៃប្រព័ន្ធផ្សព្វផ្សាយបែបថ្មីរបស់រដ្ឋ និងឯកជន និងចំនួនគ្រួសារពលរដ្ឋ ៧០ភាគរយ ទទួលបានព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណីរបស់រដ្ឋ និងឯកជន។
គិតត្រឹមដើមត្រីមាសទី២ ឆ្នាំនេះ អង្គភាពសារព័ត៌មានដែលបានចុះបញ្ជីស្របច្បាប់នៅក្រសួងព័ត៌មាន និងកំពុងប្រតិបត្តិការមាន១ ៦២០អង្គភាព ក្នុងនោះប្រព័ន្ធផ្សព្វផ្សាយបុរាណ និងប្រព័ន្ធផ្សព្វផ្សាយទំនើប។ នៅត្រឹមចុងឆ្នាំ២០២៤ ក្រសួងព័ត៌មាន បានចេញបណ្ណសារព័ត៌មាន ដែលបំពាក់ QR code ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh រួចរាល់ជូនដល់អង្គភាព និងអ្នកសារព័ត៌មានបានជាង៨០០០បណ្ណ។
ជាមួយគ្នានេះ សម្តេច ហ៊ុន ម៉ាណែត ក៏បានកត់សម្គាល់ពីការប្រើប្រាស់ឧត្តមភាពផ្នែកបច្ចេកវិទ្យាដោយអសីលធម៌ និងការមិនទទួលខុសត្រូវ ជាពិសេសការបង្កើតដំណឹង ក្លែងក្លាយ ព័ត៌មានក្លែងបន្លំ ព័ត៌មានបន្លំ ក្នុងចេតនាទុច្ចរិត បង្កការភាន់ច្រឡំ ចលាចលសង្គម ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ ប៉ះពាល់ដល់សង្គម វប្បធម៌ សិទ្ធិឯកជន និងសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិផងដែរ។
«ខ្ញុំសូមបញ្ជាក់សាជាថ្មីថា លំហសេរីភាពសារព័ត៌មាននៅកម្ពុជាមានការរីកចម្រើនគួរកត់សម្គាល់ ជាមួយនឹងសណ្តាប់ធ្នាប់ក្នុងវិស័យសារព័ត៌មានត្រូវបានរៀបចំកាន់តែប្រសើរ»។ បើតាមសម្តេច ការណ៍នេះ គឺដោយសារមានការរៀបចំសណ្តាប់ធ្នាប់នៅក្នុងវិស័យសារព័ត៌មានបានល្អ ការកើនឡើងការគោរពអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងវិធានការទាំងឡាយក្នុងការពង្រឹងសន្តិសុខព័ត៌មាន។
ប្រមុខរដ្ឋាភិបាលលើកឡើងថា ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានដែលជាមូលដ្ឋានគ្រឹះ នៃក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានក៏បានចូលរួមពង្រឹងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ។ សម្តេចណែនាំឱ្យគ្រប់គ្នាបន្ត អនុវត្តឱ្យខ្ជាប់ខ្ជួនព្រោះក្រមសីលធម៌វិជ្ជាជីវៈជាអាវក្រោះការពារអ្នកសារព័ត៌មានគ្រប់កាលៈទេសៈ។
ក្នុងសារលិខិត សម្តេច ហ៊ុន ម៉ាណែត ទទួលស្គាល់ពីតួនាទីរបស់សារព័ត៌មានក្នុងការចូលរួម អភិវឌ្ឍជាតិ ពង្រឹងចំណេះដឹងប្រជាពលរដ្ឋ និងរួមចំណែកពង្រឹងលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង តម្លាភាពសង្គម ហើយកម្ពុជាបានយកចិត្តទុកដាក់លើកកម្ពស់បរិយាកាសប្រព័ន្ធផ្សព្វផ្សាយ និងលើកកម្ពស់សិទ្ធិ និងការទទួលខុសត្រូវរបស់អ្នកសារព័ត៌មាន។
សម្តេចអះអាងថា៖ «កម្ពុជា សូមបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការការពារសេរីភាពសារព័ត៌មាន ធានាសុវត្ថិភាព អ្នកសារព័ត៌មាន និងលើកទឹកចិត្តឱ្យមានការសន្ទនាប្រកបដោយភាពច្នៃប្រឌិតនៅគ្រប់វេទិកាទាំងអស់ ដើម្បីវិស័យសារព័ត៌មានកម្ពុជាកាន់តែមានភាពរីកចម្រើនពោរពេញដោយគុណភាព»។
ដើម្បីឈានទៅសម្រេចចក្ខុវិស័យឆ្នាំ២០៥០ សម្តេច ហ៊ុន ម៉ាណែត បានស្នើឱ្យមានការបន្តសហការរួមគ្នាក្នុងការលើកកម្ពស់សិទ្ធិទទួលបានព័តមាន រួមទាំងការការពារសន្តិសុខ និងសុវត្ថិភាពសារព័ត៌មាន។
ក្នុងឱកាសនេះដែរ ប្រមុខរដ្ឋាភិបាល បានផ្តល់អនុសាសន៍មួយចំនួនជូនក្រសួងព័ត៌មាន ដែលក្នុងនោះ មានដូចជាការបន្តពង្រឹងការអនុវត្តច្បាប់ដើម្បីរៀបចំសណ្តាប់ក្នុងវិស័យសារព័ត៌មាន, ការពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន, ការដឹកនាំយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ក៏ដូចជាការកំណត់គោលការណ៍ណែនាំនៃក្រមសីលធម៌ស្តីពីការប្រើប្រាស់បញ្ញាសិប្បនិម្មិត ក្នុងការ ប្រមូលព័ត៌មាន ផលិត ផ្សព្វផ្សាយ និងចែកចាយបន្ត ដើម្បីរក្សានិងបង្កើនទំនុកចិត្តលើព័ត៌មានដែលបានផលិតនិងផ្សព្វផ្សាយ និងទប់ស្កាត់ព័ត៌មានក្លែងក្លាយ។
ការរៀបចំស្តង់ដាប្រតិបត្តិក្នុងការកំណត់លក្ខខណ្ឌអប្បបរមាដើម្បីស្នើសុំបង្កើតអង្គភាពសារព័ត៌មាននិងបុគ្គលដែលត្រូវទទួលស្គាល់ថាជាអ្នកសារព័ត៌មាន និងអ្នកប្រកបអាជីព ក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ ដើម្បីពង្រឹងគុណភាពនិងសណ្តាប់ធ្នាប់ឱ្យបានល្អ ក្នុងវិស័យសារព័ត៌មាន និងការលើកកម្ពស់ការទូតព័ត៌មានសំដៅពង្រឹងកិច្ចសហប្រតិបត្តិការតំបន់ និងសកលលោក ក៏ជាចំណុចសំខាន់ដែលប្រមុខរដ្ឋាភិបាលណែនាំទៅក្រសួងផងដែរ។
ចំពោះអ្នកសារព័ត៌មាន សម្តេច ហ៊ុន ម៉ាណែត ឱ្យបន្តផលិត និងផ្សព្វផ្សាយតែព័ត៌មានពិត ជៀសវាងការផលិតព័ត៌មានក្លែងក្លាយដែលធ្វើឱ្យប៉ះពាល់ដល់សន្តិភាព សណ្តាប់ធ្នាប់សារធារណៈ និងវប្បធម៌ សង្គម សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ និងឯកជនភាពរបស់បុគ្គល។
ចំណុចផ្សេងទៀតដែលសម្តេចណែនាំទៅកាន់អ្នកសារព័ត៌មាន រួមមាន ការគោរព និងអនុវត្តឱ្យបានខ្ជាប់ខ្ជួនធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ការចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាពិសេសការបន្តបន្តពង្រឹងសមត្ថភាពជំនាញបច្ចេកទេស និងវិជ្ជាជីវៈជាពិសេសធ្វើអក្ខរកម្មឌីជីថល អក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ៕
អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com