មិនទទួលសំណូក មិនដែលលក់ឧត្តមគតិ! នេះជាឆន្ទៈបង្រ្កាបបទល្មើសនេសាទ របស់អភិបាលខេត្តពោធិ៍សាត់
- ថ្ងៃសុក្រ ទី២ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ៣:២៩ នាទី រសៀល

លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ផ្តល់កិច្ចសម្ភាសដល់អ្នកសារព័ត៌មាន នៅសហគមន៍កំពង់ប្រាក់ ស្ថិតក្នុងឃុំស្នាអន្សារ ស្រុកក្រគរ នាថ្ងៃទី១ ឧសភា ឆ្នាំ២០២៥។ឆ្នាំ២
ពោធិ៍សាត់៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានបញ្ជាក់ជំហរមិនទទួលប្រាក់សំណូកពីជនល្មើសជាដាច់ខាត។ អភិបាលខេត្តពោធិ៍សាត់ សង្កត់ធ្ងន់ថាលោកមិនដែល លក់ឧត្តមគតិខ្លួន ដោយរួមដៃជាមួយអ្នកប្រព្រឹត្តបទល្មើសនោះទេ តាំងពីខ្លួនធ្វើជាមន្ត្រីថ្នាក់ក្រោមមកម្ល៉េះ។ ការបង្ហាញឆន្ទៈបែបនេះ របស់លោក ខូយ រីដា ក្នុងការបង្ក្រាបបទល្មើស គឺធ្វើឡើងកាលពីថ្ងៃទី១ ខែឧសភា ក្នុងដំណើរទស្សនកិច្ចទៅកាន់សហគមន៍នេសាទកំពង់ប្រាក់ ក្នុងឃុំស្នាអន្សារ ស្រុកក្រគរ ជាមួយក្រុមអ្នកសារព័ត៌មាន រៀបចំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, រដ្ឋបាលស្រុកក្រគរ, រដ្ឋបាលជលផល, សហភាពអឺរ៉ុប និងអង្គការស្បៀងនិងកសិកម្ម នៃអង្គការសហប្រជាជាតិ FAO។

ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មានជុំវិញការងារបង្ក្រាបបទល្មើសនេសាទ ក្នុងដែនទឹកខេត្តពោធិ៍សាត់ លោក ខូយ រីដា បញ្ជាក់ដូច្នេះ៖«ខ្ញុំជាអភិបាលខេត្ត បើខ្ញុំទៅយកផលប្រយោជន៍ពីហ្នឹង ឧទាហរណ៍ (ជា)ថវិកា ជាអ្វីផ្សេង អ៊ីចឹងស្មើនឹងចូលរួមប្រព្រឹត្តបទល្មើលរួចស្រេចហើយ។ លុយបានមកពីណា? បានមកពីប្រព្រឹត្តបទល្មើស! យើងយកលុយពីបទល្មើស មានន័យថា យើងចូលរួមជាមួយបទល្មើសហើយ។ អ៊ីចឹងសម្រាប់ខ្ញុំ មួយរូបនេះ មិនមែន(ទើបពេល)ខ្ញុំមកធ្វើចៅហ្វាយខេត្តទេ តាំងពីខ្ញុំនៅធ្វើជាមន្ត្រី គឺខ្ញុំមិនលក់ឧត្តមគតិទាំងអស់នេះទេ។»។
ពាក់ព័ន្ធនឹងបទល្មើសនេសាទ ក្នុងខេត្តពោធិ៍សាត់ បានថយចុះពី ៨០ទៅ ៩០ភាគរយហើយ។ អភិបាលខេត្តពោធិ៍សាត់ លើកឡើងដូច្នេះ ដោយសង្កត់ធ្ងន់ថា ករណីនេះ លោក និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ មិនទម្លាក់ដៃក្នុងការតាមចាប់ជនល្មើសឱ្យទទួលខុសត្រូវចំពោះមុខច្បាប់ឡើយ។ «យើងទទួលបានជោគជ័យលើការបង្រ្កាបបទល្មើសនេសាទ តែបើអះអាងថាឱ្យអស់ ១០០ភាគរយ យើងមិនហ៊ាននិយាយទេ។ ជារួមយើងបង្រ្កាបបាន ៨០ទៅ៩០ភាគរយហើយ ធៀបនឹងពីមុនយើងធ្វើមិនបានប៉ុណ្ណឹងទេ។ តែយ៉ាងណា យើងនៅតែតាមប្រមាញ់រហូត អ្នកដែលប្រព្រឹត្តិបទល្មើស យើងត្រូវតែអនុវត្តច្បាប់ ចាប់បានយើងមិនឱ្យរួចខ្លួនទេ»។ លោក ខូយ រីដា និយាយបែបនេះ ជាមួយនឹងការប្ដេជ្ញាចិត្តបង្កើនផលត្រីក្នុងបឹងទន្លេសាបឡើងវិញ។
ពាក់ព័ន្ធនឹងការបង្ក្រាបបទល្មើសនេសាទនេះដែរ កាលពីថ្ងៃទី២២ ខែមេសាកន្លងទៅ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានប្រកាសបើកដៃឱ្យកងកម្លាំងប្រដាប់អាវុធប្រើសិទ្ធិការពារខ្លួន បើសិនជនល្មើសមានចេតនាបើកទូកបុក ឬបាញ់កាំភ្លើងតដៃ។ ការប្រកាសចាត់ការដោយឥតប្រណីបែបនេះ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាល មើលឃើញថា ការប្រើប្រាស់ឧបករណ៍ឆកត្រីទ្រង់ទ្រាយធំ នៅតែបន្តកើតមាន ហើយជនល្មើសខ្លះហ៊ានរហូតប្រើកាំភ្លើងបាញ់ និងបើកទូកបុកកងកម្លាំងប្រដាប់អាវុធថែមទៀតផង។
សូមរំឭកថា កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ សម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប។
បើគិតពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤ មានមនុស្សចំនួន ៣៦នាក់ ត្រូវបានឃុំខ្លួន ពាក់ព័ន្ធនឹងបទល្មើសនេសាទ។ ជនដែលបានជាប់ឃុំ គឺជាជនល្មើសដែលស្ថិតក្នុងចំណោមសំណុំរឿង ៩០ករណី ដែលអាជ្ញាធរបញ្ជូនទៅតុលាការ៕
អត្ថបទទាក់ទង
អ្នកសរសេរអត្ថបទ
ឈុំ ចន្ថា ជាអ្នកសារព័ត៌មានជំនាញកសិកម្ម និងបរិស្ថាន។ ចន្ថា បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសិល្បៈនិង ការសិក្សាពីព័ត៌មាន។

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: