អធិការខណ្ឌកំបូល៖ មន្ត្រីក្បាលពោះធំហាត់កីឡាយ៉ាងហោច៦ខែ ដើម្បីស្រកក្បាលពោះ
- ថ្ងៃសុក្រ ទី២ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ៤:២៩ នាទី រសៀល

ភ្នំពេញ៖ មន្ត្រីដែលមានក្បាលពោះធំ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល ចាប់ផ្ដើមហាត់កីឡា ដើម្បីសម្រកក្បាលពោះ ក៏ដូចជាទម្ងន់ នៅក្លិបហាត់ប្រាណអាណាចក្រកំបូល ជាមួយគ្រូជំនាញ ពីថ្ងៃទី១ ខែឧសភា តទៅ។ បើតាមលោក ហុង ពិសិដ្ឋ អធិការខណ្ឌកំបូល បច្ចុប្បន្ន គឺមានមន្ត្រីក្បាលពោះធំចំនួន១០នាក់ ដែលកំពុងហាត់កីឡា ដោយត្រូវហាត់រាល់ថ្ងៃយ៉ាងហោចណាស់៦ខែ ដើម្បីសម្រកក្បាលពោះ។

«តាមពិតទៅ ការហាត់នេះ គឺយើងកំណត់៦ខែ យើងត្រូវសម្រកក្បាលពោះ[ក្នុងគោលដៅណាមួយ]ដោយវាស់លេខចង្កេះ និងថ្លឹងគីឡូ។ គាត់ត្រូវផ្លាស់ប្តូររបបអាហារផងដែរ។ ពេលគាត់ធ្វើត្រូវហើយ ក្នុងរយៈពេល៣ ឬ ៦ខែ ដែលយើងបានកំណត់ឱ្យពួកគាត់ចុះគីឡូក្នងគោលដៅហើយនោះ គឺយើងអាចគាត់ទៅហាត់ដោយខ្លួនឯងបាន»។ នេះជាការលើកឡើងរបស់លោកអធិការខណ្ឌកំបូល។
ក៏ប៉ុន្តែ បើហាត់ក្នុងរយៈពេល៦ខែហើយ មន្ត្រីក្បាលពោះធំទាំងនោះ នៅមិនស្រកដល់គោលដៅបានកំណត់ទេ គឺត្រូវហាត់កីឡាបន្ថែមទៀតនៅក្លិបហាត់ប្រាណអាណាចក្រកំបូល ជាមួយគ្រូជំនាញហាត់ប្រាណ ដដែល។ បើតាមលោកអធិការខណ្ឌកំបូល មន្ត្រីក្បាលពោះធំទាំង១០នាក់របស់ខ្លួន ត្រូវហាត់ប្រាណមួយម៉ោងជារៀងរាល់ថ្ងៃ ពីម៉ោង១១-១២ថ្ងៃត្រង់។ ការហាត់កីឡានេះ ក្រៅតែពីដើម្បីសុខភាពផ្ទាល់ខ្លួនហើយនោះ ក៏ដើម្បីបង្កើនសមត្ថភាពក្នុងការរក្សាសុខសណ្តាប់ធ្លាប់សង្គមជូនប្រជាពលរដ្ឋផងដែរ។

លោក ហុង ពិសិដ្ឋ បានថ្លែងប្រាប់សារព័ត៌មានឌីជីថលថ្មីៗ(ThemyThmey) នាថ្ងៃទី២ ខែឧសភា យ៉ាងដូច្នេះ៖ « ខ្ញុំឃើញមន្ត្រីខ្លះ គាត់មានអាយុច្រើនហើយក្បាលពោះធំ ដល់ពេលឱ្យយើងសម្រកគាត់មានបញ្ហាសុខភាពបាត់ហើយ ដូចជា៖លើសឈាម ...។ ដល់អ៊ីចឹង! ពួកគាត់មិនទាន់ឈឺ យើងបង្វឹកគាត់ឱ្យហើយ។ ណាមួយទៀត កាលណាយើងអស់ក្បាលពោះ យើងបង្រាប់ជនល្មើស និងបម្រើសេវាជូនប្រជាពលរដ្ឋរហ័សរហួន»។
ការសម្រេចចិត្តហាត់ប្រាណកីឡា ដើម្បីសម្រេកក្បាលពោះរបស់មន្ត្រីនៃអធិការដ្ឋាននគរបាលខណ្ឌកំបូល នាពេលនេះ គឺជាការឆ្លើយតបនូវណែនាំរបស់លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ កន្លងមក លោក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបទបញ្ជាណែនាំឱ្យតាមបណ្តាអង្គភាពចំណុះឱ្យស្នងការដ្ឋានគនរបាលរាជធានីភ្នំពេញ ជាពិសេសអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវយកចិត្តទុកដាក់ពិនិត្យចំពោះមន្ត្រីដែលមានក្បាលពោះធំៗ។

លោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋានគនរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ៖ « ការឱ្យមន្ត្រីដែលមានក្បាលពោះធំ ហាត់កីឡាសម្រេកទម្ងន់ ក៏ដូចជាសម្រេកក្បាលនេះ គឺយើងផ្តោតសំខាន់ទៅលើការយកចិត្តទុកដាក់ចំពោះបញ្ហាសុខភាព និងយកចិត្តដាក់អំពីកិច្ចការណែនាំរបស់ថ្នាក់ដឹកនាំកន្លងមកពាក់ព័ន្ធនឹងមន្ត្រីនគរបាលដែលមានបញ្ហាដុះក្បាលពោះនេះ» ។
ការដឹកនាំមន្ត្រីនគរបាលដែលមានក្បាលពោះធំទៅហាត់កីឡាសម្រកនេះ គឺបានផ្តើមចេញពីអធិការដ្ឋាននគរបាលខណ្ឌកំបូល ហើយអ្នកនាំពាក្យស្នងការដ្ឋានគនរបាលរាជធានីភ្នំពេញ សង្ឃឹមថា នៅតាមអធិការដ្ឋាននគរបាលខណ្ឌផ្សេងៗទៀត នឹងបន្តអនុវត្តនូវសកម្មភាពដូចនេះដែរ៕
អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: