- ថ្ងៃសៅរ៍ ទី៣ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ៧:៤០ នាទី ល្ងាច

ភ្នំពេញ៖ អគ្គិភ័យ បានត្របាក់ផ្ទះប្រជាពលរដ្ឋមួយខ្នងនៅភូមិរំចេក២ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ៧:៥៥នាទីយប់។ ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅអន្តរាគមន៍។ នេះបើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ។
អគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ថា ករណីនេះ បង្កឡើងដោយសារឆ្លងចរន្តអគ្គិសនី ធ្វើឱ្យឆេះផ្ទះអស់ទាំងស្រុង និងខូចខាតទ្រព្យសម្បត្តិជាច្រើន។ អគ្គិភ័យនេះ មិនបង្កគ្រោះថ្នាក់ ដល់ប្រជាពលរដ្ឋឡើយ ហើយសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ៣គ្រឿង និងប្រាស់ទឹកចំនួន ៣រថយន្តសម្រាប់ពន្លត់។ ជាមួយគ្នានេះ បន្ទាប់ពីអគ្គិភ័យឆេះផ្ទះស្ទើរតែទាំងស្រុង ពលរដ្ឋបាននាំគ្នាជួយរើគ្រោងឆ្អឹងផ្ទះផងដែរ។
សូមជម្រាបថា កាលឆ្នាំ២០២៤កន្លងទៅ កម្ពុជា មានករណីអគ្គិភ័យ ចំនួន១ ០៣៥ករណី ធ្វើឱ្យឆាបឆេះផ្ទះ ៦៤៨ខ្នង, តូបលក់ដូរ ៦៥៥តូប, មនុស្សស្លាប់១៤នាក់ និងរងរបួស៤៣នាក់។ ក្រៅពីនេះ ថ្ងៃបុណ្យចូលឆ្នាំខ្មែររយៈពេល៣ថ្ងៃ ឆ្នាំ២០២៥ មានគ្រោះអគ្គិភ័យ កើតឡើង១០លើក បំផ្លាញផ្ទះ២០ខ្នង និងមនុស្ស៤នាក់របួសគ្រោះអគ្គិភ័យបានកើតឡើងចំនួន ១០លើក នៅរាជធានីភ្នំពេញ, ខេត្តសៀមរាប, រតនគិរី, មណ្ឌលគិរី និងខេត្តកំពង់ស្ពឺ នៅក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា។ បើតាមទិន្នន័យរបស់នាយកដ្ឋាននគរបាលពន្លត់អគ្គិភ័យ គ្រោះអគ្គិភ័យនេះ ថយចុះ១០លើក បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ក្នុងចំណោមអគ្គិភ័យទាំង១០លើក មាន៥លើក បង្កឡើងដោយចរន្តអគ្គិសនី។ នេះបើតាមទិន្នន័យគ្រោះអគ្គិភ័យនៅទូទាំងប្រទេស ដោយទិន្នន័យដដែលបញ្ជាក់ទៀតថា គ្រោះអគ្គិភ័យទាំង១០លើកនោះ បានបណ្ដាលឱ្យមនុស្ស ៤នាក់របួស និងបានបំផ្លាញផ្ទះ ២០ខ្នង, បន្ទប់ ២, ឃ្លាំង ១ និងរថយន្តចំនួន ៣គ្រឿង រួមទាំងភោជនីយដ្ឋានចំនួន ១ផងដែរ៕
អ្នកសរសេរអត្ថបទ
កញ្ញា សែម ប្រាក់ដាវ ជានិស្សិតផ្នែកសារព័ត៌មាន នៃសាកលវិទ្យាល័យកម្ពុជា។ នៅខែកក្កដា ឆ្នាំ២០២២ កញ្ញា សែម ប្រាក់ដាវ បានចូលបម្រើការងារនៅសារព័ត៌មានថ្មីៗ ២៥ ដោយជាអ្នកហាត់ការងារ។ បច្ចុប្បន្ន កញ្ញា សែម ប្រាក់ដាវ ជាអ្នកសារព័ត៌មានថ្មីៗ ២៥ ដែលផ្តោតលើព័ត៌មានទេសចរណ៍ និងផលិតវីដេអូខ្លីតាមទូរស័ព្ទ។
