- ថ្ងៃអាទិត្យ ទី៤ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ៩:០០ នាទី ព្រឹក

ភ្នំពេញ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះ សហគមន៍នេសាទភូមិថ្មី បានរួមចំណែកយ៉ាងសំខាន់ក្នុងការទប់ស្កាត់បទល្មើសនេសាទខុសច្បាប់ ដោយពលរដ្ឋបានងាកមកបម្រើសេវាកម្មទេសចរណ៍ ដែលផ្ដល់ចំណូល និងចំណេះដឹងបន្ថែម ដល់ប្រជាសហគមន៍ក្រៅពីមុខរបរធ្វើស្រែចម្ការ។ វត្តមានទេសចរ អាចផ្ដល់ចំណូលដល់សហគមន៍ និងបានជួយការពារតំបន់ធម្មជាតិ។
ទាក់ទងនឹងការចូលរួមក្នុងកិច្ចការការពារ និងអភិរក្សធនធានធម្មជាតិនៅតំបន់សហគមន៍នេសាទភូមិថ្មី អង្គការ អេដ អេ អាកស្យុង បានដឹកនាំអង្គការដៃគូរបស់ខ្លួនអនុវត្តគម្រោង សម្ព័ន្ធភាពដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព និងការគាំទ្រសំឡេង ដើម្បីសមធម៌សង្គម (CO-SAVED) ដើម្បីពង្រឹសមត្ថភាព និងលើកកម្ពស់ជីវភាពរបស់របស់ប្រជាសហគមន៍ ឱ្យកាន់តែប្រសើរ។ អង្គការ អេដ អេ អាកស្យុង (AEA) ក៏បានជួយជ្រោមជ្រែងសហគមន៍នេសាទភូមិថ្មី ឱ្យប្រែក្លាយតំបន់ទេសចរណ៍ធម្មជាតិដ៏ទាក់ទាញ និងជួយគាំទ្រឱ្យប្រជាពលរដ្ឋមានប្រភពចំណូលកាន់តែរឹងមាំ។
សហគមន៍នេសាទភូមិថ្មី ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៨ សម្រាប់ឱ្យប្រជានេសាទជួញដូរជលផលរបស់ខ្លួន។ ក្រោយមកនៅក្នុង២០១៣ សហគមន៍នេះ បានក្លាយខ្លួនទៅជាតំបន់បម្រើសេវាកម្មទេសចរណ៍មួយកន្លែង ក្នុងចំណោមតំបន់ទេសចរណ៍ដទៃទៀតក្នុងខេត្តកែប។
សហគមន៍នេសាទភូមិថ្មី ស្ថិតនៅសង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ជីវភាពពលរដ្ឋក្នុងតំបន់ឱ្យប្រសើរ និងគ្រប់គ្រងធនធានធម្មជាតិ។ បើតាមលោក ណុះ យ៉េប ប្រធានសហគមន៍នេសាទភូមិថ្មី សហគមន៍នេសាទភូមិថ្មី កំពុងវិវត្តន៍ខ្លួនផ្នែកទេសចរណ៍ និងផ្តល់ចំណូមួយបន្ថែមទៀតដល់ប្រជាសហគមន៍។ ប្រធានសហគមន៍នេសាទភូមិថ្មីរូបនេះ លើកឡើងថា៖ «យើងចង់ឱ្យមានសហគមន៍នេសាទភូមិចូលរួមកាត់បន្ថយបទល្មើស អភិរក្សជីវៈចម្រុះ និងប្រព័ន្ធអេកូឡូ ជាពិសេសក្លាយទៅជាតំបន់ទេសចរណ៍គំរូមួយនៅក្នុងខេត្តកែប ដែលប្រឹងប្រែងការពារព្រៃកោងកាង និងធនធានធម្មជាតិ។ យើងក៏កំពុងព្យាយាមរៀបចំសោភ័ណភាពឱ្យកាន់តែប្រសើរ ដើម្បីទទួលទេសចរផងដែរ។ ព្រៃកោងកាងដ៏ស្រស់ស្អាតនៅសហគមន៍នេះ បានអន្ទងចិត្តអ្នកទេសចរឱ្យមកលេងកម្សាន្តនៅទីនេះ»។
បច្ចុប្បន្ន ពលរដ្ឋមួយចំនួនរស់នៅ តាមសហគមន៍នេសាទភូមិថ្មី នៃខេត្តកែប កំពុងទទួលបានចំណូលមួយផ្នែក សម្រាប់ផ្គត់ផ្គង់ គ្រួសា រក្រៅពីរបរនេសាទ និងកសិកម្ម។ ជាមួយគ្នានេះ លោក ណុះ យ៉េប សង្កេតឃើញថាសហគមន៍ប្រែប្រួលខ្លាំង លើហេដ្ឋារចនាសម្ព័ន្ធផ្លូវ បដិសណ្ឋារកិច្ច ផ្ដល់សេវាកម្មដល់ទេសចរ និងលក់កសិផលនេសាទជាដើម ចាប់តាំងពីអង្គការអេដ អេ អាកស្យុង បានជួយជ្រោមជ្រែង។
លោក ណុះ យ៉េម ប្រធានសហគមន៍នេសាទភូមិថ្មី
« ពលរដ្ឋខ្លះបានផ្អាកពីរបរនេសាទ ហើយចាប់យកការងារជាអ្នកបើកទូកទេសចរណ៍ ដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាព។ ពួកគាត់ ទទួលបានវគ្គបណ្តុះបណ្តាល តាមរយៈការបង្រៀនបើកទូក របៀបបដិសណ្ឋារកិច្ចចំពោះភ្ញៀវ ការរៀបចំទូកឱ្យមានភាពទាក់ទាញ ផងដែរ»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ណុះ យ៉េប ប្រធានសហគមន៍នេសាទភូមិថ្មី។
លោក ណុះ យ៉េប បានអំពាវនាវដល់ភ្ញៀវទេសចរដែលបានទៅកម្សាន្តនៅសហគមន៍នេសាទភូមិថ្មី ចូលរួមដាំស្តារព្រៃកោងកាង និងគាំទ្រសេវាកម្មទេសចរណ៍ដទៃទៀតរបស់សហគមន៍ ដើម្បីចូលរួមក្នុងការងារអភិរក្សធនធានសមុទ្រ ជីវចម្រុះ និងភពផែនដី។
លោក វន់ សំភាស់ ប្រធានអង្គការ អេដ អេ អាកស្យុង បានបញ្ជាក់ថា គម្រោង CO-SAVED បានផ្តល់វគ្គបណ្តុះបណ្តាលជាច្រើនដល់ប្រជាសហគមន៍នេសាទភូមិថ្មី ដូចជាការបើកទូកទេសចរណ៍ បដិសណ្ឋារកិច្ច ផ្តល់បច្ចេកទេស និងទុនសម្រាប់ការចិញ្ចឹមត្រី មាន់ និងការដាំដំណាំដែលធន់នឹងនឹងបម្រែបម្រួលអាកាសធាតុ។
ប្រធានអង្គការ អេដ អេ អាកស្យុងរូបនេះ បង្ហាញក្តីសង្ឃឹមថា តាមរយៈសកម្មភាពទាំងនេះ នឹងជួយគាំទ្រឱ្យប្រជាពលរដ្ឋមានប្រភពចំណូលកាន់តែរឹងមាំ ហើយអាចបន្តសកម្មភាពអភិរក្សនៅក្នុងសហគមន៍របស់ខ្លួន ពិសេសជម្រករបស់ជីវចម្រុះរស់នៅក្នុងសមុទ្រ កាន់តែមានប្រសិទ្ធភាព។
«សហគមន៍នេសាទភូមិថ្មី មានសមាជិកជាច្រើនពឹងផ្អែកលើការរបរនេសាទ។ គម្រោងរបស់យើង មានបំណងឱ្យប្រជាសហគមន៍ បង្កើនមុខរបរ និងជួយគាំទ្រពង្រឹងការងារអភិរក្សកោងកាង។ តាមរយៈការពង្រីកខ្លួនលើផ្នែកទេសចរណ៍នេះ យើងមើលឃើញពីភាពខុសគ្នា ពិសេសហេដ្ឋារចនាសម្ព័ន្ធ និងកម្រិតជីវភាពរបស់ពលរដ្ឋកាន់តែប្រសើរជាងមុន»។ នេះបើតាមលោក លោក វន់ សំភាស់ ប្រធានអង្គការ អេដ អេ អាកស្យុង។
ជាមួយគ្នានេះ ប្រជាសហគមន៍នៅទីនេះ សប្បាយចិត្តដែលមានអង្គការដៃគូជួយជ្រោមជ្រែងសហគមន៍ បង្កើនអាជីវកម្ម ប្រាក់ចំណូល ពិសេសការផ្សព្វផ្សាយពីសក្ដានុពលតំបន់អេកូទេសចរណ៍ ដើម្បីជំរុញកំណើនទេសចរនៅសហគមន៍នេសាទភូមិថ្មី៕
រូបភាពពី៖ សហគមន៍នេសាទភូមិថ្មីខេត្តកែប
អ្នកសរសេរអត្ថបទ
កញ្ញា សែម ប្រាក់ដាវ ជានិស្សិតផ្នែកសារព័ត៌មាន នៃសាកលវិទ្យាល័យកម្ពុជា។ នៅខែកក្កដា ឆ្នាំ២០២២ កញ្ញា សែម ប្រាក់ដាវ បានចូលបម្រើការងារនៅសារព័ត៌មានថ្មីៗ ២៥ ដោយជាអ្នកហាត់ការងារ។ បច្ចុប្បន្ន កញ្ញា សែម ប្រាក់ដាវ ជាអ្នកសារព័ត៌មានថ្មីៗ ២៥ ដែលផ្តោតលើព័ត៌មានទេសចរណ៍ និងផលិតវីដេអូខ្លីតាមទូរស័ព្ទ។
