- ថ្ងៃអាទិត្យ ទី៤ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ៤:៤០ នាទី រសៀល

ភ្នំពេញ៖ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានរឹបអូសពងមាន់ ១២៣ ០០០គ្រាប់ ដែលនាំចូលខុសច្បាប់ពីប្រទេសវៀតណាម។ នេះបើតាមលោក ហ៊ុន សារ៉ាត់ អនុប្រធានអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្ម នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥។
មន្រ្តីជំនាញ នៃក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ បានសហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានីភ្នំពេញ ឃាត់រថយន្ត៣គ្រឿង ម៉ាក SSANGYONG ISTANA បានដឹកពងមាន់៤១០ដុំ ឬស្មើ១២៣ ០០០គ្រាប់ នាំចូលមកពីវៀតណាម ដោយគ្មានលិខិតអនុញ្ញាត តាមច្រកភ្នំដិន ស្រុកគិរីវង់ ខេត្តតាកេវ។
ករណីនេះ មន្រ្តីបានឃាត់រថយន្តដឹកពងមាន់៣គ្រឿងនេះ ក្នុងនោះរថយន្តទី១ បានដឹកពងមាន់១៦០ដុំ ឬស្មើ ៤៨ ០០០គ្រាប់ នៅជិតរង្វង់មូលកួរស្រូវ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ, រថយន្តទី២ ដឹកពងមាន់ ១៥០ដុំ ស្មើនឹង៤៥ ០០០គ្រាប់ នៅសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ និងរថយន្តទី៣ ដឹកពងមាន់ចំនួន ១០០ដុំ ស្មើនឹង៣០ ០០០គ្រាប់ នៅឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ។
បច្ចុប្បន្ន វត្ថុតាងខាងលើ ត្រូវបានយកទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕
រូបភាពពី៖ លោក ហ៊ុន សារ៉ាត់ អនុប្រធានអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្ម
អ្នកសរសេរអត្ថបទ
កញ្ញា សែម ប្រាក់ដាវ ជានិស្សិតផ្នែកសារព័ត៌មាន នៃសាកលវិទ្យាល័យកម្ពុជា។ នៅខែកក្កដា ឆ្នាំ២០២២ កញ្ញា សែម ប្រាក់ដាវ បានចូលបម្រើការងារនៅសារព័ត៌មានថ្មីៗ ២៥ ដោយជាអ្នកហាត់ការងារ។ បច្ចុប្បន្ន កញ្ញា សែម ប្រាក់ដាវ ជាអ្នកសារព័ត៌មានថ្មីៗ ២៥ ដែលផ្តោតលើព័ត៌មានទេសចរណ៍ និងផលិតវីដេអូខ្លីតាមទូរស័ព្ទ។
