- ថ្ងៃអាទិត្យ ទី៤ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ៧:០០ នាទី ល្ងាច

ភ្នំពេញ៖ កម្ពុជា នឹងធ្វើជាប្រទេសកិត្តិយស ចូលរួមក្នុងពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ានលើកទី២២ ឆ្នាំ២០២៥។ ពិព័រណ៍ចិន-អាស៊ាន លើកទី២២ (The 22st China-ASEAN Expo) នឹងប្រព្រឹត្តទៅពីថ្ងៃទី១៧-២១ ខែកញ្ញា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍អន្តរជាតិ ទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី ប្រទេសចិន។ ពិព័រណ៍ចិន-អាស៊ាន ជាវេទិកានៃការផ្លាស់ប្តូរពាណិជ្ជកម្ម និងវិនិយោគដ៏សំខាន់រវាងបណ្តាប្រទេសជា សមាជិកអាស៊ាន និងប្រទេសចិន។
តាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ប្រទេសកម្ពុជា នឹងរៀបចំកម្មវិធីមួយចំនួន នៅក្នុងពិព័រណ៍នេះ ដូចជារៀបពន្លាជាតិកម្ពុជា និងតាំងបង្ហាញផលិតផលខ្មែរ។ បន្ថែមលើនេះ រៀបចំដំណើរទស្សនកិច្ច នៅតាមបណ្តាក្រុមហ៊ុន សហគ្រាស។ ក្នុងនាមដៃគូសហការរៀបចំក្រសួងពាណិជ្ជកម្ម សូមអញ្ជើញធុរជន សហគ្រិន វិនិយោគិន និងអ្នកផ្តល់សេវាកម្មកម្ពុជា ដែលមានបំណងចង់ចូលរួមជាអ្នកទស្សនាពាណិជ្ជកម្ម ដើម្បីជំរុញសកម្មភាពពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជានិងចិន។
អាជីវករទាំងអស់ ដែលមានបំណងចូលរួមពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ាន លើកទី២២នេះ ប្រញាប់ទៅបំពេញបែបបទរបស់ខ្លួន នៅនាយកដ្ឋានពិព័រណ៍នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម ឱ្យបានមុនថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥។ ទាក់ទងសួរព័ត៌មានបន្ថែម នៅនាយកដ្ឋានកិច្ចការពិព័រណ៍ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ឬតាមទូរស័ព្ទលេខ៖ ០១៦ ៤១៦ ៨២៥/ ០១៧ ៧៥៩ ៥៦៧/ ០៨៧ ៧៥៥ ៥៥១៕
រូបភាព៖ ព័រណ៍ចិន-អាស៊ានលើកទី២០ ឆ្នាំ២០២៣
អ្នកសរសេរអត្ថបទ
កញ្ញា សែម ប្រាក់ដាវ ជានិស្សិតផ្នែកសារព័ត៌មាន នៃសាកលវិទ្យាល័យកម្ពុជា។ នៅខែកក្កដា ឆ្នាំ២០២២ កញ្ញា សែម ប្រាក់ដាវ បានចូលបម្រើការងារនៅសារព័ត៌មានថ្មីៗ ២៥ ដោយជាអ្នកហាត់ការងារ។ បច្ចុប្បន្ន កញ្ញា សែម ប្រាក់ដាវ ជាអ្នកសារព័ត៌មានថ្មីៗ ២៥ ដែលផ្តោតលើព័ត៌មានទេសចរណ៍ និងផលិតវីដេអូខ្លីតាមទូរស័ព្ទ។
