- ថ្ងៃអាទិត្យ ទី៤ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ៧:៤០ នាទី ល្ងាច

នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក អាន់តូនី អាល់បានីស និងបក្សពលករ នៅថ្ងៃទី៣ ខែឧសភា បានឈ្នះការបោះឆ្នោតរដ្ឋសភា ក្នុងសំឡេងភាគច្រើន។ ជ័យជម្នះនេះ បានធ្វើឱ្យលោក អាល់បានីស ក្លាយជានាយករដ្ឋមន្រ្តីដំបូង ដែលឈ្នះការបោះឆ្នោត ២អាណត្តិជាប់គ្នា រយៈពេល២ទសវត្សរ៍ចុងក្រោយ។
តាមការចុះផ្សាយរបស់សារព័ត៌មាន ABC News បក្សពលកររបស់លោក អាន់តូនី អាល់បានីស នាយករដ្ឋមន្រ្តីអូស្រ្តាលី ទទួលបានអាសនៈចំនួន ៨៦ ដែលជាចំនួនភាគច្រើននៅក្នុងរដ្ឋសភា។ សមាជិករដ្ឋសភាអូស្រា្តលី មានចំនួនសរុប ១៥១អាសនៈ។ ក្រោយលទ្ធផលបោះឆ្នោត លោក Peter Dutton មេដឹកនាំបក្សសេរីនិយម ក៏បានទទួលស្គាល់លទ្ធផលចាញ់ឆ្នោតផងដែឬ។
ក្នុងសុន្ទរកថាក្រោយទទួលបានជ័យជម្នះ លោក អាល់បានីស បានសន្យាគ្រប់គ្រងប្រទេសឱ្យបានល្អ នៅចំពោះការគំរាមកំហែងពន្ធគយរបស់អាម៉េរិក ក្រោមរដ្ឋបាលលោក ដូណាល់ ត្រាំ និងភាពមិនប្រាកដប្រជារបស់ពិភពលោក។
«ប្រជាជនអូស្រ្តាលី បានជ្រើសរើស ដើម្បីប្រឈមមុខនឹងបញ្ហាប្រឈមរបស់សកលលោក តាមវិធីសាស្រ្តរបស់អូស្រ្តាលី, ការរួបរួមគ្នាសម្រាប់អនាគត»។ ប្រមុខរដ្ឋាភិបាលអូស្រ្តាលី បានបញ្ជាក់បែបនេះ នៅថ្ងៃទី៣ ខែឧសភា។ បើតាមលោក អាល់បានីស ប្រជាជនអូស្រ្តាលី បានបោះឆ្នោតឱ្យតម្លៃអូស្រ្តាលី។
សូមបញ្ជាក់ថា ក្នុងការបោះឆ្នោតនៅអូស្រ្តាលី ប្រធានបទសំខាន់ៗមានដូចជា បញ្ហាពន្ធគយរបស់លោក ត្រាំ, ការចំណាយខ្ពស់, សុខាភិបាល, តម្លៃផ្ទះសម្បែង និងថាមពលស្អាតជាដើម៕
អ្នកសរសេរអត្ថបទ
ធៀន ភារិន្ទ បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ នៅក្នុងឆ្នាំ២០១៩។ បច្ចុប្បន្ននេះ ភារិន្ទកំពុងសិក្សាផ្នែកច្បាប់ នៅសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងនៅដេប៉ាតេម៉ង់សិក្សាអន្តរជាតិ នៃវិទ្យាស្ថានការបរទេស សកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ភារិន្ទ ជាអ្នកតាមដានព័ត៌មានអន្តរជាតិ ជាពិសេស នយោបាយ សេដ្ឋកិច្ច និងទំនាក់ទំនងការបរទេស។...
