អ្នកស្រី ទុយ ហេង សប្បាយពេលឃើញពលរដ្ឋយល់ពីការទុកដាក់សំរាមបានល្អ
  • ថ្ងៃចន្ទ ទី៥ ខែឧសភា ឆ្នាំ២០២៥ ​​ ម៉ោង ៨:០០ នាទី ព្រឹក
អ្នកស្រី ទុយ ហេង សប្បាយពេលឃើញពលរដ្ឋយល់ពីការទុកដាក់សំរាមបានល្អ
អ្នកស្រី ទុយ ហេង ពេលកំពុងសម្អាតនៅក្នុងកសិន្ធុអង្គរវត្ត

សៀមរាប៖ អ្នកស្រី ទុយ ហេង ជាកម្មករសម្អាតបរិស្ថានក្នុងទឹកកសិន្ធុប្រាសាទអង្គរ។ ទោះបីអ្នកខ្លះ​មើលមិនឃើញពីតម្លៃការងារនេះក៏ដោយ ប៉ុន្តែជាអ្នករស់នៅតំបន់អង្គរមួយរូប អ្នកស្រីពិតជា​មានមោទកភាពណាស់ ដែលបានចូលរួមសម្អាតតំបន់ប្រាសាទឱ្យបានស្អាត ពិសេសសម្អាតទឹកឱ្យ​បានថ្លា​ខួបប្រាំងវស្សា។

TTN-Free-Banner-In-Article-PC

ឆ្នាំនេះអ្នកស្រី ទុយ ហេង ធ្វើការជាកម្មករសម្អាតបរិស្ថាននៅតំបន់អង្គររយៈពេល៩ឆ្នាំហើយ។ ចូលធ្វើការនៅក្នុងឆ្នាំ២០១៦ អ្នកភូមិថ្នល់បណ្ដោយ ឃុំព្រះដាក់ ស្រុកបន្ទាយស្រីរូបនេះ មានមោទកភាពចំពោះការងារតូចតាចមួយនេះ។ អ្នកស្រីមានស្នាមញញឹមនៅពេលទឹកកសិន្ធុប្រាសាទ​អង្គរវត្ត ថ្លាស្អាត និងមានមនុស្សម្នាមកអង្គុយលេងច្រើន។

រៀងរាល់ថ្ងៃក្រុមការងារអ្នកស្រី ហេង ដែលមានគ្នា៤នាក់ មានទូក២គ្រឿងចង់ផ្អោបគ្នា អុំទូកចុះឡើងៗ តាមមាត់ច្រាំងកសិន្ធុខាងត្បូងប្រាសាទអង្គរវត្ត។ អ្នកដំណើរដែលជិះកាត់តាមនោះ តែងប្រទះឃើញក្រុមស្រ្តីទាំងនេះ កាត់ ដួសស្មៅ ស្លែ ឬរុក្ខជាតិទឹក ជាប់ជានិច្ច។ អ្នកស្រី ហេង ប្រាប់សារព័ត៌មានថ្មីៗនៅថ្ងៃទី២ ឧសភា ថា នៅជ្រុងខាងត្បូងកសិន្ធុនេះ មានក្រុមសម្អាត៤ក្រុម ដែលចែកជាកំណាត់ ឬប្រវែងគ្នាដើម្បីសម្អាត ដោយធ្វើយ៉ាងណា មិនឱ្យមានសំរាមដុះបាំង​សោភ័ណភាពទឹកឡើយ។ ក្នុងរដូវនេះ ស្មៅ ឬស្លែ មិនសូវមានច្រើនប៉ុន្មានទេ ដោយសារកត្តា​អាកាសធាតុផង និងក្រុមការងារចល័តសម្អាតច្រើនផង។ នេះជាការកត់សម្គាល់របស់ អ្នកស្រី ហេង ដែលប្រាប់អ្នកសារព័ត៌មាន។

ក្រុមការងារសម្អាតនៅកសិន្ធុជ្រុងខាងត្បូងអង្គរវត្ត

ចំពោះបញ្ហាសំរាមនៅតំបន់ប្រាសាទវិញ កម្មករក្រុមហ៊ុនសម្អាតបរិស្ថាន HCC ដដែលកត់សម្គាត់ឃើញថា ឥរិយាបថរបស់ប្រជាពលរដ្ឋ រួមនិងភ្ញៀវទេសចរនៅពេលមកលេងតំបន់ប្រាសាទ ក៏ដូចជាប្រាសាទអង្គរវត្ត មានការផ្លាស់ប្ដូរច្រើន។ ពួកគេយល់ពីការវេចខ្ចប់សំរាមដាក់ក្នុងធុងបានត្រឹមត្រូវ ដែលការណ៍នេះខុសពីប៉ុន្មានឆ្នាំមុន។ ទង្វើទាំងនេះ បានជួយដល់កម្មករសម្អាតមួយផ្នែកផងដែរ។ អ្នកស្រី ទុយ ហេង និយាយដោយទឹកមុខរីករាយដូច្នេះថា៖« ការចោលសំរាមកាត់បន្ថយច្រើនពេលបុណ្យទាន មិនដូចមុនទេ  ពួកគាត់ហូបហើយ មានវេចខ្ចប់ដាក់ធុងត្រឹមត្រូវ កាត់បន្ថយបានជាង៥០ភាគរយដែរ។ សប្បាយពេលទេសចរយល់ដឹង វាកាត់បន្ថយ និងដូចជួយអ្នកសម្អាតដែរ»។

ស្ថិតក្នុងវ័យ៤៦ឆ្នាំ អ្នកស្រី ហេង រីករាយជាខ្លាំងនៅពេលការងាររបស់អ្នកស្រី រួមចំណែកជួយឱ្យទឹកថ្លា និងទាក់ទាញអ្នកមកអង្គុយលេងតាមច្រាំងកសិន្ធុច្រើន ពិសេសនៅពេលរសៀល។ យ៉ាងណា កម្មករសម្អាតអនាម័យរូបនេះ នៅតែទទូចឱ្យអ្នកដែលចូលចិត្តយកអាហារមកហូប និងអ្នកយក​ត្រី​មកព្រលែង ជួយយកថង់ ឬសំរាមទាំងនោះដាក់ក្នុងធុងឱ្យបានត្រឹមត្រូវ ជៀសវាងការប៉ើង ឬហើរចូលក្នុងទឹក ដែលប៉ះពាល់ទាំងសោភ័ណភាព និងគុណភាពទឹកក្នុងកសិន្ធុ។

ទោះបីមិនមានជីវភាពធូរធារដូចគេឯងពិតមែន ប៉ុន្តែការងារជាអ្នកសម្អាត បានរួមចំណែកមួយផ្នែកធំ ជួយទ្រទ្រង់ជីវភាពប្រចាំថ្ងៃរបស់គ្រួសារអ្នកស្រី ហេង ដែលមានប្តីអ្នកធ្វើសំណង់ និងឡើងត្នោត។ អ្នកស្រីបានពោលដូច្នេះថា៖« ការងារនេះសមរម្យ អាចដោះស្រាយបានប្រចាំថ្ងៃ មិនចង់ផ្លាស់ប្ដូរទៅណាទេ កម្លាំងយើងអាចធ្វើបាន មិនធ្ងន់ និងមិនស្រាលពេកទេ»៕


អ្នកសរសេរអត្ថបទ

អ៊ី​សា រ៉​ហា​នី (Isa Rohany) មាន​ស្រុកកំណើត​នៅ​ស្រុក​ក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ នាង​បាន​ចូលធ្វើការ​ជា​អ្នក​សារព័ត៌មាន​នៅ​គេហទំព័រ​សារព័ត៌មាន​ថ្មីៗ​នៅ​ដើមឆ្នាំ​២០១៣ ក្រោយ​ទទួល​ការបណ្តុះបណ្តាល​វគ្គ​ខ្លី​លើ​ជំនាញ​សារព័ត៌មាន​ពី​អ្នកកាសែត​ជើងចាស់​។ ចាប់ពី​ឆ្នាំ​២០១៤​មក អ៊ី​សា រ៉​ហា​នី គឺជា​សហការី​របស់​សារព័ត៌មាន​ថ្មីៗ​ប្រចាំខេត្ត​សៀមរាប ដោយ​ផ្តោតលើ​ព័ត៌មាន​ចម្រុះ​។ អ៊ី​សា រ៉​ហា​នី បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​លើ​ជំនាញ សេដ្ឋកិច្ច នៅ​ឆ្នាំ​២០១១៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

អុីសា រ៉ហានី