- ថ្ងៃចន្ទ ទី៥ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ៨:៣០ នាទី ព្រឹក

លោក Mikel Arteta អ្នកចាត់ការក្រុម Arsenal ដាស់តឿនកូនក្រុមឱ្យទប់ចិត្ត និងយកកំហឹង ដែលចាញ់ការប្រកួតក្រោមថ្វីជើង AFC Bournemouth លទ្ធផល ២-១ នៅក្របខណ្ឌលីគកំពូលអង់គ្លេស ទៅប្រើដើម្បីប្រជែងឱ្យឈ្នះក្រុម Paris Saint Germain នៅការប្រកួតជើងទី២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Champions League សប្តាហ៍ក្រោយ។
ចាប់តាំងពីពេល Liverpool បានប្រកាសពីជ័យជម្នះ និងការឈ្នះពានក្នុងក្របខណ្ឌ Premier League រួចមក Arsenal បានប្រកួតចាញ់ក្នុងលីគកំពូលអង៉ក្លេស ក្រោមថ្វីជើង AFC Bournemouth។ កីឡាករ Declan Rice បង្ហាញខ្លួនលើកទី ១០០ សម្រាប់ Arsenal និងថែមទាំងស៊ុតបាល់បញ្ចូលទីនាំមុខការប្រកួតនោះ ប៉ុន្តែចុងក្រោយនៅតែត្រូវបានក្រុម Bournemouth វាយបកយកឈ្នះ ដោយការស៊ុតរបស់កីឡាករ Dean Huijsen និង Evanilson។
បរាជ័យក្នុង Premier League ធ្វើឱ្យប៉ះពាល់អារម្មណ៍កូនក្រុមរបស់លោក Mikel Arteta ដែលកំពុងត្រៀមខ្លួនសម្រាប់ការប្រកួតជើងទី២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Champions League ទល់នឹងក្រុម Paris Saint Germain។ អ្នកចាត់ការសញ្ជាតិអេស្ប៉ាញ បានផ្តាំកូនក្រុមឱ្យត្រៀមបញ្ចេញកំហឹង ពេលប្រកួតប្រជែងទល់នឹងក្រុមខ្លាំងរបស់បារាំង។
«លទ្ធផលវិជ្ជមាននឹងអាចជួយដល់យើងក្នុងការកសាងទំនុកចិត្តខ្ពស់ តាមអ្វីដែលយើងចង់បានសម្រាប់ត្រៀមការប្រកួតសំខាន់នៅថ្ងៃទី៧ ឧសភា ខាងមុខ។ ដូច្នេះអ្វីដែលយើងត្រូវបង្កើតនៅពេលនេះ គឺជាកម្លាំងចិត្ត កំហឹង ដើម្បីទៅដណ្តើមជ័យជម្នះនៅការប្រកួតប្រជែងមួយដ៏ខ្លាំងខាងមុខ ហើយត្រូវទុកការខកចិត្ត អារម្មណ៍មិនល្អនៅមួយឡែក។ ដូច្នេះយើងត្រូវប្រាកដថា យើងនឹងប្រើកំហឹងទាំងនោះ ដើម្បីបង្ហាញទម្រង់លេងឱ្យល្អបំផុតក្នុងទឹកដីទីក្រុងប៉ារីស ឈ្នះការប្រកួត គឺនឹងនាំយើងទៅវគ្គផ្តាច់ព្រ័ត្រ។»។
កាលជំនួបជើងទីមួយសប្តាហ៍មុន ក្នុងកីឡដ្ឋាន Emirate ទឹកដីអង់គ្លេស Arsenal ចាញ់ការប្រកួតលទ្ធផល ១-០ ហើយការប្រកួតជើងទី២ ពួកគេនឹងត្រូវបំពេញការងារធ្ងន់ ក្នុងការដណ្តើមឱ្យបានជ័យជម្នះពី PSG ក្នុងកីឡដ្ឋាន Parc des Princes។
បន្ទាប់ពីការប្រកួតពានរង្វាន់ UCL បញ្ចប់ទៅ ក្រុមរហស្សានាមកាំភ្លើងធំ ក៏នឹងត្រូវបន្តការប្រកួតដោយជួបក្រុមខ្លាំងៗ ដូចជា Liverpool និង Newcastle United នៅក្របខណ្ឌលីគកំពូលអង់គ្លេស៕
អ្នកសរសេរអត្ថបទ
អ្នកយកព័ត៌មានកីឡា
