ប្រមុខស្ថាប័នហិរញ្ញវត្ថុអាស៊ានបូក៣ ព្រមានពីការការពារនិយមរបស់អាម៉េរិក
  • ថ្ងៃចន្ទ ទី៥ ខែឧសភា ឆ្នាំ២០២៥ ​​ ម៉ោង ១២:០០ នាទី រសៀល
ប្រមុខស្ថាប័នហិរញ្ញវត្ថុអាស៊ានបូក៣ ព្រមានពីការការពារនិយមរបស់អាម៉េរិក
រូបភាព Kyodo

ប្រមុខស្ថាប័នហិរញ្ញវត្ថុអាស៊ាន ចិន កូរ៉េខាងត្បូង​ និងជប៉ុន នៅថ្ងៃទី៤ ខែឧសភា បានព្រមានពីការថមថយសេដ្ឋកិច្ចសកល ដែលកើតចេញគោលនយោបាយពាណិជ្ជកម្មការពារនិយម។ ការលើកឡើងរបស់ប្រទេសអាស៊ានបូក៣ ធ្វើឡើងក្រោយអាម៉េរិក បានដាក់ពន្ធជាបន្តបន្ទាប់លើប្រទេសជាច្រើន។

TTN-Free-Banner-In-Article-PC

តាមសេចក្តីថ្លែងការណ៍មួយដែលត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំរអាស៊ានបូក៣ ក្នុងថ្ងៃទី៤ ខែឧសភា រដ្ឋមន្រ្តីហិរញ្ញវត្ថុ និងប្រធានធនាគារកណ្តាល បានព្រមានពីការការពារនិយមរបស់បណ្តាប្រទេសមួយចំនួន ដែលអាចទំនងប៉ះពាល់ដល់សេដ្ឋកិច្ចសកល។ ទោះមិនបានបញ្ជាក់ពីប្រទេសណាមួយ តែអាស៊ានបូក៣ ទំនងសំដៅដល់អាម៉េរិក។ 

«ការរីកសាយនៃការការពារនិយម លើពាណិជ្ជកម្មសកល អាចនាំឱ្យមានភាពបាក់បែកសេដ្ឋកិច្ច, ប៉ះពាល់ពាណិជ្ជកម្ម, ការវិនិយោគ និងលំហូរសាច់ប្រាក់នៅក្នុងតំបន់»។ ប្រមុខស្ថាប័នហិរញ្ញវត្ថុអាស៊ាន ចិន កូរ៉េខាងត្បូង និងជប៉ុន បានបញ្ជាក់បែបនេះ ដោយបន្តប្តេជ្ញាចំពោះប្រព័ន្ធពាណិជ្ជកម្មពហុភាគីប្រកបដោយតម្លាភាព ភាពត្រឹមត្រូវ និងសេរី។ 

កម្ពុជា បានរងពន្ធគយបដិការចំនួន ៤៩ភាគរយ ហើយវៀតណាមចំនួន ៤៦ភាគរយ។ យ៉ាងណាមិញ ពន្ធនេះ ត្រូវបានផ្អាករយៈពេល ៩០ថ្ងៃ ហើយបន្ថយមកត្រឹម១០ភាគរយ​ ដើម្បីចរចា។ ចំណែកជប៉ុន ក៏រងពន្ធគយចំនួន ២៤ភាគរយផងដែរ។ 

តាមរយៈកិច្ចប្រជុំនៅទីក្រុង Milan ប្រទេសអ៊ីតាលី រដ្ឋមន្រ្តីហិរញ្ញវត្ថុជប៉ុន លោក Katsunobu Kato បានជំរុញឱ្យមានកិច្ចសហប្រតិបត្តិការ ក្នុងការសម្រេចបានស្ថិរភាពសេដ្ឋកិច្ច ហើយពង្រឹងការរួបរួមគ្នានៅថ្នាក់តំបន់៕ 


អ្នកសរសេរអត្ថបទ

​ធៀន ភា​រិន្ទ បានចាប់ផ្តើម​ការងារ​ជា​អ្នកសារព័ត៌មាន​នៅ សារព័ត៌មាន​ថ្មីៗ នៅក្នុង​ឆ្នាំ​២០១៩​។ បច្ចុប្បន្ននេះ ភា​រិន្ទ​កំពុង​សិក្សា​ផ្នែក​ច្បាប់ នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច និង​នៅ​ដេ​ប៉ា​តេ​ម៉​ង់​សិក្សា​អន្តរជាតិ នៃ​វិទ្យាស្ថាន​ការបរទេស សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។ ភា​រិន្ទ ជា​អ្នកតាមដាន​ព័ត៌មាន​អន្តរជាតិ ជាពិសេស នយោបាយ សេដ្ឋកិច្ច និង​ទំនាក់ទំនង​ការបរទេស​។​...

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ធៀន ភា​រិន្ទ