ក្នុងឆ្នាំ២០២៥​ បារាំងឱ្យកម្ចីគាំទ្រកម្ពុជា លើវិស័យគ្រប់គ្រងទឹក កសិកម្ម និងថាមពល ចំនួន៧គម្រោង
  • ថ្ងៃចន្ទ ទី៥ ខែឧសភា ឆ្នាំ២០២៥ ​​ ម៉ោង ៤:២៩ នាទី រសៀល
ក្នុងឆ្នាំ២០២៥​ បារាំងឱ្យកម្ចីគាំទ្រកម្ពុជា លើវិស័យគ្រប់គ្រងទឹក កសិកម្ម និងថាមពល ចំនួន៧គម្រោង
លោក លោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ក្នុងកិច្ចពិភាក្សាតុមូល ស្ពីពី «ទំនាក់ទំនងការទូតកម្ពុជា-បារាំង និងការអភិវឌ្ឍនៅកម្ពុជា» នាថ្ងៃទី៥ឧសភា ឆ្នាំ២០២៥។ រូបពី CCJpg

ភ្នំពេញ៖ នៅឆ្នាំ​២០២៥ មានគម្រោងចំនួន៧ ក្នុងវិស័យគ្រប់គ្រងទឹក កសិកម្ម និងថាមពល ដែលកម្ពុជាទទួលបានហិរញ្ញប្បទានពីបារាំង។ នេះបើតាមការបញ្ជាក់របស់លោក លោក ហ្សាក់ ប៉ឺឡេ (Pellet Jacques) ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា។

TTN-Free-Banner-In-Article-PC

នៅថ្ងៃទី៥ឧសភា ក្លិបអ្នកសារព័ត៌មានកម្ពុជា បានរៀបចំកិច្ចពិភាក្សាតុមូលជាមួយឯកអគ្គរដ្ឋទូតបារាំង ស្ពីពី «ទំនាក់ទំនងការទូតកម្ពុជា-បារាំង និងការអភិវឌ្ឍនៅកម្ពុជា»។ កិច្ចពិភាក្សានេះ ធ្វើឡើងក្នុងបរិវេនស្ថានទូតបារាំង ដោយអ្នកសារព័ត៌មានជិត៣០នាក់។ 

លោក ហ្សាក់ ប៉ឺឡេ បានលើកឡើងពីទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងភាពជាដៃគូដ៏រស់រវើក ភាពជាដៃគូអន្តរជាតិនៃសាមគ្គីភាព បម្លាស់ប្ដូរផ្នែកវប្បធម៌ បេតិកភណ្ឌ វិស័យសុខាភិបាល វិស័យអប់រំ សេដ្ឋកិច្ច និងកិច្ចប្រជុំហ្វ្រង់កូហ្វូនីផងដែរ។ ឯកអគ្គរដ្ឋទូតបារាំង មើលឃើញពីភាពរីកច្រើននៃទំនាក់ទំនងប្រទេសទាំងពីរ ដោយលោកបានអះអាងថា៖ «ទំនោរនេះ នឹងបន្តមានជាមានជាមួយដំណើរទស្សនកិច្ចរបស់លោក ប្រធានាធិបតីបារាំង អេម៉ានុយអ៊ែល ម៉ាក្រុង នៅកម្ពុជានៅចុងឆ្នាំ២០២៦ ក្នុងឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី។»។ 

តាមរយៈទំនាក់ទំនងល្អប្រសើរនេះ នៅឆ្នាំ២០២៥ កម្ពុជាទទួលបានការគាំទ្រពីបារាំងចំនួន ៧គម្រោង ដែលផ្តោតពិសេសលើវិស័យគ្រប់គ្រងទឹក កសិកម្ម និងថាមពល។ គម្រោងនេះ ធ្វើឡើងក្នុងភាពជាដៃ​គូ​ជាមួយស្ថាប័នកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ស្ថាប័នកម្ពុជា។ នេះបើតាមការបញ្ជាក់របស់ លោក ហ្សាក់ ប៉ឺឡេ ហើយលោកក៏បង្ហាញគម្រោងនេះដែរ មានគម្រោងរោងចក្រប្រព្រឹត្តកម្មទឹកស្អាត។ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតនៅបាក់ខែងជំហានទី៣ ទទួលបានគម្រោងកម្ចីចំនួន២០០លានអឺរ៉ូ ពីបារាំង ដែលមានគោលដៅធានាការផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាពលរដ្ឋ១០០ភាគរយ នៅរាជធានីភ្នំពេញក្នុងឆ្នាំ២០៣០។

លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា(ខាងស្ដាំ) និង លោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ក្នុងកិច្ចពិភាក្សាតុមូលស្ពីពី «ទំនាក់ទំនងការទូតកម្ពុជា-បារាំង និងការអភិវឌ្ឍនៅកម្ពុជា» នាថ្ងៃទី៥ឧសភា ឆ្នាំ២០២៥។ រូបពី CCJ 

គម្រោងទី២ គឺស្ដារអាងស្ទឹងស្វាយចេក ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងធនធានទឹក និងឧតុនិយម ដែលមានគោលដៅពង្រឹងភាពធន់ផ្នែកអាកាសធាតុ កែលម្អលទ្ធភាពទទួលបានទឹកសម្រាប់កសិកម្ម ក៏ដូចជាស្តារប្រព័ន្ធអេកូឡូស៊ី។ គម្រោងនេះ កម្ពុជាទទួលបានកម្ចី ទឹកប្រាក់៩១លានអឺរ៉ូ។ គម្រោងទី៣ ជាគម្រោងនេសាទសមុទ្រ និងតំបន់ឆ្នេរប្រកបដោយនិរន្តរភាព ក្នុងភាពជាដៃគូជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងធនាគារអភិវឌ្ឍន៍អាស៊ី ដែលមានគោលដៅពង្រឹងភាពធន់ទៅនឹងបម្រែបម្រួលអាកាសធាតុ និងផលិតភាពនៃឆ្នេរ និងសមុទ្រនៅកម្ពុជា។ គម្រោងនេះ មានកាគាំទ្រផ្នែកហិរញ្ញវត្ថុ២០លានដុល្លារ ផ្តល់ដោយទីភ្នាក់ងារ AFD។

គម្រោងទី៤ គឺគម្រោង Wat4Cam ជាមួយក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីលើកកម្ពស់ការគ្រប់គ្រងធនធានទឹក ដោយផ្តោតលើផលប៉ះពាល់ផ្នែកអាកាសធាតុ ការជួយជ្រោមជ្រែងអន្តរកាលអេកូឡូស៊ី និងការកែលម្អប្រព័ន្ធស្រោចស្រព។ គម្រោងនេះ ទទួលបានហិរញ្ញប្បទានសម្បទានចំនួន៧៥លានអឺរ៉ូពីទីភ្នាក់ងារ AFD និងហិរញ្ញប្បទានឥតសំណងចំនួន១១,៨លានអឺរ៉ូ ពីសហភាពអឺរ៉ុប។ គម្រោងទី៥ ជាគម្រោង Rid4Cam ជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ដែលអនុញ្ញាតឱ្យមានការស្តារ និងជួសជុលផ្លូវជនបទប្រវែង៥៥០គីឡូម៉ែត្រ ក៏ដូចជាអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលធន់នឹងបម្រែបម្រួលអាកាសធាតុ ក្នុងវិស័យទឹកស្អាត និងអនាម័យ កសិកម្ម សុខាភិបាល និងអប់រំ។ គម្រោង Rid4Cam កម្ពុជាទទួលបានហិរញ្ញប្បទានសម្បទាន៧៥លានអឺរ៉ូ ផ្តល់ដោយទីភ្នាក់ងារ AFD ដែលបំពេញបន្ថែមដោយហិរញ្ញប្បទានអាល្លឺម៉ង់៣០លានអឺរ៉ូពី និងហិរញ្ញប្បទានអឺរ៉ុប៨,៧លានអឺរ៉ូ។

កិច្ចពិភាក្សាតុមូលស្ពីពី «ទំនាក់ទំនងការទូតកម្ពុជា-បារាំង និងការអភិវឌ្ឍនៅកម្ពុជា» នាថ្ងៃទី៥ឧសភា ឆ្នាំ២០២៥ ដែលមានអ្នកសារព័ត៌មានចូលរួមជិត៣០នាក់។ រូបពី CCJ

គម្រោងទី៦ គឺធ្វើទំនើបកម្មបណ្តាញបញ្ជូន និងចែកចាយអគ្គិសនីនៅកម្ពុជា ដែលជួយជ្រោមជ្រែងបរិវត្តកម្មឌីជីថលរបស់អគ្គិសនីកម្ពុជា ដើម្បីពង្រឹងប្រសិទ្ធភាព ការគ្រប់គ្រងបណ្តាញបញ្ជូន និងចែកចាយរបស់អគ្គិសនីកម្ពុជា។ គម្រោងមួយនេះ មានការជួយគាំទ្រ ផ្នែកហិរញ្ញប្បទានសម្បទាន២៥លានអឺរ៉ូ ដែលបំពេញបន្ថែម ដោយហិរញ្ញប្បទាន៤,១លានអឺរ៉ូពីសហភាពអឺរ៉ុប។ រីឯ គម្រោងទី៧ គឺ​ ACSEP ក្នុងភាពជាដៃគូជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលជួយជ្រោមជ្រែងការពង្រឹងកសិកម្មកម្ពុជា នៅលើទីផ្សារជាតិ និងអន្តរជាតិ ដោយពង្រឹងភាពប្រកួតប្រជែង នៃផ្នែកយុទ្ធសាស្រ្ត។ គម្រោងមួយនេះ មានការផ្ដល់កម្ចី២៥លានអឺរ៉ូ។ 

ជុំវិញទំនាក់ទំនងនយោបាយផ្សេងៗវិញ ឯកអគ្គរដ្ឋទូតបារាំង សង្កេតឃើញ ប្រទេសទាំងពីរ តែងប្រឹក្សានយោបាយជារៀងរាល់ឆ្នាំ។ លោកចាត់ទុកវាជា ឱកាសនៃការពិនិត្យពីទំនាក់ទំនងទ្វេភាគី ក៏ដូចជារំលឹកការប្រកាន់ខ្ជាប់រួមគ្នា នូវការគាំពារចំពោះពហុភាគីនិយម ច្បាប់អន្តរជាតិ និងបញ្ហាសាកល។ 

រយៈពេលជាង៣០ឆ្នាំនេះ កម្ពុជាទទួលបាន ហិរញ្ញប្បទានសរុបជាង១,៥ពាន់លានអឺរ៉ូ ពីបារាំង។ នៅឆ្នាំ២០២៤វិញ ជាឆ្នាំដែលកម្ពុជា ទទួលបានហិរញ្ញប្បទានខ្ពស់បំផុតពីបារាំង ដែលមិនធ្លាប់មាន គឺទឹកប្រាក់២១៥លានអឺរ៉ូ៕ 


អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ឡាយ សុភាវតី