ប្រធានាធិបតីឥណ្ឌូណេស៊ី ចាត់ទុកសម្តេច ហ៊ុន សែន ជាបុរសរដ្ឋដ៏មានបទពិសោធន៍
- ថ្ងៃអង្គារ ទី៦ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ១០:២០ នាទី ព្រឹក

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ បានទទួលស្វាគមន៍សម្តេច ហ៊ុន សែន នៅវិមានរដ្ឋាភិបាលនាក្រុងហ្សាការតា។ រូបថត AFP
រដ្ឋាភិបាលឥណ្ឌូណេស៊ី បានរៀបចំពិធីបដិសណ្ឋារកិច្ចផ្លូវការចំពោះដំណើរទស្សនកិច្ចរបស់សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា កាលពីថ្ងៃទី៥ ខែឧសភា។ ក្បួនរថយន្តប្រតិភូកម្ពុជាឆ្ពោះទៅកាន់វិមានរដ្ឋាភិបាល (Merdeka Palace) នាក្រុងហ្សារកាតា ត្រូវបានអមដោយកងកិត្តិយស និងមានការធ្វើគារវកិច្ចពីកងកិត្តិយសទ័ពសេះ ក៏ដូចជាការលើកគ្រវីទង់ជាតិនៃប្រទេសទាំងពីរ នៅតាមផ្លូវពីសំណាក់សិស្សសាលាជាច្រើនរយនាក់។ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ បានទទួលស្វាគមន៍សម្តេច ហ៊ុន សែន ដែលលោកបានចាត់ទុកថា ជាបុរសរដ្ឋដ៏មានបទពិសោធន៍នៅតំបន់អាស៊ីអាគ្នេយ៍។

វត្តមានរបស់សម្តេច ហ៊ុន សែន នៅឥណ្ឌូណេស៊ី ត្រូវបានលោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ ចាត់ទុកថា ជាកិត្តិយសដ៏ធំ បន្ទាប់ពីលោកបានជួបសម្តេចនៅរាជធានីភ្នំពេញ កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២៤ ពោលគឺមួយខែមុនពេលស្បថចូលកាន់តំណែងជាប្រធានាធិបតីឥណ្ឌូណេស៊ី។
លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ បានលើកឡើងថា សម្តេច ហ៊ុន សែន នៅក្នុងតំបន់អាស៊ីអាគ្នេយ៍សម្តេចជាបុរសរដ្ឋ ដែលមានបទពិសោធន៍ដឹកនាំប្រទេសយូរឆ្នាំ។ ជាមួយគ្នានេះ មេដឹកនាំឥណ្ឌូណេស៊ី បញ្ជាក់ពីការប្តេជ្ញាលើកកម្ពស់កិច្ចសន្ទនា ការផ្សះផ្សាជាតិ និងដោះស្រាយទំនាស់ដោយសន្តិវិធីនៅកម្ពុជា តាំងពីអំឡុងទសវត្សរ៍ឆ្នាំ ១៩៨០ និង១៩៩០។
ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ សម្តេច ហ៊ុន សែន បានថ្លែងអំណរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ ដោយសម្តេចលើកឡើងថា ប្រធានាធិបតីឥណ្ឌូណេស៊ីដែលជាមិត្តចាស់ដែលបានស្គាល់គ្នាជាង៣០ឆ្នាំ។
សម្តេច ហ៊ុន សែន និងលោកប្រាបូវ៉ូ ពេញចិត្តនឹងកិច្ចសហប្រតិបត្តិការរវាងយោធានិងយោធានៃប្រទេសទាំងពីរដែលមានសន្ទុះល្អ ហើយមេដឹកនាំទាំងពីរបន្តជំរុញឱ្យពង្រីកបន្ថែម។ នេះបើតាមការផ្សាយនៅលើបណ្តាញសង្គមផ្លូវការរបស់សម្តេច ហ៊ុន សែន ហើយលើសពីនេះ ភាគីទាំងពីរជជែកពីការសហការគ្នាដោះស្រាយឧក្រិដ្ឋកម្មឆ្លងដែន លើបទឆបោកតាមអនឡាញ និងបញ្ហាគ្រឿងញៀនជាដើម។
តបតាមការអញ្ជើញរបស់ព្រះករុណាព្រះមហាក្សត្រកម្ពុជា លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា នាពេលដ៏សមស្របខាងមុខនេះ៕
អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com