- ថ្ងៃអង្គារ ទី៦ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ១១:៥៩ នាទី ព្រឹក

ភ្នំពេញ៖ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បញ្ជាឱ្យមន្ត្រីជំនាញតាមបណ្ដារាជធានី-ខេត្ត ចុះពិនិត្យតាមបណ្ដារោងចក្រ សហគ្រាសជាប្រចាំ ពីការរៀបចំប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ពិសេសការបង្ហូរទឹកកខ្វក់ចេញពីរោងចក្រ។ ករណីរកឃើញ រោងចក្រ សហគ្រាស បង្ហូរទឹកកខ្វក់ចូលទន្លេ សមុទ្រ ឬប្រព័ន្ធទឹកសាធារណៈ សម្ដេចបញ្ជាឱ្យផ្អាកដំណើរការសិន។
នៅក្នុងបើកការដ្ឋានគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្រុងតាខ្មៅ នៅថ្ងៃទី៦ឧសភា សម្ដេច ហ៊ុន ម៉ាណែត បានចាត់ទុកការរៀបចំគ្រប់គ្រងប្រព្រឹត្តកម្មទឹកកខ្វក់ជារឿងចាំបាច់ សម្រាប់ការអភិវឌ្ឍ និងសុខុមាលភាពសាធារណៈ។ ដូច្នេះ តាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា រដ្ឋបានកំណត់គោលដៅកាត់បន្ថយការបង្ហូរទឹកកខ្វក់ ដែលមិនទាន់ធ្វើប្រព្រឹត្តកម្ម មនុបញ្ចូលក្នុងប្រព័ន្ធទឹកសាធាណៈ ដូចជា ទន្លេ ស្ទឹង បឹង ព្រែក ត្រពាំង ឱ្យបាន៥០ភាគរយ នៅឆ្នាំ២០៣០។
បញ្ហាគ្រប់គ្រងទឹកកខ្វក់នេះ ប្រមុខថ្នាក់ដឹកនាំ សង្កេតឃើញទឹកកខ្វក់នៅតាមរោងចក្រមួយចំនួន មានសារធាតុគីមីខ្ពស់ ដោយសារយកវត្ថុធាតុដើមនៃការផលិតរបស់រោងចក្រ។ ជាក់ស្ដែង សម្ដេច លើកពីរោងចក្រ នៅខេត្តបាត់ដំបង ដែលមន្ត្រីជំនាញបរិស្ថានធ្លាប់ដាក់ពិន័យ ដោយសារមិនបានអនុវត្តតាមគោលការ ដោយបង្ហូរទឹកកខ្វក់ ចូលស្ទឹងសង្កែ។
សម្ដេច ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ឱ្យ មន្ត្រីជំនាញយកចិត្តទុកដាក់ដោះស្រាយ ដើម្បីធានាសុខភាពសាធារណៈ និងបរិស្ថាន។ ជុំវិញករណីនេះ នាយករដ្ឋមន្ត្រីបានបញ្ជាទៅមន្ត្រីជំនាញយ៉ាងដូច្នេះ៖ «អ៊ីចឹង! កិច្ចការងារនេះ សុំឱ្យយកចិត្តទុកដាក់ឱ្យបាន ជាពិសេស រាជធានី-ខេត្តរបស់យើង ពិសេសតាមបណ្ដាលខេត្ត ដែលជាប់ទន្លេ និងសមុទ្រ ធ្វើយ៉ាងណារោងចក្រ សហគ្រាស ដែលមានទីតាំងនៅជិតនោះ។ ហើយពេលត្រូវបង្ហូរទឹក ត្រូវធ្វើយ៉ាងម៉េចឱ្យទឹកនេះ ឆ្លងការធ្វើប្រព្រឹត្តកម្មឱ្យបានស្អាត។ ត្រូវពិនិត្យជាប្រចាំឱ្យបាន! មន្ទីរបរិស្ថាន មន្ទីរជំនាញរបស់ខេត្ត ត្រូវយកចិត្តទុកលើរឿងទាំងនេះ ហើយមិនត្រូវមានការយោគយល់»។
ករណីរកឃើញ រោងចក្រ សហគ្រាស ដែលបង្ហូរទឹកចូលស្ទឹង ទន្លេ សមុទ្រ ត្រូវផ្អាកដំណើររោងចក្រនោះ ជាបន្ទាន់។ បន្ទាប់មក រោងចក្រទាំងនោះ ត្រូវដោះស្រាយប្រព័ន្ធប្រព្រឹត្តកម្មទឹក ឱ្យបានរួចរាល់ ទើបមានសិទ្ធិដំណើរការឡើងវិញ។ នេះជាបញ្ជារបស់សម្ដេច ហ៊ុន ម៉ាណែត ហើយដោយអះអាងថា តាមគោលការច្បាប់ រោងចក្រ សហគ្រាស ត្រូវសាកសងកន្លែងប្រព្រឹត្តកម្មទឹកកខ្វក់សិន ទើបអាចដំណើរការបាន។ ប៉ុន្តែ មានរោងចក្រ សហគ្រាសខ្លះ អាចបើកដំណើរការបាន។ ករណីនេះ សម្ដេច ក៏ណែនាំឱ្យមន្ត្រីថ្នាក់ក្រោម ចុះពិនិត្យជាប្រចាំផងដែរ៕
អ្នកសរសេរអត្ថបទ
