- ថ្ងៃពុធ ទី៧ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ៧:៥៩ នាទី ព្រឹក

សៀមរាប៖ ការអាន ជាការក្រេបយកនូវចំណេះដឹង។ ការអាន ជាចំណីអារម្មណ៍ និងប្រាជ្ញា។ ការអាន ត្រូវបានគេនិយាយដូចៗគ្នា មានសារៈសំខាន់។ ប៉ុន្តែតើអានបែបណា ទើបផ្ដល់ផលប្រយោជន៍ដល់អ្នកអាន?
ដើម្បីជ្រាបច្បាស់ សូមលោកអ្នកនាង ទស្សនាបទសម្ភាសរវាងអ្នកសារព័ត៌មាន ThmeyThmey និងលោក អ៊ុក វណ្ណដេ ស្ថាបនិកទេសចរណ៍អំណាន ដូចតទៅ៖
ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោក អ៊ុក វណ្ណដេ ស្ថាបនិកទេសចរណ៍អំណាន លើកឡើងថា ការអានសៀវភៅ ទោះបីជាអានសៀវភៅអ្វី ក៏ផ្ដល់ពុទ្ធិ និងប្រយោជន៍ដល់អ្នកអានដែរ។ ប៉ុន្តែអ្នកអាន ត្រូវចេះជ្រើសរើសប្រភេទឯកសារ ឬសៀវភៅ ឱ្យស័ក្តិសមនឹងវ័យ និងចំណង់ចំណូលចិត្តរបស់ខ្លួន ។
លោក អ៊ុក វណ្ណដេ សង្កត់ធ្ងន់ដូច្នេះ៖ «និយាយតែចំពោះការអាន គឺមានតម្លៃណាស់! ក៏ប៉ុន្តែអានបែបណា ឱ្យរីកចម្រើន? អានបែបណា ឱ្យមានការអភិវឌ្ឍខ្លួនឯង ? វាទៅតាមកម្រិត អាយុដែរ។»។
លោក អ៊ុក វណ្ណដេ ស្ថាបនិកសាលាដូង ខេត្តកំពង់ស្ពឺ និងជាស្ថាបនិកទេសចរណ៍អំណាន (ឆ្វេង)កំពុងផ្ដល់សម្ភាសដល់សារព័ត៌មានឌីជីថលថ្មីៗ នៅក្នុងក្រុងសៀមរាប កាលពីដើមខែឧសភា ឆ្នាំ២០២៥ កន្លងទៅ។
ស្ថាបនិកទេសចរណ៍អំណានរូបនេះ បានបន្ថែមថា ដើម្បីឱ្យមនុស្សចូលចិត្តអាន ឬបង្កើត ទម្លាប់អាន ក្នុងវ័យ២០ឆ្នាំចុះក្រោម ក្រុមមនុស្សនេះ អានប្រលោមលោក។ បន្ទាប់មកវ័យ លើសពី២០ឆ្នាំឡើងទៅ ដែលជាក្រុមចាប់ផ្ដើមចេះគិត វិភាគ និងចាប់ផ្ដើមមានគំនិត គួរ ចាប់ផ្ដើមអានសៀវភៅប្រវត្តិសាស្ត្រ និងជាសៀវភៅបង្កើតគំនិត និងដំណោះស្រាយនានា។
ដ្បិតតែថា ការអានសៀវភៅប្រភេទណាក៏បង្កើតពុទ្ធិដែរ ប៉ុន្តែសម្រាប់ លោក អ៊ុក វណ្ណដេ ការអាន ក៏ត្រូវអានទៅជំនាញរបស់អ្នកអានដែរ។ បើអ្នកជាចុងភៅ អ្នកគួរអានសៀវភៅដែលពាក់ព័ន្ធជាមួយជំនាញចុងភៅ ដើម្បីអភិវឌ្ឍន៍ខ្លួន។ លោក អ៊ុក វណ្ណដេ បន្ថែមយ៉ាង ដូច្នេះ៖ «និយាយពីការអានមួយវាមិនខាតទេ តែបុគ្គលខ្លះកំសាកក្នុងការចាប់ផ្ដើមធ្វើវា តែបែរជាឱ្យពេលវេលាតែជាមួយរឿងឥតប្រយោជន៍។»៕
អ្នកសរសេរអត្ថបទ
