លោក រ៉ុង ឈុន ត្រូវជាប់ទោស៤ឆ្នាំ និងដកសិទ្ធិនយោបាយអចិន្ត្រៃយ៍
  • ថ្ងៃអង្គារ ទី៦ ខែឧសភា ឆ្នាំ២០២៥ ​​ ម៉ោង ៥:០៦ នាទី ល្ងាច
លោក រ៉ុង ឈុន ត្រូវជាប់ទោស៤ឆ្នាំ និងដកសិទ្ធិនយោបាយអចិន្ត្រៃយ៍
លោក រ៉ុង ឈុន​ ទីប្រឹក្សាបក្សកម្លាំងជាតិ។ រូបពី ហ្វេសប៊ុក ស៊ុន ចន្ធី

ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្ដន្ទាទោស លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ ឱ្យជាប់ពន្ធនាគាររយៈពេល៤ឆ្នាំ ដកសិទ្ធិនយោបាយអចិន្ត្រៃយ៍ និងពិន័យ៤លានរៀល ពីបទមិនរាងចាល ក្នុងបទមជ្ឈិមបន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម និងបទល្មើសមួយទៀត គឺញុះគង់បង្កឱ្យមានភាពវឹកវរដល់សង្តិសុខសង្គម ដែលប្រព្រឹត្តកាលពីឆ្នាំ២០២៤។ ការសម្រេចនេះ ធ្វើឡើង កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥។

TTN-Free-Banner-In-Article-PC

លោក  អំ សំអាត ប្រធាន​ផ្នែក​ឃ្លាំមើល​និង​ការពារ​សិទ្ធិមនុស្ស នៃ​អង្គការ​លីកាដូ បានឱ្យដឹងថា សំណុំរឿងចុងក្រោយរបស់ លោក រ៉ុង ឈុន នេះ ជាបណ្ដឹងអាជ្ញារ។ ចំណែក បទល្មើសដែលប្រព្រឹត្តកាលពីឆ្នាំ២០២៤ របស់លោក រ៉ុង ឈុន ទំនងជាពាក់ព័ន្ធនឹង ការបញ្ចេញមតិ អំឡុងពេលចុះសួរសុខទុក្ខ ប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លី នៅតំបន់បឹងតាមោក និងពលរដ្ឋនៅតំបន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី។ ក្រៅពីនេះ ក្នុងឆ្នាំ២០២៤ លោក រ៉ុង ឈុន បានចូលរួមសម្ពោធទីស្នាក់ការគណបក្សកម្លាំងជាតិនៅស្រុកកោះធំ រួមទាំងផ្ដល់បទសម្ភាសជាមួយវិទ្យុសេរី ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចទៅកាន់ព្រំដែននៅភូមិភាគឦសានជាដើម។ 

ចំណែក លោកមេធាវី ជួង ជូងី ក៏លើកពីចំណុចខាងលើ ដែលជាហេតុផលនាំឱ្យកូនក្ដីខ្លួនត្រូវតុលាការសម្រេចផ្ដន្ទាទោសដែរ។ យ៉ាងណាក្ដី លោកពុំបានលម្អិតពីសំណុំរឿងនេះឡើយ ដោយគ្រាប់តែអះអាងថា កូនក្ដីខ្លួនមានសិទ្ធិប្ដឹងបន្ត ដើម្បីការពារភាពត្រឹមត្រូវ។ 

មេធាវីរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះ៖ «តុលាការអត់ប្រកាសពីដីកាចាប់ខ្លួនគាត់(កូនក្ដី)ទេ។ ដូច្នេះ ជាស្មារតីច្បាប់ គាត់មានសេរីភាពជាធម្មតា ហើយគាត់អាចប្រើសិទ្ធិប្ដឹងឧទ្ធរណ៍ ហើយតវ៉ាជាមួយតុលាការជាប់ទៀត។ លុះត្រាតែតុលាការជាន់ខ្ពស់ សម្រេចយ៉ាងណា បានគេគិតបន្តទៀត»។ 

តាមរយៈករណី លោក រ៉ុង ឈុន ចុងក្រោយនេះ រួមទាំងមុនៗផង មន្ត្រីសិទ្ធិមនុស្សលីកាដូ សង្កេតឃើញមានមតិរិះគន់ពីមហាជនច្រើន រួមទាំងអង្គការជាតិ អន្តរជាតិ ក៏បានសម្ដែងការព្រួយបារម្ភដែរ។ លោក អំ សំអាត ថា មតិរិះគន់ ភាគច្រើន គឺពាក់ព័ន្ធនឹងការរឹតត្បិតសិទ្ធិសេរីភាពមូលដ្ឋាន និងសិទ្ធិសេរីភាពលម្ហនយោបាយ។ ពួកគេក៏ទាមទារឱ្យមានការដោះលែង សកម្មជននយោបាយ បរិស្ថាន សិទ្ធិមនុស្ស និងសហជីពជាដើម ដោយសារពួកគេ ឃើញថាមិនមានហេតុផលសមរម្យ ឬអយុត្តិធម៌។ 

«អ៊ីចឹង! ករណីលោក រ៉ុង ឈុន ចុងក្រោយនេះ ក៏អាចបន្ថែម ការរិះគន់បន្ថែមទៀត ទៅលើលំហសេរីភាពមូលដ្ឋាន សេរីភាពនយោបាយ ដែលសហគមន៍អឺរ៉ុប អាម៉េរិក ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ តែងសម្ដែងការព្រួយបារម្ភ»។ លោក អំ សំអាត សង្កត់ធ្ងន់បែបនេះ។ 

សូមជម្រាបថា អំឡុងឆ្នាំ២០២០ រ៉ុង ឈុន បានចុះទៅព្រំដែន ខេត្តត្បូងឃ្មុំ ហើយរិះគន់ និងផ្ដល់បទសម្ភាសឱ្យវិទ្យុអាស៊ីសេរី ពាក់ព័ន្ធនឹងការបាត់ដី។ នៅថ្ងៃទី៣១កក្កដា លោក រ៉ុង ឈុន ក៏ត្រូវបានឃាត់ខ្លួន ហើយឆ្នាំ២០២១ ត្រូវតុលាការផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ រយៈពេល២ឆ្នាំម្ដងរួមមកហើយ ពីបទ ញុះញង់ដោយសាលាដំបូងរាជធានីភ្នំពេញ។ ការសម្រេចនេះ ដោយសារលោកចុះទៅខេត្តត្បូងឃ្មុំ ហើយរិះគន់ពីបញ្ហាព្រំដែន។ ក្រោយមក តុលាការក៏បង្គាប់ឱ្យលោក រ៉ុង ឈុន សងសំណងទៅគណៈកម្មការព្រំដែនជិត១០ម៉ឺនដុល្លារផងដែរ ពីករណីនេះ។ លុះដល់ថ្ងៃទី២៧មីនា ឆ្នាំ២០២៥ តុលាការក៏ចេញដីកា បង្ខំលក់អចលនវត្ថុ(ផ្ទះ)លោក រ៉ុង ឈុន ដែលមាន ទីតាំងនៅភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រោះលោកពុំបាននបង់សំណងទៅតាមការបង្គាប់របស់តុលាការ៕ 


អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ឡាយ សុភាវតី