សម្តេច ហ៊ុន សែន និងអាស៊ាន ដែលមាន​អនុស្សាវរីយ៍រាប់មិនអស់
  • ថ្ងៃអង្គារ ទី៦ ខែឧសភា ឆ្នាំ២០២៥ ​​ ម៉ោង ៥:៥៩ នាទី ល្ងាច
សម្តេច ហ៊ុន សែន និងអាស៊ាន ដែលមាន​អនុស្សាវរីយ៍រាប់មិនអស់

ជាអតីតប្រមុខ​រដ្ឋាភិបាល ដែលធ្លាប់ធ្វើជាប្រធាន​ប្តូរវេន​៣លើក សម្តេច ហ៊ុន សែន អះអាងថា សម្តេច​មាន​អនុស្សាវរីយ៍​រាប់មិនអស់​ជាមួយអាស៊ាន។ នាដំណើរទស្សនកិច្ច​នៅក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី ប្រធាន​ព្រឹទ្ធសភាកម្ពុជា បាន​ធ្វើ​បឋកថាក្រោមប្រធានបទ «កម្ពុជា និងអាស៊ាន, អាស៊ាន និងពិភពលោក» ដែលរៀបចំ​នៅ​លេខាធិការ​ដ្ឋាន​អាស៊ាន កាលពីល្ងាច​ថ្ងៃទី​៥ ខែឧសភា ក្រោមវត្តមាន​លោក កៅ គីមហួន អគ្គលេខាធិការអាស៊ាន។

TTN-Free-Banner-In-Article-PC

ក្នុងបឋកថាជាភាសាខ្មែរ​ដែលមានសំណេរដល់​ទៅ​១៤ទំព័រ សម្តេច ហ៊ុន សែន បាន​បែងចែក​ខ្លឹមសារជាពីរផ្នែក គឺ «កម្ពុជា និងអាស៊ាន» និង «អាស៊ាន និងពិភពលោក»។ អតីតនាយករដ្ឋមន្ត្រីកម្ពុជា​ដែលកាន់តំណែងជិត​៤ទសវត្សរ៍ អះអាងថា សម្តេចមិនអាចនិយាយជំនួស​ឱ្យ​ប្រទេសអាស៊ាន​ទាំងអស់ឡើយ ប៉ុន្តែ​សម្តេចអាច​ចែក​រំលែកបានពីជ្រុងមួយនៃទស្សនៈ​របស់​ប្រទេសជាសមាជិកដែល​ចូល​ក្រោយគេ។

កម្ពុជា និង អាស៊ាន

«ខ្ញុំមិនមែនមានតែបទពិសោធកសាងប្រទេសពីបាតដៃទទេនោះទេ សូម្បីតែវត្តមានរបស់កម្ពុជានៅក្នុងអាស៊ានក៏ខ្ញុំជាអ្នកគូសវាសរៀបចំផ្លូវពីចំណុចសូន្យដែរ»។ សម្តេច ហ៊ុន សែន បានគូស​បញ្ជាក់យ៉ាងដូច្នេះ ដោយលើកឡើងពីមោទនភាព​ដែល​ជំនាន់សម្តេច បាន​ធ្វើ​ឱ្យកម្ពុជា​លែងជាប្រទេសកម្សត់ ហើយ​ក្រសែភ្នែកអន្តរជាតិ ចាប់ផ្តើម​មើលក្នុងមនោសញ្ជាតនាគោរព និង​ផ្តល់​តម្លៃក្នុងនាមជា​ប្រទេស ដែលមាន​សមត្ថភាពចូលរួម រៀបចំរបៀបវារៈ និងនិម្មាបនកម្មតំបន់។

ចាប់ផ្តើម​ចេញពីភាពឯកោ​ខាងនយោបាយ ការទូត និង​សេដ្ឋកិច្ច​ កម្ពុជា​បានតភ្ជាប់ជាមួយ​អាស៊ាន ជាមួយនឹងសេចក្តីស្រេកឃ្លានចង់បាន​ការទទួលស្គាល់ស្មើមុខ ស្មើ​សិទ្ធិ និង​ការចង់បានការគោរពពេញលេញលើឯករាជ្យអធិបតេយ្យ និង សេចក្តីថ្លៃថ្នូរក្នុងនាមជាប្រជាជាតិមួយនៅក្នុងតំបន់។

ចំណុច​ចាប់ផ្តើម​របស់កម្ពុជាជាមួយអាស៊ាន​ មិនមែនជា​រឿងល្អប៉ុន្មានឡើយ​។ បើតាម​សម្តេច​ ហ៊ុន សែន នា​អំឡុងទសវត្សរ៍​ឆ្នាំ​៨០ និងដើមទសវត្សរ៍ឆ្នាំ៩០ អាស៊ានបដិសេធ​ភាពស្របច្បាប់​របស់​រដ្ឋាភិបាល​សាធារណរដ្ឋប្រជាមានិត​កម្ពុជា និងរដ្ឋកម្ពុជា ដោយបានចាត់ទុកថា ជារដ្ឋាភិបាល​ក្រោមការគ្រប់គ្រង​របស់​វៀតណាម។ 

«ឥទ្ធិពលនៃសង្គ្រាមត្រជាក់ បានក្លាយជាផ្សែងបាំងមុខមេដឹកនាំមួយចំនួន ទាំងក្នុងតំបន់ និងក្រៅតំបន់ឱ្យមើលឃើញថា ភាពជាកុម្មុយនីស្ត គឺជាឧក្រិដ្ឋកម្ម ដែលធ្ងន់ធ្ងរជាងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទៅទៀត»។ សម្តេចថា វាជាទណ្ឌកម្ម​យ៉ាងអយុត្តិធម៌​១២​ឆ្នាំ​បន្ថែម​ទៀត ក្រោយ​ការ​រំដោះប្រទេស ខណៈ​រដ្ឋាភិបាលដែលមានសមាសភាពឧក្រិដ្ឋជនប្រឆាំងមនុស្សជាតិ បែរជាទទួលបានអាសនៈស្របច្បាប់នៅអង្គការសហប្រជាជាតិទៅវិញ។ 

នយោបាយអន្តរជាតិនាពេលនោះពិតជាស្មុគស្មាញខ្លាំង ដោយក្នុង​ដំណើរកសាងសន្តិភាពរបស់កម្ពុជា ម្ខាង​ អាស៊ាន​ប្រឆាំង​ភាពស្របច្បាប់រដ្ឋាភិបាលក្រុងភ្នំពេញ និងម្ខាងទៀត អាស៊ាន​ជាអន្តរការីជួយជំរុញឱ្យមានសន្តិភាពនៅកម្ពុជា។ ត្រង់ចំណុចនេះ សម្តេច ហ៊ុន បញ្ជាក់ថា កម្ពុជាពិតជាបានជំពាក់គុណអាស៊ាន។ 

ស្មារតីអាស៊ានមើល​ឆ្ងាយលើសពីវិសាលភាព​នៃផលប្រយោជន៍ និងព្រំដែន

សម្តេចបាន​រំលឹក​ពី​ការរួម​ចំណែក​ដ៏ធំ​របស់​អាស៊ាន​ក្នុងការកសាងសន្តិភាព​នៅកម្ពុជា ដែលក្នុងនោះ ថៃបានទទួល​ថែទាំ និងធ្វើមាតុភូមិនិវត្តន៍ជន​ភៀសខ្លួន​របស់កម្ពុជា, តួនាទី​លោក ឆាវាលីត យុងឆៃយុទ្ធ ក្នុងការសម្របសម្រួល​ចរចារវាងភាគីរបស់កម្ពុជានៅលើទឹក​ដីថៃ និងជប៉ុន, ការផ្តល់ទីតាំង​របស់ឥណ្ឌូណេស៊ី​សម្រាប់ការចរចា ហើយ​លោក អាលី អាឡាតៈ សុខចិត្តធ្វើ​ជាមជ្ឈត្តករនៅក្នុងជម្លោះដែលនៅឆ្ងាយពីប្រទេសខ្លួន។

«ស្មារតីស្ថាប័នរបស់អាស៊ាន ដែលមើលឆ្ងាយលើសពីវិសាលភាពនៃផលប្រយោជន៍ និងព្រំដែននៃប្រទេស»។ សម្តេចគូសបញ្ជាក់ថា អំណាចទន់ អំណាចចរណា ដោយគ្មានគ្រប់កំាំភ្លើង និងយន្តការពហុភាគីនិយម​បែបនេះ លែង​ឮទៀតហើយ​នាសម័យ​បច្ចុប្បន្ន។

ជាមេរៀន​ប្រវត្តិសាស្ត្រដ៏មានតម្លៃ ដោយ​សម្តេចគូសបញ្ជាក់ថា ទោះមិន​ចាត់ទុក​រដ្ឋាភិបាលណាមួយស្របច្បាប់ក៏ដោយ ប៉ុន្តែអាស៊ាន​នៅតែបន្តជំរុញការចរចាទាំងផ្លូវការ និងមិនផ្លូវការ ទាំង​បើកចំហ និងសំងាត់ ដោយ​​គ្មានការអល់អែក ឬខ្លាចបាត់បង់កិត្តិយសដោយសារទាក់ទងជាមួយ​ប្រទស​កុម្មុយនីស្ត ឬប្រទេសមិនមានឯករាជ្យពេញលេញនោះទេ។ សម្តេចគូសបញ្ជាក់ថា៖ «អាស៊ានបានគោរពភាពជាម្ចាស់និង សិទ្ធិស្វ័យសម្រេចរបស់កម្ពុជា ដោយមិនលូកលាន់ចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជានោះទេ»។

សម្តេច​បញ្ជាក់ថាសារជាថ្មីថា មុន​មាន​កិច្ចព្រមព្រៀងក្រុងប៉ារីសឆ្នាំ១៩៩១ អាស៊ាន​ ជាតួអង្គនាំមុខ ជួយត្រួសត្រាយផ្លូវឱ្យមានការចរចារវាងភាគីទាំង៤របស់កម្ពុជា។ ក្រោយការបោះឆ្នោត​ឆ្នាំ១៩៩៣ កម្ពុជា​ចាប់ផ្តើមមានទំនាក់ទំនងការទូត ពេញមុខ ពេញមាត់ ជាមួយបណ្តាប្រទេសអាស៊ានឡើងវិញ រហូតដល់ក្លាយជា​សមាជិកអាស៊ានផ្លូវការ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩។

«ការចូលជាសមាជិកអាស៊ាន គឺជាជម្រើសការទូតជាប្រវត្តិសាស្ត្រដែលសំខាន់បំផុតមួយរបស់កម្ពុជា ដែលមានឥទ្ធិពលយ៉ាងខ្លាំងក្លាលើថាមភាព និងវិសាលភាពការទូតរបស់កម្ពុជា»។ នេះជាការលើកឡើង​របស់អតីតនាយករដ្ឋមន្ត្រីកម្ពុជា ដោយការសម្រេចមិនត្រឹមតែទៅលើទិដ្ឋភាព នយោបាយការទូត សេដ្ឋកិច្ច និង វប្បធម៌នោះទេ តែថែមទាំងលើទិដ្ឋភាពអភិបាលកិច្ចរដ្ឋផងដែរ។

«អាស៊ានពិតជាមានទីតាំងពិសេសនៅក្នុងបេះដូង និងការចងចាំរបស់ខ្ញុំ»។ សម្តេច ហ៊ុន សែន បាន​បញ្ជាក់បន្ថែមពីមូលហេតុ​សំខាន់​៤ ដែល​នាំឱ្យកម្ពុជា​សម្រេចចិត្តចូលអាស៊ាន ក្នុងនោះមាន​ គោលការណ៍មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសសមាជិក, ស្មារតីសហគមន៍, ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តាមរយៈការជំរុញសមាហរណកម្ម និងច្រកទ្វារនៃកាលានុវត្តភាពការទូតរបស់កម្ពុជា។

ចំពោះគោលការណ៍មិនជ្រៀតជ្រែក សម្តេចលើកឡើងថា ជាកត្តាធំបំផុតដែលទាក់ទាញកម្ពុជា ព្រោះ​អន្តរាគមន៍​របស់​បរទេសកន្លងមក នាំឱ្យកម្ពុជាជួបសោកនាដកម្ម និងទំនាស់ផ្ទៃក្នុងនយោបាយ​ ជាក់ស្តែង​ការលូកដៃចូលជ្រៅ​ដែលឈាន​ដល់ការធ្វើ​រដ្ឋប្រហារទម្លាក់ព្រះករុណា ព្រះបរមរតនកោដ្ឋ ហើយបន្តបន្ទាប់កម្ពុជាបាត់បង់ការកាន់កាប់លើជោគវាសនាខ្លួន។

ត្រង់ស្មារតីសហគមន៍ ដោយគោរព​តាមគោលការណ៍កុងសង់ស៊ីស សម្តេច​លើកឡើងថា ជារឿងសំខាន់ដើម្បីធានាសិទ្ធិស្មើគ្នា គ្មានប្រទេសតូច គ្មានប្រទេសធំ, គ្មានប្រទេសអ្នកមាន គ្មានប្រទេសអ្នកក្រ, គ្មានប្រទេសចាស់ គ្មានប្រទេសថ្មី។

អាស៊ានមិនបានធ្វើការតាមរយៈការបោះឆ្នោតយកសំឡេងភាគច្រើននោះទេ ព្រោះការណ៍នេះ នឹងអាចនាំឱ្យមានការបែកបាក់ផ្ទៃក្នុងអាស៊ាន។ សម្តេចថា ថ្វីត្បិតពេលខ្លះ គោលការណ៍អាចបង្កើតឱ្យមានភាពតានតឹង ប៉ុន្តែបើវាយតម្លៃជារួមលើប្រវត្តិសាស្ត្រ វាជាមូលដ្ឋានដ៏រឹងមាំនៅក្នុងការធានាឯកភាព និងសាមគ្គីភាពយូរអង្វែងរបស់អាស៊ាន។ 

«ការធានាឯកភាពក្នុងតំបន់, សាមគ្គីភាពក្នុងភាពចម្រុះ និងភាពស្អិតរមួតស្ថាប័ន, ត្រូវការ “កាវបិត” ដែលមានប្រសិទ្ធភាព និងប្រកបដោយបញ្ញាញាណ (sophisticated) នោះគឺគោលការណ៍កុងសង់ស៊ីសនោះឯង»។ សម្តេចអះអាងថា ក្នុងការអនុវត្តជាក់ស្តែង កុងសង់ស៊ីស មិនមែន “រឹងត្អឹង” នោះទេ ប៉ុន្តែវាជាសិល្បៈដែលមានលក្ខណៈជាស្ថាប័ននៅក្នុងការកែសម្រួល, សម្របសម្រួលអត្ថន័យ, ខ្លឹមសារ ឬមធ្យោបាយណាមួយនៃគោលជំហរដែលសមាជិកទាំងអស់អាចទទួលយកបាន។ 

ពិតណាស់ ត្រូវការពេលវេលាច្រើន ប៉ុន្តែសម្តេចគូសបញ្ជាក់ថា គោលការណ៍នេះ បានធានានូវភាព សុខដុមផ្ទៃក្នុងអាស៊ានអស់រយៈកាល៥៨ឆ្នាំមកហើយ។ «យើងអាចមានចិត្តអន្ទះសារ នៅពេលដែលយើងឃើញមានការរាំងស្ទះលើបញ្ហាណាមួយ ដែលអាស៊ានពុំមានគោលជំហររួម ប៉ុន្តែបើមើលលើមាគ៌ា៥៨ ឆ្នាំដែលយើងបានដើររួមគ្នា យើងគួរតែមានមោទនភាពទៅវិញទេ ដែលយើងអាចនៅធ្វើការជាមួយគ្នាបាន, រីកចម្រើនជាមួយគ្នាបាន នៅពេលដែលស្ថាប័នពហុភាគី ឬស្ថាប័នតំបន់ និងអនុតំបន់ ជាច្រើនផ្សេងទៀត បានថមថយឥទ្ធិពល ឬក៏បាត់មុខពីវេទិកាការទូតតែម្តង»។ 

ចំពោះការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តាមរយៈការជំរុញសមាហរណកម្ម សម្តេច ហ៊ុន សែន លើកឡើងពីទិដ្ឋភាពច្រើនដែលសមាជិកទាំងអស់​សុទ្ធតែ​បាន​ប្រយោជន៍​តាមរយៈការពង្រឹងភាពតភ្ជាប់ទាំងរូបវន្ត និង ផ្នែកទន់, ការគិតគូររួមគ្នា ដើម្បីជំរុញវិស័យដែលមាន ប្រយោជន៍រួម, និង ការបង្រួមគម្លាតនៃការអភិវឌ្ឍ។ 

«មានការយល់ខុសមួយចំនួនថា កម្ពុជា ឬប្រទេសចូលថ្មី ដែលមានសេដ្ឋកិច្ចតូច នឹងអូសជើងអាស៊ានឱ្យដើរយឺត»។ សម្តេច​បាន​ច្រាន​ចោលការលើកឡើង​បែបនេះ ជាមួយនឹងការ​បង្ហាញលម្អិត​ពីតួលេខ​ជាក់ស្តែង​នៃទំហំសេដ្ឋកិច្ច​ ដែលសរឱ្យឃើញថា សេដ្ឋកិច្ចអាស៊ានពុំបានដើរថយក្រោយ ដោយសារមានសមាជិកថ្មីនោះទេ ផ្ទុយទៅវិញ ទាំងពាណិជ្ជកម្ម និង វិនិយោគ គឺមានតែការកើនឡើងជាលំដាប់ ហើយអាស៊ានក៏បង្កើនពាណិជ្ជ កម្ម និង វិនិយោគផ្ទៃក្នុងកាន់តែច្រើនឡើងដែរ។ 

«នំសេដ្ឋកិច្ចអាស៊ាន (economic pie) មិនបានបាត់បង់ ដោយសារការដណ្តើមពីសមាជិកថ្មីណាមួយនោះទេ» ហើយ​ជាមួយនឹងភាពម្ចាស់ការលើសេដ្ឋកិច្ច​រៀងៗខ្លួន សម្តេចកត់សម្គាល់ថា ទំហំនៃនំ​សេដ្ឋកិច្ចអាស៊ាន គឺកាន់តែធំ ឡើង ហើយគ្រប់សមាជិកទាំងអស់ សុទ្ធតែអាចទទួលផលប្រយោជន៍។

សមាហរណកម្មអាស៊ាន គឺជាគន្លឹះជោគជ័យដ៏ធំបំផុតមួយរបស់អាស៊ាន ដែលធ្វើឱ្យអាស៊ានកាន់តែមានភាពទាក់ទាញសម្រាប់ពិភពលោក។ នៅពេលដែលសេដ្ឋកិច្ចពិភពលោកដើរយឺត ជាមួយនឹងភាពមិនប្រាកដប្រជា អាស៊ាននៅតែអាចមានសន្ទុះសេដ្ឋកិច្ច ៤.៥% នៅឆ្នាំ២០២៤ និង៤.៧% នៅឆ្នាំ ២០២៥។ ត្រង់ន័យនេះ សម្តេច ហ៊ុន សែន បានលើកឡើង​ពី​ការរួមចំណែក​យ៉ាងសំខាន់​នៅក្នុងការរៀបចំគោលនយោបាយ តាមរយៈរចនាសម្ព័ន្ធនៃយន្តការស្ថាប័នផ្ទៃក្នុងអាស៊ាន ដែលប្រទាក់ក្រឡាចាក់ស្រេះ លើគ្រប់វិស័យ។ 

ចំពោះច្រកទ្វារនៃកាលានុវត្តភាពការទូតរបស់កម្ពុជា សម្តេច​ថាអាស៊ានផ្តល់ឱ្យកម្ពុជាក្លាយជាដៃគូនៃ​បណ្តា​ប្រទេសជាច្រើន​ដោយស្វ័យ​ប្រវត្តិ។ បើតាម​សម្តេច កាលានុវត្តភាពការទូតដែលគោរពយន្តការពហុភាគីនិយមដែលផ្អែកលើច្បាប់ និងការអនុវត្តពាណិជ្ជកម្មពហុភាគី ដែលសេរី, បើកចំហ, មានបរិយាប័ន្ន និងផ្អែកលើវិធានច្បាប់ បានផ្តល់ផលប្រយោជន៍យ៉ាងច្រើនអនេក ដល់ប្រទេសសមាជិក និង ប្រទេសដៃគូ។

អាស៊ាន និង ពិភពលោក

ត្រង់ផ្នែកទី២នៃបាឋកថា សម្តេច​ ហ៊ុន សែន បានរំលេចថា អាស៊ាន លែងជាតួអង្គស្ថាប័ន (regional actor) តំបន់ទៀតឡើយ ដោយ​បាននិងកំពុងក្លាយជាតួអង្គសកល (global actor) ដែលមានភាពសកម្មរស់រវើកព្រមទាំងមានការទទួលស្គាល់ពីតួអង្គសកលផ្សេងៗទៀត។ 

«ជាមួយនឹងប្រជាជនជាង៦៧០លាននាក់ដែលជាទំហំធំបំផុតទី៣លើពិភពលោក និងទំហំសេដ្ឋកិច្ចធំបំផុតទី៥ នៅលើពិភពលោក តួនាទីរបស់អាស៊ាននៅក្នុងការកំណត់របៀបវារៈអភិបាលកិច្ចសកល ពិត ជាមិនអាចមើលរំលងបានឡើយ»។ ត្រង់ន័យនេះ សម្តេចរំពឹងថា អាស៊ាន​អាចក្លាយជាប៉ូលនយោបាយសេដ្ឋកិច្ចមួយនៅក្នុងពិភពលោក។

ទៅថ្ងៃអនាគត សម្តេច ក៏ជឿជាក់ផងដែរថា អាស៊ាននឹងអាចផ្លាស់ប្តូរតួនាទីពី «ការធ្វើប្រតិកម្មចំពោះពិភពលោក» (reacting to the world) ទៅជាអ្នកដែលអាចមានលទ្ធភាពជួយ «រៀបចំពិភពលោក» (creating the world) វិញ។

សម្តេចបាន​លើកឡើងពីអភិក្រម​២យ៉ាងដែល​អាស៊ានអាចមាន​ដោយ​ទី១ គឺការពង្រឹងសមត្ថភាពខ្លួនឯង និងទី២ គឺការពង្រឹងអន្តរកម្មរបស់អាស៊ានជាមួយនឹងស្ថាប័នពហុភាគីដែលមានឥទ្ធិពល។ «ដើម្បីឱ្យពិភពខាងក្រៅ អាចទទួលយកអាស៊ាន និងមានទំនុកចិត្តកាន់តែខ្លាំងក្លាទៅលើអាស៊ានបាន, លុះត្រាតែអាស៊ាន មានសមត្ថភាពរឹងមាំ, អាចជួយពិភពខាងក្រៅបាន តាមសមត្ថភាពរបស់ខ្លួន, និង អាចផ្តល់ផល ប្រយោជន៍ដល់ពិភពលោក និងដៃគូដែលមានសុឆន្ទៈជាមួយអាស៊ាន»។

ទាក់ទងនឹងការពង្រឹងអន្តរកម្ម សម្តេច​ឱ្យ​ប្រុងប្រយ័ត្នខ្ពស់ចំពោះភាពលម្អៀងទៅលើមហាអំណាចណាមួយដែលកំពុងប្រកួតប្រជែងគ្នា។ បើតាមសម្តេច​ អាស៊ានគួរផ្តល់ទម្ងន់​ទៅលើការខិតខំអភិវឌ្ឍនិម្មាបនកម្មតំបន់ ហើយ​អាចប្រាស្រ័យទាក់ទងជាមួយនឹងដៃគូច្រើនប្រភេទ និងច្រើនតំបន់ ដោយមិនប្រកាន់ មនោគមវិជ្ជា។ 

សម្តេច ហ៊ុន សែន ក៏បាន​លើកឡើង​ផងដែរពីការពង្រឹងសមត្ថភាពនៃលេខាធិការដ្ឋានអាស៊ាន នៅពេលដែលអាស៊ាន ក្លាយជា “ប៉ូលមួយនៃពិភពលោក” ដើម្បី​ធានាថា លេខាធិការដ្ឋានអាស៊ាន នឹងមិនដើរតួជំនួសឱ្យប្រទេសសមាជិក ឬដើរលើសបន្ទាត់អធិបតេយ្យនៃប្រទេសសមាជិកនោះឡើយ ។

«អាស៊ាន មិនអាចក្លាយជា “ប៉ូលមួយនៃ ពិភពលោក” បានទេ ប្រសិនបើថ្នាក់ដឹកនាំនៃប្រទេសអាស៊ាន ពុំមានទំនាក់ទំនងជិតស្និទ្ធ និងយល់ពីគ្នាទៅវិញទៅមក»។ សម្តេច​វាយតម្លៃយ៉ាងដូច្នេះ ដោយ​លើកឡើងថា ការ​រៀន​សូត្រពីប្រវត្តិសាស្ត្រ និងគោលការណ៍របស់អាស៊ាន ពិតជារូបមន្តដ៏មានប្រសិទ្ធភាពបំផុតនៅក្នុងការគ្រប់គ្រងស្ថាប័នតំបន់ដែលមានភាពចម្រុះ។ 

សម្តេច​បន្ថែម​ថា អាស៊ានត្រូវតែឈរឱ្យបានរឹងមាំនៅក្នុងការការពារ និង រក្សាគោលការណ៍ របស់ខ្លួន ទោះបីជាពេលខ្លះទទួលការរិះគន់ក៏ដោយ ហើយ​សម្រាប់អនាគតខាងមុខ ក្នុងនាមជា «ប៉ូលមួយនៃពិភពលោក» អាស៊ាន​នឹងក្លាយជា និមិត្តរូបនៃនយោបាយនិយមកណ្តាល, គ្មានសាសនាជ្រុលនិយម, គ្មានវប្បធម៌នយោបាយជ្រុល។ 

សម្តេច ហ៊ុន សែន អាស៊ាននឹងមានមហាវិទ្យាល័យលំដាប់ពិភពលោក នៅទូទាំងតំបន់; អាស៊ាននឹងមានក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោក ជារោងចក្រ និងជាទីផ្សារដ៏ទាក់ទាញរបស់ពិភពលោក អាស៊ានជាទីតាំងរៀបចំវេទិកាការទូតលំដាប់ពិភពលោក, រៀបចំកីឡាពិភពលោក World Cup; អាស៊ានជាទីប្រមូលផ្តុំដ៏ទាក់ទាញសម្រាប់ប្រជាជន នៅលើពិភពលោក។ «ខ្ញុំជឿជាក់ថា អនាគតពិភពលោក គឺនៅអាស៊ី, អនាគតពិភពលោក គឺនៅអាស៊ាន»។ សម្តេចមានក្តីសុបិន​យ៉ាងដូច្នេះ៕


អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

រួបរួម