បង្ការជំងឺអង់ត្រាក់៖ កម្ពុជា​ សម្រេចហាមនាំចូលសត្វពាហនៈ និងផលិតផលសាច់សត្វពីច្រកព្រំដែនថៃ
  • ថ្ងៃពុធ ទី៧ ខែឧសភា ឆ្នាំ២០២៥ ​​ ម៉ោង ៩:៤៩ នាទី ព្រឹក
បង្ការជំងឺអង់ត្រាក់៖ កម្ពុជា​ សម្រេចហាមនាំចូលសត្វពាហនៈ និងផលិតផលសាច់សត្វពីច្រកព្រំដែនថៃ
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ រូបថត៖ ក្រសួងកសិកម្ម

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រកាសហាមឃាត់បណ្តោះអាសន្នលើការនាំចូលសត្វពាហនៈ និងផលិតផលសាច់សត្វពីច្រកព្រំដែនទាំងអស់នៃប្រទេសថៃ។ ការហាមនេះ គឺដើម្បីទប់ស្កាត់ ករណីជំងឺឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ (គោ-ក្របី) ដែលកំពុងកើតមាននៅក្នុងតំបន់មួយចំនួននៃប្រទេសថៃ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងកសិកម្ម​ នាថ្ងៃទី៦ ខែឧសភា។​

TTN-Free-Banner-In-Article-PC

បើតាមក្រសួងកសិកម្ម បច្ចុប្បន្ន កម្ពុជាពុំមានករណីជំងឺឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ (គោ-ក្របី)នេះឡើយ។​ ប៉ុន្តែយ៉ាងណាក្តីជាវិធានការបង្ការ ក្រសួងបានដាក់ឱ្យរអនុវត្តការហាមឃាត់ជាបណ្តោះរវាសន្នលើការនាំចូលសត្វពាហនៈ និងផលិតផលសាច់សត្វ ពីច្រកព្រំដែនទាំងអស់នៃប្រទេសថៃ ព្រមទាំងបានសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធនៅតាម បណ្តាច្រកព្រំដែនទាំងនេះ ដើម្បីពង្រឹងការត្រួតពិនិត្យ និងធានាការអនុវត្តវិធានការប្រកបដោយប្រសិទ្ធភាពខ្ពស់។ 

ក្រៅពីវិធានការខាងលើនេះ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វក៏បានរៀបចំបណ្តាញប្រព័ន្ធប្រតិកម្មរហ័សមួយនៅគ្រប់ រាជធានី-ខេត្តទាំង២៥ ក្នុងគោលដៅតាមដានសុខភាពសត្វពាហនៈ និងធ្វើការអន្តរាគមន៍ក្នុងករណីសង្ស័យ ផងដែរ។ 

ជាមួយគ្នានេះ ក្រសួងសុខាភិបាលបានប្រាប់ពលរដ្ឋឱ្យការពារខ្លួន ពីការឆ្លងជំងឺឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ ខណៈជំងឺនេះមានការផ្ទុះឡើងនៅប្រទេសថៃ និងបណ្តាប្រទេសមួយចំនួន។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី៦ ខែឧសភា បញ្ជាក់ថា ជំងឺពិសធ្យូងនេះ ជាជំងឺដ៏កម្រ ប៉ុន្តែធ្ងន់ធ្ងរ ដែលអាចកើតមានឡើងជា ចម្បងលើសត្វពាហនៈ និងសត្វព្រៃ។

អត្ថបទទាក់ទង

បើតាមក្រសួងសុខាភិបាល លក្ខណៈពិសេសនៃមេរោគអង់ត្រាក់  ដែលជាជំងឺបង្កឡើងដោយបាក់តេរីដែលបង្កើតស្ព័រ (spore-forming bacillus anthracis)នេះ គឺអាចរស់នៅដោយស្រួល ក្រោមរូបភាពជាគ្រាប់ស្ព័រ ក្នុងបរិយាកាសខាងក្រៅ។ ស្ព័ររបស់បាក់តេរីអង់ត្រាក់ ធន់នឹងធាតុអាកាសខាងក្រៅបាន អាចសំងំដល់រាប់ឆ្នាំ (៣០-៤០ ឆ្នាំ) នៅក្នុងដី សាកសពសត្វ និងលាមកសត្វ។ ក្រសួងសុខាភិបាលបន្ថែមដូច្នេះថា៖ «សត្វស៊ីស្មៅ មាន គោ ក្របី ចៀម ពពែ សេះ អាចឆ្លងមេរោគនេះ ចូលក្នុងខ្លួន បន្ទាប់មកគ្រាប់ស្ព័រក្លាយជាមេរោគមានចលនា ហើយបញ្ចេញពិសរបស់វា ដែលមានគ្រោះថ្នាក់ដល់សុខភាព។»។ 

ជំងឺអង់ត្រាក់ មានឱសថសម្រាប់ព្យាបាល និងវ៉ាក់សាំងសម្រាប់ចាក់បង្ការ។ នេះជាការគូសបញ្ជាក់របស់ក្រសួងសុខាភិបាល ដោយបានបន្ថែមទៀតថា  បច្ចុប្បន្ននេះ នៅកម្ពុជា នៅមិនទាន់មានការរកឃើញជំងឺនេះនៅឡើយ។

ទោះយ៉ាងណា ដើម្បីបង្ការ និងទប់ស្កាត់ការនាំចូលជំងឺអង់ត្រាក់ និងជំងឺឆ្លងផ្សេងទៀតពីក្រៅប្រទេស ក្រសួង សុខាភិបាលបន្តពង្រឹងវិធានការសុខាភិបាល តាមច្រកព្រំដែន និងពង្រឹងកិច្ចសហការជាមួយក្រសួងពាក់ព័ន្ធ។

មនុស្សអាចឆ្លងមេរោគអង់ត្រាក់ តាមរយៈ ការប៉ះពាល់ដោយផ្ទាល់ជាមួយសត្វឈឺ (ស្បែកមុតដាច់ជាច្រកចូលនៃមេរោគ) ឬឆ្លងតាមការសម្លាប់សត្វ ដែលមានជំងឺអង់ត្រាក់ ឬផលិតផលដែលមានដើមកំណើតពីសត្វមានជំងឺអង់ត្រាក់ដូចជា សាច់ ឈាម រោម ឆ្អឹង ការដកដង្ហើមចូលនូវធូលី ដែលមានស្ព័រមេរោគអង់ត្រាក់។ ការបរិភោគសាច់ដែលមានមេរោគអង់ត្រាក់។ ប្រើម្ជុលសឺរ៉ាំងរួមគ្នាជាមួយអ្នកមានជំងឺអង់ត្រាក់។ មេរោគអង់ត្រាក់មិនមានភស្តុតាងឆ្លងរាលដាលពីមនុស្សទៅមនុស្សនោះទេ ប៉ុន្តែដំបៅស្បែកលើអ្នកជំងឺ អង់ត្រាក់អាចឆ្លងខ្លាំង៕  


អ្នកសរសេរអត្ថបទ

កញ្ញា អ៊ូ សុខមាន (OU Sokmean) បានចូលធ្វើការងារនៅស្ថាប័នសារព័ត៌មានឌីជីថលថ្មីៗ នៅឆ្នាំ២០១៨។ កញ្ញាមានជំនាញ​ផ្នែក​ព័ត៌មាន​សេដ្ឋកិច្ច កសិកម្ម និង​ផលិត​វីដេអូតាមទូរសព្ទដៃ (MOJO)។ បច្ចុប្បន្ន សុខមាន មានតួនាទីជានិពន្ធនាយិការង៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

អ៊ូ សុខមាន