- ថ្ងៃពុធ ទី៧ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ១០:៥៤ នាទី ព្រឹក

កម្ពុជា និងឡាវ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យតុលាការ ដើម្បីជំរុញ និងពង្រឹងភាពជាដៃគូនៃតុលាការប្រទេសទាំងពីរ។ ពិធីចុះហត្ថលេខានេះ ធ្វើឡើងកាលពីថ្ងៃទី៦ ខែឧសភា រវាង លោក ជីវ កេង ប្រធានតុលាការកំពូលកម្ពុជា និងលោកស្រី វៀងថុន ស៊ីផាន់ដង ប្រធានតុលាការប្រជាជនកំពូលឡាវ។

ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់តុលាកំពូលកម្ពុជា ចុះថ្ងៃទី៥ ឧសភា បញ្ជាក់ថា ការពង្រឹងភាពជាដៃគូនៃស្ថាប័នតុលាការប្រទេសទាំងពីរ នឹងត្រូវធ្វើឡើង តាមរយៈការផ្លាស់ប្តូរគណៈប្រតិភូ ការធ្វើសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍គ្នាទៅវិញទៅមក លើជំនាញវិជ្ជាជីវៈតុលាការ ជាពិសេសការលើកកម្ពស់កិច្ចសហការនៃតុលាការបណ្តាខេត្តជាប់ព្រំដែនក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងដែន និងការដោះស្រាយវិវាទ ផ្នែករដ្ឋប្បវេណីឆ្លងដែន ដែលកើតមាននៅតាមមូលដ្ឋានព្រំដែនប្រវែង ២៥៧គីឡូម៉ែត្រ ដើម្បីសុខុមាលភាព ភាពសុខសាន្ត និងការអភិវឌ្ឍរបស់ប្រជាជនប្រទេសទាំងពីរ។
គួរជម្រាបថា លោកស្រី វៀងថុន ស៊ីផាន់ដង និងគណៈប្រតិភូ កំពុងទស្សនកិច្ចកម្ពុជា រយៈពេល៣ថ្ងៃនៅកម្ពុជា ពីថ្ងៃទី៥-៧ ខែឧសភា។ ក្នុងអំឡុងទស្សនកិច្ចនេះ លោកស្រី បានជួបសម្ដែងការគួរសមជាមួយ សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា, រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងពិភាក្សាការងារជាមួយប្រធានតុលាការកំពូលកម្ពុជា៕
អ្នកសរសេរអត្ថបទ
