ព្រះមហាក្សត្រ៖ ចូរបុត្រគ្រប់គ្នាតបស្នងនូវឧបការគុណ អ្នកម្តាយគ្រប់ប្រាណ ជាបុព្វទេវា!
  • ថ្ងៃពុធ ទី៧ ខែឧសភា ឆ្នាំ២០២៥ ​​ ម៉ោង ១២:០០ នាទី រសៀល
ព្រះមហាក្សត្រ៖ ចូរបុត្រគ្រប់គ្នាតបស្នងនូវឧបការគុណ អ្នកម្តាយគ្រប់ប្រាណ ជាបុព្វទេវា!

ព្រះករុណាព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានផ្ញើព្រះរាជប្រទានជូនជនរួមជាតិក្នុងឱកាសនៃទិវាគុណអ្នកម្តាយ ថ្ងៃទី១២ ខែឧសភា។
TTN-Free-Banner-In-Article-PC


ក្នុងព្រះរាជសារដែលឡាយព្រះហស្តលេខាកាលពីថ្ងៃទី៦ ខែឧសភា ព្រះករុណាជីវិតកម្កល់ត្បូង បានរំលឹកនូវគុណូបការៈដ៏មហាធ្ងន់វិសេសវិសាលមិនមានអ្វីអាចប្រៀបផ្ទឹមបាននៃមាតាគ្រប់រូប ដែលខិតខំចំណាយកម្លាំងកាយ កម្លាំងចិត្តចិញ្ចឹមបីបាច់ ថែរក្សា អប់រំបុត្រដោយឥតត្អូញត្អែរ មិនគិតដល់ការហត់នឿយ និងមានសន្តានចិត្តប្រកបដោយ ព្រហ្មវិហារធម៌ គឺ មេត្តា ករុណា មុទិតា ឧបេក្ខា ចំពោះបុត្រគ្រប់រូប។ 

«អ្នកម្តាយមានគុណធ្ងន់មហិមា ដែលពុំអាចពិពណ៌នារៀបរាប់បាន ចូរបុត្រគ្រប់គ្នាតបស្នងនូវឧបការគុណ អ្នកម្តាយគ្រប់ប្រាណ ជាបុព្វទេវា»។ ព្រះករុណា ព្រះប្រមុខរដ្ឋ មានព្រះរាជចំណារបន្ថែមថា អ្នកម្តាយមានតួនាទីស្នូលដ៏សំខាន់ អប់រំបុត្រឱ្យក្លាយជាកម្លាំងចលករក្នុងការអភិរក្ស ថែរក្សា ការពារ លើកស្ទួយ និងអភិវឌ្ឍមរតកវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ដែលជាអត្តសញ្ញាណ ជាដួងព្រលឹងជាតិ និងជាវប្បធម៌កតញ្ញូ ឱ្យបានស្ថិតស្ថេរគង់វង្សតាំងពីដើមមក និងបន្តជារៀងរហូត។ 

ទិវាមាតា (Mother’s Day) មិនមែនជាប្រពៃណីរបស់ខ្មែរឡើយ ប៉ុន្តែយុវជនខ្មែរ បានប្រារព្ធទិវានេះ កាន់តែផុសផុលដោយបានបង្ហាញតាមរយៈការបង្ហោះរូបភាពម្ដាយ ភ្ជាប់ជាមួយសំណេរដឹងគុណ និងក្ដីស្រលាញ់ចំពោះម្ដាយរបស់ខ្លួននៅលើបណ្តាញសង្គម។

ទិវានេះ ត្រូវបានផ្តួចផ្តើមរៀបចំលើកដំបូងនៅក្នុងឆ្នាំ១៩០៨ នៅសហរដ្ឋអាមេរិក ដោយលោកស្រី Anna Jarvis ដើម្បីឧទ្ទិសដល់ពលិកម្មគ្រប់បែបយ៉ាងរបស់ស្ត្រីដែលជាម្តាយគ្រប់រូប ដោយទិវានេះ វិវត្តមកពីទិវា Mothering Sunday របស់អង់គ្លេសនាសតវត្សរ៍ទី១៥ ។
 
នៅឆ្នាំ១៩១៤ ចក្រភពអង់គ្លេសបានធ្វើឲ្យទិវានេះមានលក្ខណៈផុសផុល រីឯអាល្លឺម៉ង់ចាប់ផ្តើមប្រារព្ធជាផ្លូវការក្នុងឆ្នាំ១៩២៣ ហើយប្រទេសបែលហ្ស៊ិក ដាណឺម៉ាក ហ្វាំងឡង់ អ៊ីតាលី តួកគី និងអូស្ត្រាលី បាននាំគ្នាប្រារព្ធជាបន្តបន្ទាប់។
 
ពុំមានការកំណត់ថ្ងៃជាក់លាក់ឡើយក្នុងការប្រារព្ធទិវានេះ ដោយប្រទេសខ្លះយកចំថ្ងៃនៃទិវាសិទ្ធិនារីអន្តរជាតិ ប្រទេសខ្លះមានពេលវេលា និងឈ្មោះហៅទិវានេះ ប្លែកៗពីគ្នា រីឯប្រទេសកម្ពុជាបាននិយមតាមប្រទេសមួយចំនួនដែលប្រារព្ធទិវានេះ នៅចំថ្ងៃអាទិត្យ សប្តាហ៍ទី២នៃខែឧសភា៕
 

អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

រួបរួម