- ថ្ងៃពុធ ទី៧ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ៣:៤២ នាទី រសៀល

ភ្នំពេញ៖ សមត្ថកិច្ចខេត្តបាត់ដំបង បង្រ្កាបបានត្រីបង្កកជាង ២,៥តោន ដែលនាំចូលដោយខុសច្បាប់ពីប្រទេសថៃ។ នេះបើតាមការចេញផ្សាយរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅលើទំព័រហ្វេសប៊ុកនៅថ្ងៃទី៧ ខែឧសភា។
កាលពីថ្ងៃទី៥ ខែឧសភា ស្នងការបាលខេត្តបាត់ដំបង បានសហការជាមួយកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាន រដ្ឋបាលជលផល និងកម្លាំងកងរាជអាវុធហត្ថកបវេល ឃាត់បានរថយន្ត Hyundai មួយគ្រឿង នៅចំណុចភូមិអន្លង់រៃ ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង។ ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានរកឃើញត្រីប្រាក្លាសេចំនួន ២០០០គីឡូក្រាម និងត្រីកន្ធរបង្កកប្រមាណ៥០០គីឡូក្រាម។
បើតាមស្នងការខេត្តបាត់ដំបង ត្រីក្លាសេទាំងនេះ គឺជាផលិតផលដែលនាំចូលពីប្រទេសថៃ ដោយគ្មានលិខិតអនុញ្ញាត។ បច្ចុប្បន្ន អ្នកបើករថយន្ត និងវត្ថុតាងទាំងអស់ ត្រូវបានមន្រ្តីជំនាញរដ្ឋបាលជលផលខេត្តបាត់ដំបង អនុវត្តនីតិវិធីបន្ត។
សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបញ្ជាឱ្យ កសិកម្ម ក្រសួងពាណិជ្ជកម្ម ក្រសួងសុខាភិបាល និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យសារធាតុគីមីលើ «បន្លែ និងសាច់» នាំចូលឱ្យបានម៉ត់ចត់ ដើម្បីកាត់បន្ថយជំងឺមហារីកលើពលរដ្ឋ។
ក្នុងពិធីដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក២០២៥-២០៣០» កាលពីថ្ងៃទី ៥ ខែឧសភា សម្ដេច បានលើកឡើងថា ជំងឺមហារីក កំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពសាធារណៈ និងសេដ្ឋកិច្ចជាតិកម្ពុជា។ ជារៀងរាល់ឆ្នាំ អ្នកកើតជំងឺមហារីកនៅកម្ពុជា បានកើនឡើងរហូតដល់ជាង ២ម៉ឺននាក់ និងស្លាប់មានដល់ចំនួន១,៤ម៉ឺននាក់។ ប្រមុខរដ្ឋាភិបាល ចាត់ទុកកំណើនអ្នកកើតមហារីកនៅពេលនេះ គឺជាសញ្ញាដ៏គួរឱ្យព្រួយបារម្ភ និងថាជំងឺដ៏កាចសាហាវនេះ មានមួយចំណែកកើតចេញពីការបរិភោគអាហារមានផ្ទុកជាតិគីមី៕
អ្នកសរសេរអត្ថបទ
ឈុំ ចន្ថា ជាអ្នកសារព័ត៌មានជំនាញកសិកម្ម និងបរិស្ថាន។ ចន្ថា បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសិល្បៈនិង ការសិក្សាពីព័ត៌មាន។
