- ថ្ងៃពុធ ទី៧ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ៨:៥៩ នាទី យប់

ភ្នំពេញ៖ សហគ្រាសធានារ៉ាប់រង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនមូលបត្រ និងស្ថាប័នប្រហាក់ប្រហែលដទៃទៀត ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុ គឺត្រូវបញ្ជូនរបាយការណ៍ព័ត៌មានគណនីជនជាតិអាម៉េរិក ទៅអាជ្ញាធរផ្ទៃក្នុងសហរដ្ឋអាម៉េរិក តាមរយៈអគ្គនាយកដ្ឋាពន្ធដារ ឱ្យបានត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី៦ ខែឧសភា។
រដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលសហរដ្ឋអាមេរិក បានអនុកិច្ចព្រមព្រៀងដើម្បីធ្វើ ឱ្យប្រសើរឡើងនូវអនុលោមភាពពន្ធអន្តរជាតិ និងអនុវត្តច្បាប់ស្តីពីអនុលោមភាពពន្ធចំពោះគណនីក្រៅប្រទេសរបស់អាមេរិក (FATCA) តាំងពីចុងខែធ្នូ ឆ្នាំ២០១៩ មកម្លេះ។ ឆ្នាំ២០២៥នេះ អគ្គនាយកដ្ឋានពន្ធដារ ក៏បានប្រាប់គ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ ត្រូវបញ្ជូនរបាយការណ៍គណនីជនជាតិអាម៉េរិកដែលត្រូវរាយការណ៍ សម្រាប់ឆ្នាំប្រតិទិន២០២៤ ទៅអាជ្ញាធរចំណូលផ្ទៃក្នុងសហរដ្ឋអាម៉េរិក (U.S. Internal Revenue Service IRS) ផងដែរ។
« គ្រឹះស្ថានហិរញ្ញវត្ថុ ត្រូវពិនិត្យ និងផ្ទៀងផ្ទាត់របាយការណ៍ U.S. Reportable Accounts នេះ តាមទម្រង់និងបទដ្ឋានរបស់ IRS ឱ្យបានត្រឹមត្រូវមុននឹងបញ្ជូនរបាយការណ៍នេះ ទៅក្នុងប្រព័ន្ធបញ្ជូនរបាយការណ៍ IDES Gateway ដោយអគ្គនាយកដ្ឋានពន្ធដារ នឹងសម្របសម្រួលបញ្ជូនរបាយការណ៍នេះបន្តទៅ IRS»។ នេះជាការបញ្ជាក់របស់លោក គង់ វិបុល ដែលសង្កត់ធ្ងន់យ់ាងដូច្នេះ « គ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ ដែលមានកាតព្វកិច្ចរាយការណ៍ ត្រូវបញ្ជូនរបាយការណ៍ឱ្យទទួលបានលទ្ធផលមានទម្រង់ត្រឹមត្រូវ និងគ្មានកំហុស ឱ្យបានត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ជាកំហិត»។
បើតាមពន្ធដារ ក្នុងករណីពុំបានបញ្ជូនរបាយការណ៍ ឬមានកំហុស និងហួសកាលកំណត់, គ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ដែល ស្ថិតក្រោមកាតព្វកិច្ចរាយការណ៍អនុលោមតាមកិច្ចព្រមព្រៀង FATCA ត្រូវទទួលខុសត្រូវដោយខ្លួនឯងចំពោះការពិន័យ ទោសទណ្ឌនានា ដោយអនុលោមតាមកិច្ចព្រមព្រៀង FATCA នេះ មាត្រា២២៥ និងមាត្រា២៣៥ នៃច្បាប់ស្តីពីសារពើពន្ធ ព្រមទាំងត្រូវបន្តបញ្ជូនរបាយការណ៍នេះ រហូតទទួលបានលទ្ធផលមានទម្រង់ត្រឹមត្រូវនិងគ្មានកំហុស។ ធនាគារ សហគ្រាសធានារ៉ាប់រង គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនមូលបត្រ និងស្ថាប័នប្រហាក់ប្រហែលដទៃទៀត គឺអាចចូលទៅកាន់គេហទំព័រ fatca.gov.kh ដើម្បីទាញ យក HCTA Public Key, IRS Public Key និងទទួលបានព័ត៌មានទាក់ទិននឹងតម្រូវការ FATCA របស់ IRS។
គួរជម្រាបថា FATCA ឬច្បាប់ស្តីពីអនុលោមភាពពន្ធចំពោះគណនីក្រៅប្រទេសរបស់អាម៉េរិក គឺជាច្បាប់សហព័ន្ធរបស់សហរដ្ឋអាម៉េរិកដែលបានអនុម័តក្នុងឆ្នាំ ២០១០។ គោលដៅចម្បងរបស់ច្បាប់នេះ គឺដើម្បីការពារអ្នកជាប់ពន្ធរបស់សហរដ្ឋអាម៉េរិកពីការគេចពន្ ធដោយប្រើគណនីធនាគារនៅក្រៅប្រទេស និងទ្រព្យសម្បត្តិហិរញ្ញវត្ថុបរទេសផ្សេងទៀត៕
អ្នកសរសេរអត្ថបទ
