- ថ្ងៃពុធ ទី១៤ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ១០:០៩ នាទី ព្រឹក

ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តឱ្យកងកម្លាំងនគរបាលជាតិ បន្តស្មារតីតស៊ូ អត់ធ្មត់ និងយកចិត្តទុកដាក់លើកកម្ពស់សមត្ថភាពជំនាញ បច្ចេកទេស និងគុណភាពប្រតិបត្តិការ ដើម្បីសម្រេចបាននូវបំណងប្រាថ្នារួម គឺការពារសន្តិភាព ធានាសុខសុវត្ថិភាពជូនពលរដ្ឋ និងសង្គមជាតិ ជាពិសេសអភិវឌ្ឍន៍ខ្លួនឱ្យស័ក្តិសមជាគ្រឹះ និងជាសសរស្តម្ភ សម្រាប់អភិវឌ្ឍប្រទេសជាតិបន្តទៀត។ ការជំរុញបែបនេះ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធ្វើឡើងតាមរយៈសារលិខិត ក្នុងឱកាសទិវារំឭកខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥។
តាមរយៈសារលិខិត ចុះថ្ងៃទី ៥ ខែឧសភា សម្តេចនាយករដ្ឋមន្ត្រី បានបង្ហាញក្តីសង្ឃឹមថា និងជំនឿមុតមាំ ចំពោះមនសិការស្នេហាជាតិ មាតុភូមិ និងភក្តីភាព របស់កងកម្លាំងនគរបាលជាតិ រួមជាមួយនឹងការបន្តជួយឧបត្ថម្ភ គាំទ្រទាំងស្មារតី និងសម្ភារៈដល់កងកម្លាំងនគរបាលជាតិ ឱ្យបានស័ក្តិសម ជាកម្លាំងអនុវត្តច្បាប់ប្រកបដោយគុណភាព ប្រសិទ្ធភាព និងកិត្យានុភាព។
នៅក្នុងសារលិខិតដដែលនេះ សម្តេច ហ៊ុន ម៉ាណែត ក៏មិនភ្លេចរំឭកទេថា កងកម្លាំងនគរបាលជាតិ បានឆ្លងកាត់នូវដំណើរឆ្លងកាត់ដ៏លំបាក និងបញ្ហាប្រឈមរាប់មិនអស់ ចាប់ពីថ្ងៃចាប់បដិសន្ធិ (ថ្ងៃទី១៦ ឧសភា ១៩៤៥) រហូតដល់ការចូលរួមកសាងសន្តិភាពពេញលេញនៅកម្ពុជា។
បើតាមសម្តេច ហ៊ុន ម៉ាណែត ក្រោមការដឹកនាំផ្ទាល់របស់ក្រសួងមហាផ្ទៃ ជាច្រើនឆ្នាំមកនេះ កងកម្លាំងនគរបាលជាតិបានអភិវឌ្ឍខ្លួនឥតឈប់ឈរ និងបានសម្រេចស្នាដៃយ៉ាងច្រើនឥតឧបមា ដែលបង្ហាញពីតួនាទីជាកម្លាំងស្នូលមិនអាចខ្វះបាន ជួយដល់រាជរដ្ឋាភិបាល ក្នុងការតស៊ូលើសមរភូមិសន្តិសុខ។
«ជាពិសេសការតស៊ូ ទប់ស្កាត់ការវិលត្រឡប់មកវិញ នៃរបបប្រល័យពូជសាសន៍ និងការការពារសន្តិសុខជាតិ ស្ថិរភាពសន្តិសុខផ្ទៃក្នុង ក៏ដូចជាសណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពសង្គម ក្នុងកាលៈទេសៈដ៏សែនលំបាក ដែលប្រទេសជាតិឆ្លងកាត់ភាពក្រីក្រ សង្គ្រាមស៊ីវិល ការផ្សះផ្សារបង្រួបបង្រួមជាតិ រហូតមកដល់ដំណាក់កាលសន្តិភាព។»។ សម្តេច ហ៊ុន ម៉ាណែត ក្នុងសារលិខិតដូច្នេះ ដោយបានបន្ថែមថា បច្ចុប្បន្នកម្ពុជាកំពុងបន្តបោះជំហានទៅមុខយ៉ាងរឹងមាំ ស្វាហាប់ ប្រកបដោយ ការរីកចម្រើនលើគ្រប់វិស័យ ឈានទៅសម្រេចបាននូវគោលដៅ ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០។
សម្តេច ហ៊ុន ម៉ាណែត បន្ថែមទៀតថា កងកម្លាំងនគរបាលជាតិ បានជួយឱ្យប្រទេសជាតិ ស្ថិតក្នុងស្ថានភាពសន្តិភាពពេញបរិបូរណ៍ និងរក្សាបាននូវឯករាជ្យភាព អធិបតេយ្យជាតិ បូរណភាពទឹកដី ស្ថិរភាពនយោបាយ ជាពិសេសខឿនសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមត្រូវបានធានា បណ្តាគោលដៅនយោបាយ ការទូត សេដ្ឋកិច្ច ទេសចរណ៍ វប្បធម៌ទាំងអស់ ក៏ដូចជាព្រះរាជបេសកកម្មរបស់ព្រះមហាក្សត្រ ឥស្សរជនជាន់ខ្ពស់ ព្រមទាំងព្រឹត្តិការណ៍ជាតិ-អន្តរជាតិត្រូវ បានរៀបចំឡើងប្រកបដោយសុវត្ថិភាព កិត្យានុភាពនៃកម្ពុជា ត្រូវបានលើកតម្កើងនៅលើឆាកអន្តរជាតិ ជីវភាពពលរដ្ឋកាន់តែធូរធារ ខណៈសេចក្តីសុខខាងផ្លូវចិត្ត និងផ្លូវកាយ ក៏ត្រូវបានធ្វើឱ្យប្រសើរឡើងជាលំដាប់៕
អ្នកសរសេរអត្ថបទ
កញ្ញា ខន ចំប៉ា ចូលរួមជាមួយសារព័ត៌មានឌីជីថលថ្មីៗ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៤។ កញ្ញាមានជំនាញសរសេរព័ត៌មានផ្នែកសង្គម និងគ្រប់គ្រងផ្នែកពាណិជ្ជកម្ម។ បច្ចុប្បន្ន ចំប៉ា មានតួនាទីជានិពន្ធនាយកា៕
