ស្ពានមេគង្តក្រចេះប្រវែង១ ៧៦១ម៉ែត្រ  គ្រោងដាក់ឱ្យដំណើរការបណ្តោះអាសន្ននៅខែកញ្ញា
  • ថ្ងៃព្រហស្បតិ៍ ទី៨ ខែឧសភា ឆ្នាំ២០២៥ ​​ ម៉ោង ៧:៥៩ នាទី ព្រឹក
ស្ពានមេគង្តក្រចេះប្រវែង១ ៧៦១ម៉ែត្រ  គ្រោងដាក់ឱ្យដំណើរការបណ្តោះអាសន្ននៅខែកញ្ញា
គម្រោងស្ពានឆ្លងទន្លេមេគង្គក្នុងខេត្តក្រចេះប្រវែង ១ ៧៦១ម៉ែត្រ សម្រេចការសាងសង់បានជាង៩០ភាគរយហើយ។ រូបថត៖ ពីហ្វេសប៊ុក លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ។

ភ្នំពេញ៖ បច្ចុប្បន្ន ស្ពានមេគង្គក្រចេះ ត្រូវបានដំឡើងធ្នឹមទាំងអស់ហើយ ដើម្បីភ្ជាប់តួស្ពានទាំងមូល។ ​តាមផែនការ ស្ពានប្រវែង១ ៧៦១ម៉ែត្រនេះ ​នឹងដាក់ឱ្យដំណើរការជាបណ្តោះអាសន្ន នៅអំឡុងខែកញ្ញា ឆ្នាំ២០២៥។

TTN-Free-Banner-In-Article-PC

បើតាមលោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន គិតត្រឹមដើមខែឧសភា ឆ្នាំ២០២៥  គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ គឺសម្រេចលទ្ធផលបាន៩៤,១០ភាគរយហើយ​។ ជាមួយគ្នានេះ គម្រោងទាំងមូលរួមមាន៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះប្រវែង ១ ៧៦១ម៉ែត្រ,  ផ្លូវមេតភ្ជាប់មានប្រវែងសរុប ១៥,៤៩គីឡូម៉ែត្រ (ផ្លូវមេតភ្ជាប់ត្រើយខាងកើតប្រវែង ៧,៦៨គីឡូម៉ែត្រ និងត្រើយខាងលិចប្រវែង ៧,៨០គីឡូម៉ែត្រ) និងផ្លូវខ្នែងមានចំនួន៤ខ្សែ ប្រវែងសរុប ១៦,២០គីឡូម៉ែត្រ សម្រេចលទ្ធផល ៦៩,៩១ភាគរយ។

អ្នកនាំពាក្យក្រសួងសាធារណការរូបនេះ បានបញ្ជាក់នៅលើបណ្តាញទំនាក់ទំនងសង្គម នាថ្ងៃទី៧ ខែឧសភា យ៉ាងដូច្នេះ៖ «  បើគ្មានការប្រែប្រួលទេ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ អាចនឹងបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់បណ្តោះអាសន្ន នៅកំឡុងខែកញ្ញា ឆ្នាំ២០២៥»។​

ផ្លូវ ស្ពាន គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ។ គម្រោងស្ពាន និងផ្លូវតភ្ជាប់នេះ គឺជាគម្រោងយុទ្ធសាស្រ្តមួយដ៏សំខាន់សម្រាប់ការតភ្ជាប់ទំនាក់ទំនង និងជាក្តីសង្ឃឹមរវាងប្រជាពលរដ្ឋដែលរស់នៅត្រើយខាងកើត និងប្រជាពលរដ្ឋដែលរស់នៅត្រើយខាងលិច ទាំងការតភ្ជាប់តំបន់ដាច់ស្រយាលនៅភូមិភាគឦសាន មកកាន់ទីប្រជុំជន។

បើតាមក្រសួងសាធារណការ  គម្រោងនេះគឺជាផ្នែកមួយនៃផ្លូវជាតិលេខ ៦០B តភ្ជាប់ពីខេត្តក្រចេះ ទៅខេត្តកំពង់ធំ ដែលមានភាពប្រទាក់ក្រឡាគ្នាជាមួយផ្លូវជាតិសំខាន់ៗ ។ ដូចជា៖ ត្រើយខាងលិចតភ្ជាប់ផ្លូវជាតិលេខ៦ ត្រង់ផ្លូវបំបែកកំពង់ថ្ម កំពង់ធំ ឆ្ពោះទៅកាន់ខេត្តសៀមរាប និងតភ្ជាប់តាមរយៈផ្លូវខេត្តលេខ២៧៩ ឆ្ពោះទៅកាន់ខេត្តកំពង់ចាម ។ ចំណែកឯត្រើយខាងកើតវិញនោះ គឺតភ្ជាប់ផ្លូវជាតិលេខ៧ ឆ្ពោះទៅកាន់ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងតភ្ជាប់ជាមួយផ្លូវជាតិលេខ៧៣ ដោយឆ្លងកាត់ស្រុកឆ្លូង ស្រុកតំបែរ ឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំ រួចតភ្ជាប់ទៅកាន់ផ្លូវជាតិលេ៧ឆ្ពោះទៅកាន់ខេត្តកំពង់ចាម ឬខេត្តព្រៃវែង រួចបន្តឆ្ពោះទៅរាជធានីភ្នំពេញ។ 

គម្រោងស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់ ត្រូវបានបើកការដ្ឋានសាងសង់ក្នុងខែមករា ឆ្នាំ២០២៣ ក្រោមកម្ចីសម្បទានរបស់រដ្ឋាភិបាលចិនក្នុងទំហំទឹកប្រាក់១១៤លានដុល្លារអាម៉េរិក​។​ ស្ពាននេះ ត្រូវបានសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ(SCG) និង ត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ប្រើប្រាស់រយៈពេល សាងសង់ចំនួន ៤២ខែ៕ 


អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

គង់ អារុណពុទ្ធីរិទ្ធ