ក្មេង៣នាក់​ស្លាប់​ ក្នុង​ហេតុការណ៍​អគ្គិភ័យ​មួយកន្លែងនៅខេត្តព្រះសីហនុ
  • ថ្ងៃព្រហស្បតិ៍ ទី៨ ខែឧសភា ឆ្នាំ២០២៥ ​​ ម៉ោង ៩:៥៣ នាទី ព្រឹក
ក្មេង៣នាក់​ស្លាប់​ ក្នុង​ហេតុការណ៍​អគ្គិភ័យ​មួយកន្លែងនៅខេត្តព្រះសីហនុ

ភ្នំពេញ៖ មនុស្ស៣នាក់ ពីអាយុ១៣-១៨ឆ្នាំ បានស្លាប់ក្នុងហេតុការណ៍គ្រោះអគ្គិភ័យមួយកន្លែង ស្ថិតក្នុងភូមិ​ព្រែកប្រស់ ឃុំ​ទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នា​យប់អធ្រាត្រថ្ងៃទី៧ ខែឧសភា។ ហេតុការណ៍នេះ​ បានកើតឡើងដោយសារការឆេះរថយន្តដឹកប្រេង១គ្រឿង រួចបន្តឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋចំនួន​២ខ្នង។​

TTN-Free-Banner-In-Article-PC

នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា ម្ចាស់ផ្ទះរងគ្រោះទី១ ឈ្មោះ អ៊ុត ភាព ភេទ​ស្រី អាយុ​៤៩​ឆ្នាំ មុខរបរកម្មកររោងចក្រ ផ្ទះសង់អំពីឈើដំបូលប្រក់សង្ក័សីមានទំហំទទឹង៤ម៉ែត្រ×បណ្ដោយ៦ម៉ែត្រ​។ 

 ម្ចាស់ផ្ទះរងគ្រោះមួយទៀតមាន​ ឈ្មោះ មន ភក្ដី ​អាយុ ៤០​ឆ្នាំ​ ត្រូវជាប្ដី និងប្រពន្ធឈ្មោះ​ បាត ស្រីមុំ ​អាយុ​៣៥​ឆ្នាំ មុខរបរលក់ដូរ។ អ្វីដែលគួរឱ្យសោកសង្រេងនោះ គឺម្ចាស់ផ្ទះរងគ្រោះទី២បានបាត់បង់ជីវិតកូនចំនួន៣នាក់ ដែលមានអាយុចន្លោះពី១៣ឆ្នាំ-១៨ឆ្នាំ ខណៈភរិយាវ័យ៣៥ឆ្នាំ រងរបួសស្រាល។​ ផ្ទះជនរងគ្រោះនេះ គឺត្រូវបានធ្វើឡើងដោយដំបូលប្រក់សង្ក័សី មានទំហំទទឹង៧ម៉ែត្រ×បណ្ដោយ១៥ម៉ែត្រ ក៏បានឆេះអស់ទាំងស្រុងនៅក្នុង​គ្រោះអគ្គិភ័យនោះ​ដែរ។​

បើតាមប្រភពដដែល មូលហេតុនៃ​សោកនាដកម្មនេះ គឺមកពី​កូនប្រុសវ័យ១៧ឆ្នាំរបស់ម្ចាស់រងគ្រោះ ឈ្មោះ ភក្តី គារ៉ា បានបង្ហូរសាំងដាក់ប៊ីដុងពីរថយន្តដឹកប្រេង ដែល​អ្នកបើកបររថយន្តរបស់ក្រុមហ៊ុន CLEAN ENERGlES បានបង្ហូរសាំងលក់ឱ្យទៅម្ចាស់ផ្ទះខាងលើ រួចរូបគេបានបង្ហូរសាំងបាន២ប៊ីដុង ក៏លើកយកមកទុកក្នុងផ្ទះ។ បន្ទាប់មក រូបគេក៏បានបង្ហូរសាំងបន្ថែមទៀត ទើបតែបានកន្លះប៊ីដុង ស្របពេលដែលម្ដាយរបស់ខ្លួនកំពុងអាំងងាវហូបនៅពីមុខផ្ទះ ភ្លាមៗនោះស្រាប់តែឆាបឆេះជាអគ្គិភ័យកើតឡើងតែម្ដង។

ក្នុងហេតុការណ៍ខាងលើនេះ ក្រៅតែធ្វើឱ្យក្មេងបាត់បង់ជីវិត៣នាក់ហើយនោះ ក៏បានបំផ្លាញនូវទ្រព្យសម្បត្តិច្រើន​ដែរ ក្នុងនោះមានរថយន្តដឹកប្រេង១គ្រឿង ផ្ទះ២ខ្នង ម៉ូតូ៥គ្រឿង និងទ្រព្យសម្បត្តិមួយចំនួនទៀត ដែលគិតជាប្រាក់ប្រមាណ៥ម៉ឺនដុល្លារ៕


អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

សារព័ត៌មានថ្មីៗ