ABA ពង្រឹងការគាំទ្រកិច្ចការមនុស្សធម៌តាមរយៈការបរិច្ចាគ ១០០,០០០ ដុល្លារ ជូនកាកបាទក្រហមកម្ពុជា
  • ថ្ងៃព្រហស្បតិ៍ ទី៨ ខែឧសភា ឆ្នាំ២០២៥ ​​ ម៉ោង ១០:០៩ នាទី ព្រឹក
ABA ពង្រឹងការគាំទ្រកិច្ចការមនុស្សធម៌តាមរយៈការបរិច្ចាគ ១០០,០០០ ដុល្លារ ជូនកាកបាទក្រហមកម្ពុជា

ABA ដែលជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា និងជាសាជីវកម្មមានទំនួលខុសត្រូវសង្គមដ៏សកម្ម បានចូលរួមវិភាគទានសប្បុរសធម៌ ១០០,០០០ ដុល្លារអាមេរិក ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី ១៦២ ទិវាពិភពលោកកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ ២០២៥។

ការរួមចំណែកនេះ នឹងដើរតួយ៉ាងសំខាន់ក្នុងការគាំទ្របេសកកម្មកាកបាទក្រហមកម្ពុជា ដើម្បីជួយដល់កិច្ចការសង្គ្រោះពេលមានគ្រោះមហន្តរាយ ការងារសុខាភិបាល និងសេវាសុខុមាលភាពសង្គម ទូទាំងប្រទេស។ មិនថាគ្រោះមហន្តរាយប្រភេទណា នៅតំបន់ដាច់ស្រយាលប៉ុនណា កាកបាទក្រហមកម្ពុជា តែងតែស្វះស្វែងឆ្លើយតបជូនប្រជាពលរដ្ឋ ដែលត្រូវការបំផុត។ 



ពិធីប្រគល់ថវិកាសប្បុរសធម៌នេះធ្វើឡើងក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា លោកស្រី ធាម រមណីយ អគ្គនាយិការងប្រតិបត្តិ និងនាយិកាទំនាក់ទំនងគូភាគី-ប្រធានគ្រប់គ្រងតំបន់ និងគណៈគ្រប់គ្រងជាន់ខ្ពស់ជាច្រើនរូបទៀត នៅស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ។

លោកស្រី ធាម រមណីយ មានប្រសាសន៍ថា «យើងខ្ញុំមានកិត្តិយស ដែលបានរួមចំណែកគាំទ្រដល់កិច្ចការរបស់កាកបាទក្រហម ដែលបន្តផ្លាស់ប្តូរជីវិតប្រជាពលរដ្ឋកម្ពុជាជាច្រើន។ បេសកកម្មដែលគួរឲ្យកោតសរសើរទាំងនេះ បង្ហាញយ៉ាងច្បាស់អំពីស្មារតីមនុស្សធម៌ និងការខិតខំប្រឹងប្រែង ក្នុងការផ្តល់ជំនួយសង្គ្រោះបន្ទាន់ និងលើកកម្ពស់សុខភាព។» 

លោកស្រីក៏បានបន្ថែមថា «នៅធនាគារ ABA យើងខ្ញុំជឿជាក់ទៅលើការរួបរួមនៃសហគមន៍ ហើយយើងខ្ញុំនឹងបន្តគាំទ្រកាកបាទក្រហមកម្ពុជា ក្នុងការបង្កើនលទ្ធផលវិជ្ជមានតាមរយៈការផ្តួចផ្តើមកិច្ចការសប្បុរសធម៌នានា។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅ ដល់កាកបាទក្រហមកម្ពុជា និងក្រុមការងារជួរមុខ ក្នុងការលើកកម្ពស់ភាពធន់ក្នុងប្រទេស។»

បង្កើតឡើងក្នុងឆ្នាំ ១៩៥៥ កាកបាទក្រហមកម្ពុជា បានក្លាយជាអង្គការមនុស្សធម៌ដ៏ធំបំផុតនៅកម្ពុជា។ ក្នុងនាមជាដៃគូសហការយូរអង្វែងរបស់កាកបាទក្រហមកម្ពុជា ABA តែងតែគាំទ្រសេវាសង្គ្រោះក្នុងពេលមហន្តរាយ កិច្ចការសុខាភិបាល និងសុខុមាលភាពសង្គម តាំងពីឆ្នាំ ២០០៥។ ជាក់ស្តែង កម្មវិធីរួមគ្នារវាងធនាគារ ABA និងកាកបាទក្រហមកម្ពុជា កន្លងទៅនេះ ប្រព្រឹត្តទៅកាលពីអំឡុងខែតុលា ឆ្នាំ ២០២៤ ដែលក្រុមការងារ ABA និងគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តតាកែវ បានចូលរួមប្រគល់អំណោយជូនប្រជាពលរដ្ឋចំនួន ៥៥ គ្រួសារ ដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយ។ 





(អត្ថបទពាណិជ្ជកម្ម)

អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

ប៉េង សុងឡេង