ទៅដល់ទីម័រឡេស្តេ សម្តេច ហ៊ុន សែន មាន​ប្រធានាធិបតីបើក​ឡាន​ដោយផ្ទាល់ និងនាយករដ្ឋមន្ត្រីឈរអម
  • ថ្ងៃព្រហស្បតិ៍ ទី៨ ខែឧសភា ឆ្នាំ២០២៥ ​​ ម៉ោង ១០:៤១ នាទី ព្រឹក
ទៅដល់ទីម័រឡេស្តេ សម្តេច ហ៊ុន សែន មាន​ប្រធានាធិបតីបើក​ឡាន​ដោយផ្ទាល់ និងនាយករដ្ឋមន្ត្រីឈរអម

ក្រោយបញ្ចប់ទស្សនកិច្ចការងាររយៈពេល​៣ថ្ងៃនៅឥណ្ឌូណេស៊ី សម្តេច ហ៊ុន សែន បន្ត​ទៅបំពេញទស្សនកិច្ច​ផ្លូវការ​២ថ្ងៃបន្ថែមទៀតនៅ​ទីម័រឡេស្តេ (ទីម័រខាងកើត)។ ទៅដល់អាកាសយានដ្ឋាន​អន្តជាតិ នីកូឡៅ លូបាតូ នាទីក្រុងឌីលី កាលពីល្ងាច​ថ្ងៃទី៧ ខែឧសភា ប្រធានព្រឹទ្ធសភាកម្ពុជា ទទួលបាន​នូវ​បដិសណ្ឋារកិច្ច​យ៉ាងកក់ក្តៅពីសំណាក់ថ្នាក់ដឹកនាំ​ទីម័រឡេស្តេ។ លោកប្រធានាធិបតី ចូ ហ្សេ រ៉ាមូស អរតា ជាអ្នក​បើក​រថយន្តដោយ​ផ្ទាល់​ជូន​ដំណើរសម្តេច ហ៊ុន សែន ទៅកាន់សណ្ឋាគារ​ ហើយលើរថយន្ត​បើក​ដំបូលនោះ មានការឈរអម​ពីសំណាក់​លោកនាយករដ្ឋមន្ត្រី កៃ រ៉ាឡា សាណាណា ហ្គូសម៉ៅ ដែល​ជា​​ស្ថាបនិក​រដ្ឋទីម័រឡេស្តេ។

TTN-Free-Banner-In-Article-PC

«សម្តេច ហ៊ុន សែន, មិត្តល្អម្នាក់ មិត្តដ៏ល្អ​បំផុត​ម្នាក់ មកលេងយើង»។ លោកប្រធានាធិបតីទីម័រឡេស្តេ ចូហ្សេ រ៉ាមូដ អរតា (José Ramos Horta) បានសរសេរយ៉ាងដូច្នេះ​នៅលើបណ្តាញសង្គមរបស់ខ្លួន ភ្ជាប់ដោយ​រូបថត​ប្រមាណ​២០សន្លឹក​អំពីបដិសណ្ឋារកិច្ច​ស្វាគមន៍សម្តេច ហ៊ុន សែន តាំងពីអាកាសយានដ្ឋាន។

ជាមួយនឹង​បង្ហាញឱ្យឃើញ​ទិដ្ឋភាពលោក​បើករថយន្តដោយផ្ទាល់ លោក ចូហ្សេ រ៉ាមូដ អរតា ដែលជាម្ចាស់ជ័យលាភីណូបែលសន្តិភាព​កាលឆ្នាំ១៩៩៦ បាន​លើកឡើងថា សម្តេច ហ៊ុន សែន​ ជាអ្នករំដោះ និងស្ថាបនិកកម្ពុជានាសម័យទំនើប ដែលបានដឹកនាំពលរដ្ឋខ្លួនរួចផុតពីរបបប្រល័យពូជសាសន៍ ឆ្ពោះទៅរកសន្តិភាព និងវិបុលភាព។

នៅតាមដងផ្លូវ ចេញពីអាកាសយានដ្ឋាន វត្តមាន​សម្តេច ហ៊ុន សែន ទទួលបាននូវការស្វាគមន៍ និងស្រែកអបអរសាទរ យ៉ាងច្រើនកុះករ ពីសំណាក់ពលរដ្ឋ និងសិស្សានុសិស្ស​ទីម័រឡេស្តេ។ សម្រាប់ថ្នាក់ដឹកនាំ​ទីម័រឡេស្តេ សម្តេច ហ៊ុន សែន ជាឥស្សរជនសំខាន់បំផុត ដែលបានផ្តល់កិត្តិយសធំបំផុតដល់ថ្នាក់ដឹកនាំ និងប្រជាជនទីម័រឡេស្តេ។

ក្នុងអំឡុងទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ សម្តេច ហ៊ុន សែន មានជំនួបដាច់ដោយឡែកពីគ្នា ជាមួយ លោកប្រធានាធិបតី ចូហ្សេ រ៉ាមូស អរតា, លោកនាយករដ្ឋមន្ត្រី កៃ រ៉ាឡា សាណាណា ហ្គូសម៉ៅ និង​លោកស្រី ម៉ារៀ ហ្វើណាន់ដាឡៃ ប្រធានរដ្ឋសភាទីម័រឡេស្តេ។ 

ជាមួយគ្នា​នេះដែរ សម្តេចនឹងថ្លែងសុន្ទរកថា ក្នុងសម័យប្រជុំពិសេស នៅរដ្ឋសភាទីម័រឡេស្តេ និងផ្តល់បាឋកថាលើប្រធានបទស្តីពី «មេរៀនរបស់ ហ៊ុន សែន៖ ពីរបបប្រល័យពូជសាសន៍ និងភាពក្រីក្រឆ្ពោះទៅកាន់សេរីភាព និងវិបុលភាព» នៅវិមានប្រធានាធិបតី។

នារយៈពេល​ជាង​២ទសវត្សរ៍កន្លងមក សម្តេច ហ៊ុន សែន ទាំងក្នុងតួនាទីជានាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា តែងតែបង្ហាញការគាំទ្រ និងលើកទឹក​ចិត្តដល់រដ្ឋទីម័រឡេស្តេ ជាពិសេស​ការជំរុញ​ប្រទេស​ដ៏ថ្មីថ្មោង​មួយនេះ ចូលជាសមាជិកពេញសិទ្ធិ​របស់អាស៊ាន។ មេដឹកនាំ​ទីម័រឡេស្តេ ចាប់តាំងពី​ជំនាន់លោក កៃ រ៉ាឡា សាណាណា ហ្គូសម៉ៅ ដែលជាស្ថាបនិករដ្ឋ និងបច្ចុប្បន្នជានាយករដ្ឋមន្ត្រី តែងតែ​មានការដឹងគុណនិងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ​ជាមួយសម្តេច ហ៊ុន សែន។ 

​នាអំឡុងវត្តមាន​នៅទីម័រឡេស្តេផងដែរ សម្តេច ហ៊ុន សែន នឹងទទួលបាន​នូវការ​បំពាក់គ្រឿងឥស្សរិយយស Grand Collar of the Order of Timor-Leste ដែលជាឥស្សរិយយសកម្រិតខ្ពស់បំផុតនិងក៏ជាការផ្តល់កិត្តិយសដ៏ធំធេងបំផុតពីភាគីទីម័រឡេស្តេ​ ពីសំណាក់លោកប្រធានាធិបតី ចូហ្សេ រ៉ាមូស អរតា៕


អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

រួបរួម