Donnarumma ជាវីរបុរសជួយ PSG ឈ្នះ Arsenal ឡើងវគ្គផ្តាច់ព្រ័ត្រ UCL
  • ថ្ងៃព្រហស្បតិ៍ ទី៨ ខែឧសភា ឆ្នាំ២០២៥ ​​ ម៉ោង ១១:០៩ នាទី ព្រឹក
Donnarumma ជាវីរបុរសជួយ PSG ឈ្នះ Arsenal ឡើងវគ្គផ្តាច់ព្រ័ត្រ UCL

Gianluigi Donnarumma ស័ក្តិសមជាវីរបុរសរបស់ Paris St Germain តាមរយៈការជួយសង្គ្រោះបាល់ជាច្រើនលើកពីការស៊ុតរបស់កីឡាករ Arsenal ដើម្បីជួយក្រុមយក្សបារាំងឡើងវគ្គផ្តាច់ព្រ័ត្រ UEFA Champions League រដូវកាល ២០២៤-២៥។ សរុបទាំងពីរជើងក្រុមលោក Luis Enrique ឈ្នះក្រុមលោក Mikel Arteta ក្នុងលទ្ធផល ៣-១។

TTN-Free-Banner-In-Article-PC

មួយថ្ងៃបន្ទាប់ពីអ្នកចាំទីដ៏អស្ចារ្យ Yann Sommer បានជួយ Inter Milan ឈានដល់វគ្គផ្តាច់ព្រ័ត្រនៃក្របខណ្ឌក្លិបកំពូលអឺរ៉ុប អ្នកចាំទី Gianluigi Donnarumma ក៏បានក្លាយជាតួឯកក្នុងការនាំ Paris St Germain កក់សំបុត្រទៅកាន់ទីក្រុង Munich ប្រទេសអាល្លឺម៉ង់។

នៅជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី២ នៅកីឡាដ្ឋាន Parc des Princes រាត្រីថ្ងៃទី៧ ខែឧសភា ក្រុមម្ចាស់ផ្ទះ PSG រកបានគ្រាប់នាំមុខមុននៅនាទី២៧ ពីការស៊ុតបញ្ចូលទីរបស់កីឡាករ Fabian Ruiz។ មុនពេល Ruiz រកបាន១គ្រាប់ អ្នកចាំទីអន្តរជាតិអ៊ីតាលី Donnarumma សង្គ្រោះបាល់ដ៏អស្ចារ្យពីការស៊ុតដ៏ល្អរបស់កីឡាករកាំភ្លើងធំ Gabriel Martinelli និង Martin Odegaard។

ឈានដល់វគ្គទី២ ខ្សែការពារ Achraf Hakimi បន្ថែមគ្រាប់ទី២ នៅនាទី៧២ ឱ្យក្រុមយក្សបារាំង មុនពេល Bukayo Saka តាមបាន១គ្រាប់វិញនៅ៤នាទីបន្ទាប់។ Saka ទទួលបានឱកាសមាសដើម្បីរកបានគ្រាប់តាមស្មើ តែធ្វើមិនបានសម្រេច បន្ទាប់ពីទាត់បាល់ផុតរបាទី។ ចប់ការប្រកួត PSG ឈ្នះ Arsenal ២-១ នៅជើងទី២ និងសរុបទាំងពីរជើង ៣-១។

លោក Arteta អ្នកចាត់ការទូទៅកាំភ្លើងធំ ក៏ស្ងើចសរសើរ Donnarumma ចំពោះការរារាំងការបញ្ចប់ទីរបស់កូនក្រុមខ្លួន។

«ក្នុងការប្រកួតទាំងពីរជើង កីឡាករល្អបំផុតនៅលើទីលាន គឺជាអ្នកចាំទី។ Donnarumma បានធ្វើឱ្យមានការកែប្រែលទ្ធផលប្រកួតទាំងពីរលើក»។ នេះជាការលើកឡើងរបស់អ្នកចាត់ការសញ្ជាតិអេស្ប៉ាញ។

Donnarumma នឹងបង្ហាញខ្លួនក្នុងវគ្គផ្តាច់ព្រ័ត្រ Champions League លើកដំបូងខ្លួននៅពេល PSG ប៉ះ Inter Milan នៅរាត្រីថ្ងៃទី៣១ ខែឧសភា ក្នុងកីឡដ្ឋាន Allianz Arena របស់ក្លិប Bayern Munich។

ទាំង Donnarumma និង Yann Sommer អ្នកចាំទីសញ្ជាតិស្វ៊ីសរបស់ Inter Milan សុទ្ធតែជាអ្នកចាំទីបង្ហាញភាពលេចធ្លោរៀងខ្លួនក្នុងការជួយក្រុមឈានដល់វគ្គផ្តាច់ព្រ័ត្រជើងឯកកំពូលអឺរ៉ុប រដូវកាល ២០២៤-២៥​ នេះ៕


អ្នកសរសេរអត្ថបទ

មុំ ពិទូរ្យ ការីនិពន្ធព័ត៌មាន​កីឡា​។​ ​ ​​​

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

មុំ ពិទូរ្យ