ពន្ធដារ​ ប្រមូលចំណូលឱ្យជាតិបានជាង ១ ២០០លានដុល្លារ ក្នុងត្រីមាសទី១
  • ថ្ងៃព្រហស្បតិ៍ ទី៨ ខែឧសភា ឆ្នាំ២០២៥ ​​ ម៉ោង ១២:៤០ នាទី រសៀល
ពន្ធដារ​ ប្រមូលចំណូលឱ្យជាតិបានជាង ១ ២០០លានដុល្លារ ក្នុងត្រីមាសទី១
លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។ រូបថត៖ GTD

ភ្នំពេញ៖  អគ្គនាយកដ្ឋានពន្ធដារ ប្រមូលពន្ធអាករគ្រប់ប្រភេទចូលក្នុងកញ្ចប់ថវិកាជាតិបានចំនួន ៥ ០២៨,០១ពាន់លានដុល្លារ (ប្រមាណ ១ ២៥៣,៨៧លានដុល្លារអាម៉េរិក) នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥។ ចំណូលនេះ គឺស្មើនឹង៣០,៨៨ភាគរយ នៃផែនការកំណត់ក្នុងច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥។​ នេះបើយោងតាមព្រឹត្តិបត្រពន្ធដារ ត្រីមាសទី១ ដែលអគ្គនាយកដ្ឋានពន្ធដារទើបចេញផ្សាយសាធារណៈនាថ្ងៃទី៨ ខែឧសភា។​
TTN-Free-Banner-In-Article-PC


អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ក្នុងចំណោមចំណូលដែលប្រមូលបាន១ ២៥៣,៨៧លានដុល្លារ គឺមាន ៤ ០៩២,៤១ពាន់លានរៀល ស្មើនឹង៨១,៣៩ភាពរយបានពីការប្រមូលពន្ធអាករពីអ្នកជាប់ពន្ធធំ។ សម្រាប់ចំណូលពីអ្នកជាប់ពន្ធមធ្យមវិញនោះ គឺពន្ធដារប្រមូលបាន៧៣៧,៩១ពាន់លានរៀល ស្មើនឹង១៤,៦៨ភាគរយ ខណៈចំណូលពន្ធអាការពីអ្នកជាប់ពន្ធតូច ប្រមូលបាន៣៣,៤៧ពាន់លានរៀល ស្មើនឹង០,៦៧ភាគរយ។​

ក្នុងរយៈពេលជាមួយគ្នានេះ ចំណូលអាករពីប្រភេទពន្ធផ្សេងៗ (ពន្ធលើថ្លៃឈ្នួលអចលនទ្រព្យ ពន្ធលើអចលនទ្រព្យ និងពន្ធផ្សេងៗ) អគ្គនាយកដ្ឋានប្រមូលបាន១៦៤,២០ពាន់លានរៀល ស្មើនឹង៣,២៧ភាគរយ នៃចំណូលអាករសរុប នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥។​

ប្រភេទចំណូលពន្ធសំខាន់ៗដែលពន្ធដារប្រមូលបានសម្រាប់ទ្រទ្រង់ការចំណាយរបស់រដ្ឋាភិបាលនោះ មាន ពន្ធលើប្រាក់ចំណូលចំនួន ២ ៣៣២,៧០ពាន់លានរៀល អាករលើតម្លៃបន្ថែមចំនួន ៩០២,៤០ពាន់លានដុល្លារ អាការពិសេសចំនួន ២០៤ពាន់លានរៀល ពន្ធប្រថាប់ត្រាសរុប( ផ្ទេរកម្មសិទ្ធិកាន់កាប់អចលនទ្រព្យ)ចំនួន១៤៤,២៥ពាន់លានរៀល។ ពន្ធកាត់ទុកទូទៅចំនួន ៨៥៤,៩៥ពាន់លានរៀល និងចំណូលពន្ធផ្សេងៗមានចំនួន១៨៣,៣៦ពាន់លានរៀល។    

ព្រឹត្តិបត្រពន្ធដារបានបង្ហាញយ៉ាងលម្អិតថា រយៈពេល៣ខែដើម ឆ្នាំ២០២៥ ចំណូលពន្ធពីសកម្មភាពកម្មន្តសាល សកម្មភាពសេវាហិរញ្ញវត្ថុនិងធានារ៉ាប់រង និងអាហរ័ណ-នីហរ័ណ គឺជាចំណូលពន្ធចម្បង និងលេចធ្លោជាងគេ។  ក្នុងនោះ ចំណូលពន្ធអាករពីចំណូលពន្ធពីសកម្មភាពកម្មន្តសាលមានចំនួន ៩២៥,៧៧ពាន់លានរៀល, សកម្មភាពសេវាហិរញ្ញវត្ថុនិងធានារ៉ាប់រងមានចំនួន ១ ២៥៤,៨២ពាន់លានរៀល និងចំណូលពន្ធអាករពីសកម្មភាពនីហរ័ណ-អាហរ័ណមានចំនួន ៦៤៩,៦៣ ពាន់លានរៀល។ 

ជាមួយគ្នានេះ ចំណូលពន្ធពីសកម្មភាពដែលមានការកើនឡើងគួរឱ្យកត់សម្គាល់ផងនោះ  គឺចំណូលពន្ធអាករបានមកពីការផ្គត់ផ្គង់អគ្គិសនី ចំហាយទឹក និងខ្យល់ត្រជាក់ បើធៀបនឹងរយៈពេលនិងសកម្មភាព ដូចគ្នានៃឆ្នាំ២០២៤ កើនឡើងចំនួន ៤០,៩៧ ប៊ីលានរៀល ស្មើនឹង ៨១,១៧ភាគរយ។ ចំណូលពន្ធអាករបានមកពីប្រតិបត្តិការ និងអាជីវកម្មធនធានរ៉ែ បើធៀបនឹងរយៈពេលនិងសកម្មភាពដូចគ្នា នៃឆ្នាំ២០២៤ កើនឡើងចំនួន ១៤,៧៧ពាន់លានរៀល ស្មើនឹង ៥៣,២០ភាគរយ៕ 

 

អ្នកសរសេរអត្ថបទ

កញ្ញា អ៊ូ សុខមាន (OU Sokmean) បានចូលធ្វើការងារនៅស្ថាប័នសារព័ត៌មានឌីជីថលថ្មីៗ នៅឆ្នាំ២០១៨។ កញ្ញាមានជំនាញ​ផ្នែក​ព័ត៌មាន​សេដ្ឋកិច្ច កសិកម្ម និង​ផលិត​វីដេអូតាមទូរសព្ទដៃ (MOJO)។ បច្ចុប្បន្ន សុខមាន មានតួនាទីជានិពន្ធនាយិការង៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

អ៊ូ សុខមាន