- ថ្ងៃព្រហស្បតិ៍ ទី៨ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ៦:៥៩ នាទី ល្ងាច

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា ធ្វើយុទ្ធនាការសុវត្ថិភាពចំណីអាហារក្នុងសាលារៀន ក្រោមប្រធានបទ «សុខភាពកុមារ និងជាតិដែក» ដើម្បីកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកលើកុមារ និងផ្សព្វផ្សាយការអនុវត្តសុវត្ថិភាពចំណីអាហារតាមសាលារៀននៅកម្ពុជា។ យុទ្ធនាការនេះ ត្រូវបានធ្វើឡើងក្រោមវត្តមានលោកហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ នាថ្ងៃទី៧ ខែឧសភា។
យុទ្ធនាការសុវត្ថិភាពចំណីអាហារក្នុងសាលារៀនក្រោមប្រធានបទ «សុខភាពកុមារ និងជាតិដែក» គឺជាគំនិតផ្តួចផ្តើមរួមគ្នា ដោយក្រសួងអប់រំ និងក្រុមហ៊ុន Danone ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដើម្បីរួមគ្នាកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកលើកុមារ។ បើសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំក្រុមហ៊ុនគាំទ្រ និងបន្តកិច្ចសហការជាមួយក្រសួងអប់រំ ក្នុងការចូលរួមកាត់បន្ថយភាពស្លេកស្លាំង ដោយសារកង្វះជាតិដែក ដើម្បីធានាបានថា កុមារទទួលបានអ្វីដែលល្អបំផុត តាមរយៈការបង្កើនចំណេះដឹង ការត្រួតពិនិត្យភាពស្លេកស្លាំង និងការផ្តល់អាហារូបត្ថម្ភមានជាតិដែក និងវីតាមីនស៊ី។ ទាំងនេះជាដំណោះស្រាយសុខភាព ដែលអាចជួយឱ្យកុមារលូតលាស់បានយ៉ាងពេញលេញ។
លោករដ្ឋមន្រី្តអប់រំ វាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនបានយកចិត្តទុកដាក់លើកកម្ពស់សុខុមាលភាព និងសុខភាពប្រជាជនកម្ពុជា ក៏ដូចជាសិស្សានុសិស្ស តាមរយៈយុទ្ធនាការសុវត្ថិភាពចំណីអាហារតាមសាលារៀន។ លោក ហង់ជួន ណារ៉ុន ជឿជាក់ថា ការណ៍នេះ នឹងផ្តល់ការអប់រំទៅដល់គណៈគ្រប់គ្រងសាលារៀន លោកគ្រូ អ្នកគ្រូ មាតាបិតា សិស្សនុសិស្ស និងសាធារណជនឱ្យកាន់តែយល់ដឹងអំពីការបង្កើតទម្លាប់បរិភោគអាហារប្រចាំថ្ងៃ ៣ក្រុម។ នោះគឺ អាហារថាមពល អាហារសាងសង់ និងអាហារការពារ (តិចខ្លាញ់ តិចអំបិល តិចស្ករ)។
លោក Danish Rahman នាយកគ្រប់គ្រងទូទៅក្រុមហ៊ុន Danone ប្រចាំតំបន់អាស៊ីអាគ្នេយ៍។
ជាមួយគ្នានេះ សាធារណជនកាន់តែយល់ដឹងអំពី អាហារូបត្ថម្ភមានជាតិដែក និងវីតាមីនស៊ី រួមទាំងការចៀសវាងនូវភេសជ្ជៈផ្អែម។
« យុទ្ធនាការសុវត្ថិភាពចំណីអាហារតាមសាលារៀន នឹងក្លាយជាវេទិកាមួយយ៉ាងសំខាន់ នៃការលើកកម្ពស់ការយល់ដឹងរបស់សិស្សលើផ្នែកសុវត្ថិភាពចំណីអាហារ សម្រាប់ការវិនិយោគរយៈពេលវែងលើការអភិវឌ្ឍធនធានមនុស្ស»។ នេះជាការលើកឡើងរបស់លោក ហង់ជួន ណារ៉ុន ដោយមើលឃើញយុទ្ធនាការនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខភាពកុមារ និងជាតិដែក ការប្រយុទ្ធប្រឆាំងនឹងបញ្ហាកង្វះអាហារូបត្ថម្ភ ភាពស្លេកស្លាំង និងការជំរុញភាពលូតលាស់ ក្នុងគោលដៅកសាងមូលធនមនុស្សជំនាន់ក្រោយប្រកបដោយសុខភាព ការអប់រំ និងភាពធន់ដែលនឹងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមប្រកបដោយគុណភាព និងចីរភាព។
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា
គួរជម្រាបថា ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងវិធានការគន្លឹះរបស់ប្រមុខរដ្ឋាភិបាលសម្តេច ហ៊ុន ម៉ាណែត លើវិធានការទី៣ «ការថែរក្សាសុខភាពសិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភរបស់កុមារ និងការត្រួតពិនិត្យគុណភាពអាហារនៅតាមសាលារៀន» ក្រសួងបានដាក់ចេញនូវគោលនយោបាយជាច្រើន ដើម្បីធានាបានសុវត្ថិភាពចំណីអាហារ និងអាហារូបត្ថម្ភ ព្រមទាំងគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍មូលដ្ឋាន សំដៅឆ្លើយតបទៅនឹងបញ្ហាកង្វះអាហារូបត្ថម្ភ អសន្តិសុខស្បៀងក្នុងគ្រួសារនិងសហគមន៍ ការជំរុញភាពលូតលាស់ និងដើម្បីលើកកម្ពស់ការសិក្សារបស់កុមារ។ ក្នុងនោះ មាននូវគោលនយោបាយស្តីពី «សុខភាពសិក្សា« «អាហារូបត្ថម្ភ»និង «ការផ្តល់អាហារតាមសាលារៀន ឆ្នាំ២០២៤-២០៣៥« ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ស្របតាម «ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គមឆ្នាំ២០២៥»៕
អ្នកសរសេរអត្ថបទ
